លោក ហេង សំរិន ជាប្រធានរដ្ឋសភាជាតិ បានប្រកាសអំពីមូលហេតុដកអភ័យឯកសិទ្ធិលោក ចាន់ ចេង នេះថា ដោយសារតែកាលពីថ្ងៃទី៩ ខែធ្នូ រដ្ឋសភាបានទទួលលិខិតមួយច្បាប់ពីក្រសួងយុត្តិធម៌ស្នើសុំឲ្យដកអភ័យឯកសិទ្ធិលោក ចាន់ ចេង ពីព្រោះលោក ចាន់ ចេង បានផ្ដល់មធ្យោបាយឲ្យជនត្រូវចោទលួចរត់ចេញពីពន្ធនាគារ។
លោក ហេង សំរិន៖ «មាត្រា៧ ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រ បានចែងថា តំណាងរាស្ត្រណាបានប្រព្រឹត្តល្មើសព្រហ្មទណ្ឌនឹងអាចអនុញ្ញាតបើកឲ្យធ្វើការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ការឃុំខ្លួនតាមច្បាប់ និងនីតិវិធីបានលុះត្រាមានការលើកអភ័យឯកសិទ្ធិជាមុនសិន»។
តាមគម្រោងរដ្ឋសភាជាតិលើកយករបៀបវារៈចំនួន ៤ មកពិភាក្សា និងអនុម័តក្នុងការប្រជុំលើកនេះ។ ប៉ុន្តែរបៀបវារៈដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រនេះ គេលើកយកមកអនុម័តមុនគេ។
នៅបន្ទាប់ពីសមាជិករដ្ឋសភាដែលភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា បានលើកដៃសម្រេចគាំទ្រលើការដកអភ័យឯកសិទ្ធិលោក ចាន់ ចេង គេសង្កេតឃើញក្រុមអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានដើរចេញពីបន្ទាប់ប្រជុំរបស់រដ្ឋសភា ហើយបានធ្វើសន្និសីទសារព័ត៌មាននៅមុខមន្ទីររដ្ឋសភាភ្លាមៗ ដោយបញ្ចេញប្រតិកម្មឆ្លើយតបទៅនឹងការសម្រេចដកអភ័យឯកសិទ្ធិសមាជិករបស់ខ្លួននោះ។
លោក សុន ឆ័យ ជាប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានចោទប្រកាន់ថា ការដកអភ័យឯកសិទ្ធិលោក ចាន់ ចេង នេះ ជារឿងនយោបាយ។ លោកបានលើកឡើងថា រដ្ឋសភាកម្ពុជា មិនមែនជាស្ថាប័នឯករាជ្យនោះឡើយ វាជាស្ថាប័នប្រថាប់ត្រា។
លោក សុន ឆ័យ៖ «នៅក្នុងគោលការណ៍ច្បាប់មិនមានអ្នកណាមានទោសមុនតុលាការកាត់ទោសទេ។ ការសម្រេចរបស់សម្ដេច ហេង សំរិន គឺជាការខុសច្បាប់តែម្ដង ដូច្នេះហើយបានជាយើងសុំឲ្យបង្កើតគណៈកម្មការចម្រុះ ដើម្បីធ្វើការស៊ើបអង្កេតមុននឹងការដកអភ័យឯកសិទ្ធិឯកឧត្ដម ចាន់ ចេង»។
រដ្ឋសភាជាតិបានដកអភ័យឯកសិទ្ធិ លោក ចាន់ ចេង នេះ នៅបន្ទាប់ពីចៅក្រមសាលាដំបូងខែត្រកណ្ដាល លោក លឹម សុគន្ថា បានដាក់លិខិតប្ដឹងទៅក្រសួងយុត្តិធម៌ ប្ដឹងលោក ចាន់ ចេង ថា ជាអ្នកផ្ដល់មធ្យោបាយឲ្យជនជាប់ឃុំឈ្មោះ មាស ប៉េង លួចរត់ពីពន្ធនាគារខែត្រកណ្ដាល។
ទាក់ទងទៅនឹងការចោទប្រកាន់នេះ មេធាវីរបស់លោក មាស ប៉េង គឺលោក ជូង ជូងី បានដាក់លិខិតទៅលោក ហេង សំរិន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ បានបំភ្លឺថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១ ក្ដីរបស់គាត់ គឺលោក មាស ប៉េង ចេញពីពន្ធនាគារខែត្រកណ្ដាល ដោយគ្មានការរារាំងពីឆ្មាំគុកទេ ពីព្រោះថា លោក មាស ប៉េង មិនមានដីកាឃុំខ្លួនពីចៅក្រមខែត្រកណ្ដាល លោក លឹម សុគន្ថា នោះទេ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានលើកឡើងថា មុននឹងដកអភ័យឯកសិទ្ធិតំណាងរាស្ត្រណាមួយនោះ ស្ថាប័នរដ្ឋសភាត្រូវតែធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ ហើយករណីដកអភ័យឯកសិទ្ធិតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ៤ កន្លងមកនេះ វារូបភាពនយោបាយ៖ «ទង្វើរបស់អ្នកដឹកនាំរដ្ឋសភាយកករណីនយោបាយមកលាយឡំ ហើយមានបំណងចង់បំបាត់សំឡេងអ្នកប្រជាធិបតេយ្យ»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី នៅក្នុងអាណត្តិទី៤ រដ្ឋសភាបានដកអភ័យឯកសិទ្ធិចំនួន ៤រូបហើយ ក្នុងនោះមានទាំងលោក សម រង្ស៊ី ប្រធានគណបក្សដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសផងដែរ។
លោក សុន ឆ័យ បានអះអាងថា គណបក្សប្រឆាំងបានដាក់លិខិតប្ដឹងទៅសហភាពអន្តរសភា (IPU) ដើម្បីសុំឲ្យគេពិនិត្យលើករណីដកអភ័យឯកសិទ្ធិលោក ចាន់ ចេង នេះ៕