លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសប្រកាសយុទ្ធសាស្ត្រចតុកោណសម្រាប់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៤ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០០៨ បានសន្យាធ្វើកំណែទម្រង់គ្រប់វិស័យ ពិសេសគឺធ្វើឲ្យមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ យុទ្ធសាស្ត្រចតុកោណ គឺផ្ដោតទៅលើអភិបាលកិច្ចល្អ ដែលចាំបាច់ត្រូវធ្វើកំណែទម្រង់ចំនួនបួនវិស័យ គឺការប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងច្បាប់ កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិស័យយោធា។
រដ្ឋាភិបាលកម្ពុជាអាណត្តិទី៣ បានកាត់បន្ថយអត្រាភាពក្រីក្រពីចំនួន ៤៧% នៅឆ្នាំ១៩៩៣ មកត្រឹម ៣៥% នៅឆ្នាំ២០០៤។ អត្រាភាពក្រីក្រនេះបានកាត់បន្ថយមកត្រឹមតែ ៣២% នៅឆ្នាំ២០០៧ ហើយអត្រាភាពក្រីក្រនេះបានធ្លាក់មកត្រឹមតែចំនួន ២៧,៤% នៅឆ្នាំ២០០៩។ ប៉ុន្តែរដ្ឋាភិបាលឲ្យដឹងថា អត្រាភាពក្រីក្រនៅតែមានកម្រិតខ្ពស់ក្នុងតំបន់ជនបទ ពិសេសគឺគំលាតអ្នកមាន និងអ្នកក្រនៅតំបន់ទីក្រុង និងជនបទនៅតែជាបញ្ហាចោទ។ លោក ហ៊ុន សែន កាលពីខែកញ្ញាឆ្នាំ២០១០ បានប្រកាសថា កម្ពុជាជាប្រទេសមានភាពជោគជ័យក្រោយពីសង្គ្រាម។ លោកឲ្យដឹងថាកាលពីឆ្នាំ១៩៩៣ ផលិតផលក្នុងស្រុក (GDP) មានតែប្រមាណ២ពាន់លានដុល្លារ ប៉ុន្តែកំណើនផលិតផលក្នុងស្រុកបានកើនឡើងទៅដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ២០០៩។
មន្ត្រីរដ្ឋាភិបាលកម្ពុជាឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃអាទិត្យ ទី៥ ធ្នូថា រដ្ឋាភិបាលបានកាត់បន្ថយអត្រាភាពក្រីក្របានជាង ១% ក្នុងមួយឆ្នាំៗ ប៉ុន្តែរដ្ឋាភិបាលសង្ឃឹមកំណើនសេដ្ឋកិច្ច និងកំណែទម្រង់របស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៤ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលកម្ពុជាអាចកាត់បន្ថយអត្រាភាពក្រីក្របានកាន់តែច្រើនថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងបានរិះគន់វិធានការណ៍របស់រដ្ឋាភិបាល ដោយមានភាពយឺតយ៉ាវក្នុងការកាត់បន្ថយភាពក្រីក្រ ដោយសារតែអំពើពុករលួយ ការខ្វះខាតធនធានមនុស្ស និងការការពារកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនៅតាមជនបទ។
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃអាទិត្យ ទី៥ ធ្នូ មានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយអត្រាភាពក្រីក្របានច្រើនជាង ១%ក្នុងមួយឆ្នាំៗ។ លោកបន្តទៀតថា ទោះបីអត្រាភាពក្រីក្រនៅកម្ពុជាមានរហូតទៅដល់ ២៧,៤% ក៏ដោយ ប៉ុន្តែកម្ពុជាមិនចាំបាច់រង់ចាំរហូតទៅដល់ ២៧ឆ្នាំ ដើម្បីកាត់បន្ថយភាពក្រីក្រឲ្យអស់នោះទេ។
លោក ផៃ ស៊ីផាន បានបន្ទោសការយឺតយ៉ាវក្នុងការកាត់បន្ថយភាពក្រីក្រ ដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០០៩។
