សន្និសីទ​អន្តរជាតិ​ស្ដីពី​អាស៊ាន និង​រំលឹក​ខួប​លើក​ទី​១០

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ​ស្ដីពី​អាស៊ាន និង​រំលឹក​ខួប​លើក​ទី​១០ នៃ​សេចក្ដីថ្លែងការណ៍​រួម​ស្ដីពី​ដំណើរ​ការ​របស់​បណ្ដា​ភាគី ដែល​ជាប់​ពាក់ព័ន្ធ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

0:00 / 0:00

សន្និសីទ​នេះ ធ្វើ​ឡើង​នៅ​សណ្ឋាគារ​អាំង​កង់ទីណង់តាល់ (Intercontinental) ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​នូវ​ការ​យល់​ដឹង​បន្ថែម​ទៀត របស់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន និង​ស្វែងរក​យន្តការ​ដោះស្រាយ​រួម​គ្នា​មួយ ដើម្បី​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០១២។

តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ អង្គទូត និង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​មក​ពី​ចំនួន ៧ ប្រទេស បាន​កំណត់​យន្តការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​រួម​គ្នា នៅ​ក្នុង​សន្និសីទ​អន្តរជាតិ នៅ​ថ្ងៃ​ទី ២២ មីនា ឆ្នាំ ២០១២។

គេ​នឹង​ដាក់​ជូន​យន្តការ​ដោះស្រាយ ទៅ​ក្រសួង​ការបរទេស​កម្ពុជា នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​មក​ដល់​នៅ​ក្នុង​សប្ដាហ៍​នេះ។

នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព (CICP) លោក ឈៀង វណ្ណារិទ្ធ មាន​ប្រសាសន៍​ថា មធ្យោបាយ​ដោះស្រាយ គឺ​ជំរុញ​អោយ​មាន​កិច្ច​ពិភាក្សា​បន្ថែម​ទៀត ដើម្បី​សំរេច​ឲ្យ​បាន​ទៅ​នឹង​ការ​យល់​ព្រម​ទៅ​លើ​ក្រម​សីលធម៌ (Code of Conduct)។

ក្រម​សីលធម៌ (Code of Conduct) មាន​ន័យ​ថា ជា​ឧបករណ៍​ច្បាប់​មួយ​ដ៏​សំខាន់ ដើម្បី​ធានា​អោយ​មាន​ស្ថិរភាព និង​សន្តិភាព​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​ជំរុញ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​លើ​ផ្នែក​ផ្សេងៗ ទៀត ដូច​ជា​ផ្នែក​សេដ្ឋកិច្ច បរិស្ថាន វិទ្យាសាស្ត្រ​ផ្សេងៗ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​ឲ្យ​មាន​ការ​ទុក​ចិត្ត​គ្នា​រវាង​បណ្ដា​ប្រទេស​ជាប់​សមុទ្រ​មាន​ជម្លោះ​នេះ។

លោក ឈៀង វណ្ណារិទ្ធ៖ «ធនធាន គឺ​ជា​ប្រភព​នៃ​ជម្លោះ ពី​ព្រោះ​សមុទ្រ​ចិន​ខាង​ត្បូង គឺ​មាន​រ៉ែ មាន​ហ្គាស មាន​ប្រេង​កាត មាន​ត្រី​ច្រើន​ណាស់​អា​ហ្នឹង​១។ ទី​២ សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ចំណុច​ដែល​គេ​ហៅ​ថា ទៅ​ធ្វើ​នាវា​ចរ​សំខាន់​សំរាប់​ពាណិជ្ជកម្ម​អន្តរជាតិ»។

លោក ឈៀង វណ្ណារិទ្ធិ សង្ឃឹម​ថា កម្ពុជា​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្របសម្រួល​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន។

បណ្ឌិត រស់ ចន្រ្ទាបុត្រ ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​ឲ្យ​ដឹង​ថា អាស៊ាន​មិន​ទាន់​មាន​ឯកភាព​គ្នា​ទេ ក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដោយសារ​តែ​រឿង​ផល​ប្រយោជន៍​រៀង​ខ្លួន។ ប៉ុន្តែ កម្ពុជា​មិន​អាច​កាន់​ជើង​ភាគី​ណា​បាន​ទេ​នៅ​ក្នុង​បញ្ហា​ជម្លោះ​នេះ។

បណ្ឌិត រស់ ចន្រ្ទាបុត្រ៖ «សមាជិក​អាស៊ាន​ទាំង​ប្រាំ ដែល​មាន​បញ្ហា​ទាំង​អស់​នេះ ចង់​ដោះស្រាយ​ជា​ក្រុម គឺ​ថា​សំអាង​ថា បើ​កាល​ណា​ជា​ក្រុម វា​ជា​កំលាំង​មួយ ដែល​អាច​ទៅ​និយាយ​ជាមួយ​នឹង​ប្រទេស​ចិន»។

ទាក់ទង​ទៅ​នឹង​បញ្ញា​នេះ មន្ត្រី​កម្មវិធី​សិក្សា​យុទ្ធសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ នៃ​សកលវិទ្យាល័យ​ជាតិ​ម៉ាឡេស៊ី (UKM) លោក ឆិន ឆ្វី គូក (Cheng-Chwee KUIK) បាន​ពន្យល់​ថា ប្រទេស​ចិន​មាន​ការ​រីក​ចំរើន​ខាង​អំណាច​សេដ្ឋកិច្ច និង​កើន​ឡើង​សកម្មភាព​នៅ​ក្នុង​ដែន​សមុទ្រ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ជំរុញ​អោយ​រដ្ឋបាល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barak Obama) ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ នៅ​អាស៊ី​ខាង​ត្បូង និង​ជា​ស្នូល​ឆ្ពោះ​ទៅ​រក​យុទ្ធសាស្ត្រ​ជា​សកល​នៅ​អាស៊ី។

លោក​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ បាន​ជំរុញ​លើក​ទឹក​ចិត្ត​រដ្ឋ​តូចៗ នៅ​ក្នុង​តំបន់ ដើម្បី​ចង​សម្ពន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុង​ការ​បង្កើន​សន្តិសុខ​របស់​ពួក​គេ ខណៈ​ដែល​បន្ត​អភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេ​ភាគី​ជាមួយ​នឹង​ប៉េកាំង និង​ការ​ផ្លាស់​ប្ដូរ​ផែនទី​យុទ្ធសាស្ត្រ​ក្នុង​ចំណោម​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​នេះ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​វា​អាច​បង្ក​ទៅ​ដល់​ការ​រីក​រាលដាល​ជម្លោះ​កាន់​តែ​ធំ​នៅ​ក្នុង​តំបន់​អាស៊ាន ប្រសិន​បើ​គេ​មិន​រក​យន្តការ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់លាស់​ទេ​នោះ៕

កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បី​រក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែល​មិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។