ធនាគារពិភពលោកបានឲ្យដឹងថា កាលពីឆ្នាំ២០០៩ សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះ២% បើប្រៀបធៀបនិងកំណើនសេដ្ឋកិច្ចឆ្នាំ២០០៨ ដែលកាលនោះសេដ្ឋកិច្ចកម្ពុជាមានកំណើន ៧%។ ការធ្លាក់ចុះនេះដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្ដាលឲ្យប្រាក់ចំណូលនៃការនាំចេញសំលៀកបំពាក់ និងវិស័យទេសចរណ៍បានធ្លាក់ចុះ។ ប៉ុន្តែរបាយការណ៍របស់ធនាគារពិភពលោកផ្សាយកាលពីថ្ងៃទី១៩ តុលា ឆ្នាំ២០១០ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១០ មានចំនួន ៤,៩% ដោយសារតែការនាំចេញសំលៀកបំពាក់ និងវិស័យទេសចរណ៍បានកើនឡើងវិញ។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃអាទិត្យ ទី៥ ធ្នូ បានទទួលស្គាល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែគំលាតអ្នកមាន និងអ្នកក្រកាន់តែមានទំហំធំឡើងៗ។
លោក អ៊ូ វីរៈ ឲ្យដឹងថាការកាត់បន្ថយភាពក្រីក្រមានភាពយឺតយ៉ាវ ដោយសារតែប្រជាពលរដ្ឋខ្វះសេចក្ដីទុកចិត្តលើប្រព័ន្ធយុត្តិធម៌ និងនីតិរដ្ឋនៅកម្ពុជា ជាហេតុបណ្ដាលឲ្យប្រជាពលរដ្ឋខ្វះសេចក្ដីទុកចិត្តក្នុងការបង្កបង្កើនផលលើដីកសិកម្ម ដោយពួកគាត់គ្មានការទុកចិត្តថា កម្មសិទ្ធិដីរបស់គាត់នឹងមិនត្រូវបានគេរំលោភយក។
លោក អ៊ូ វីរៈ បន្ថែមទៀតថា ប្រសិនបើដីកសិកម្មរបស់ប្រជាពលរដ្ឋក្រីក្រ មិនត្រូវបានរឹបអូស និងមានវិធានការណ៍បំបាត់អំពើពុករលួយឲ្យមានប្រសិទ្ធភាពនៅកម្ពុជា រដ្ឋាភិបាលអាចកាត់បន្ថយភាពក្រីក្របានរហូតទៅដល់ចំនួន ៤% ឬ៥% ក្នុងមួយឆ្នាំៗ។
អង្គការស្បៀងអាហារពិភពលោក (World Food Program) បានពិពណ៌នាប្រទេសកម្ពុជាជាប្រទេសដែលប្រជាពលរដ្ឋមានចំណូលទាប និងជាប្រទេសមានឧនភាពផ្នែកស្បៀងអាហារ។ អង្គការនេះបានឲ្យដឹងថា ប្រជាជនកម្ពុជាប្រមាណ ៣០%រស់នៅក្រោមបន្ទាប់ភាពក្រីក្រ ក្នុងនោះពលរដ្ឋម្នាក់ក្នុងចំណោមបីនាក់ បានជួបប្រទះអសន្តិសុខស្បៀងអាហារ។ ប្រទេសកម្ពុជាជាប្រទេសដែលមានស្ថានភាពអាក្រក់បំផុតនៅក្នុងចំណោមប្រទេសអាស៊ី ហើយកម្រិតនៃភាពអត់ឃ្លានស្ថិតនៅភាពប្រកាសអាសន្ន។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី នៅថ្ងៃអាទិត្យ ទី៥ ធ្នូ បានឲ្យដឹងថា សន្ទុះនៃការកាត់បន្ថយអត្រាភាពក្រីក្រយឺត គឺបណ្ដាលមកពីអំពើពុករលួយនៅប្រទេសកម្ពុជា និងការបែងចែកផលនៃកំណើនសេដ្ឋកិច្ចមិនស្មើភាពគ្នា រវាងអ្នកមាន និងអ្នកក្រ។
លោក យឹម សុវណ្ណ បន្តទៀតថា ការរំលោភយកដីពីសំណាក់ក្រុមហ៊ុនដីសម្បទាន និងអ្នកមានអំណាច បានបណ្ដាលឲ្យប្រជាពលរដ្ឋបាត់ឱកាសក្នុងការបង្កបង្កើនផល។ លោកបន្តទៀតថា រដ្ឋាភិបាលកម្ពុជា ត្រូវតែផ្ដល់ឯកសារកម្មសិទ្ធិដីឲ្យប្រជាពលរដ្ឋឲ្យបានឆាប់ៗ ដើម្បីកាត់បន្ថយការរំលោភយកដី។
ឆ្លើយតបនឹងការចោទប្រកាន់ចំពោះភាពយឹតយ៉ាវរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ លោក ផៃ ស៊ីផាន បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំបាត់អំពើពុករលួយ តាមរយៈច្បាប់ប្រឆាំងអំពើពុករលួយ និងយុទ្ធសាស្ត្រនាំអង្ករចេញរបស់រដ្ឋាភិបាលកម្ពុជា។
របាយការណ៍របស់ធនាគារពិភពលោកស្ដីអំពីប្រវត្តិនៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០០៤ ដល់២០០៧ ដែលបានផ្សាយកាលពីឆ្នាំ២០០៩ បានបង្ហាញថា កំណើនសេដ្ឋកិច្ចនៅកម្ពុជាកាលពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៧ មិនបានជួយដល់ការកាត់បន្ថយភាពក្រីក្រនោះទេ ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះ បានធ្វើឲ្យមានគំលាតចំណូលរវាងអ្នកនៅទីក្រុងភ្នំពេញ និងអ្នកនូវជនបទ។ របាយការណ៍បន្តថា ការកាត់បន្ថយភាពក្រីក្រវានឹងមានភាពល្អប្រសើរ ប្រសិនបើអ្នកមាន ជាពិសេសអ្នកនៅភ្នំពេញ និងជាយក្រុងភ្នំពេញ មិនសូវទទួលបានប្រាក់ចំណូលច្រើនជាងអ្នកមិនសូវមានថវិកា និងអ្នកនៅជនបទ៕