លោកស្រី ម៉ារីយ៉ា ល្វីហ្សា រីបេរ៉ូ វីយ៉ូតូ (Maria Luiza Ribeiro Viotti) ដែលជាអគ្គរដ្ឋទូតនៃប្រទេសប្រេស៊ីល ជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែកុម្ភៈ បានឱ្យដឹងថា កម្ពុជា និងថៃ បានសរសេរមកកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីអំពីស្ថានភាពប្រទូសរ៉ាយគ្នាដោយអាវុធនៅជុំវិញប្រាសាទព្រះវិហារ ដែលបានបណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៧នាក់ ព្រមទាំងជំរុញឱ្យមនុស្សជាច្រើនពាន់នាក់ភៀសខ្លួនចេញពីលំនៅឋាន។
កម្ពុជាបានអំពាវនាវជាផ្លូវការដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សុំឱ្យចាត់វិធានការបន្ទាន់ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។
ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ឲ្យដឹងថា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នៅថ្ងៃច័ន្ទ ទី៧ ខែកុម្ភៈនេះ ក៏បានថ្លែងអំពាវនាវសុំឱ្យអង្គការសហប្រជាជាតិ ដាក់ពង្រាយកងទ័ពរបស់ខ្លួន ដើម្បីរៀបចំឱ្យមានតំបន់ទ្រនាប់មួយនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ ដែលកំពុងមានជម្លោះនោះ។ ប៉ុន្តែគេពុំបានដឹងឱ្យប្រាកដថា តើការស្នើសុំនេះ មានសរសេរជាលាយលក្ខណ៍អក្សរផ្ញើជូនទៅអង្គការសហប្រជាជាតិដែរ ឬយ៉ាងណា?
ថៃចង់ដោះស្រាយជម្លោះទ្វេភាគី
ចំពោះការស្នើសុំឱ្យមានអន្តរាគមន៍ពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរនេះ អ្នកឆ្លងឆ្លើយព័ត៌មានរបស់វិទ្យុអាស៊ីសេរី ប្រចាំនៅទីក្រុងបាងកក បានរាយការណ៍ឱ្យដឹងថា ភាគីថៃ បានបញ្ជាក់ថា កម្ពុជា និងថៃ ត្រូវតែរួមគ្នាស្វែងរកដោះស្រាយវិបត្តិនេះដោយខ្លួនឯង។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃច័ន្ទ ទី៧ ខែកុម្ភៈ នៅទីក្រុងបាងកក អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជារដ្ឋលេខាធិការក្រសួងការបរទេសថៃ លោក ផានិត ថាន់ វ៉ាត់ថាណាយ៉ាកន (Panitan Wattanayagorn) បានថ្លែងប្រាប់អ្នកកាសែតអំពីជំហររបស់ថៃ ក្នុងការដោះស្រាយវិបត្តិនេះ ៖ "យើងចង់រក្សារឿងនេះជាលក្ខណៈទ្វេភាគី ពីព្រោះយើងដឹងថា ប្រទេសទាំងពីរមានសក្ដានុពលក្នុងការដោះស្រាយបញ្ហានេះដោយខ្លួនឯង ដោយហេតុថា ភាគីទាំងសងខាងបានដឹងបញ្ហានេះច្បាស់ល្អជាងគេ"។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិថៃ បានថ្លែងអរគុណចំពោះការព្រួយបារម្ភរបស់មជ្ឈដ្ឋានអន្តរជាតិ។ ទន្ទឹមគ្នានោះ ក៏បានបង្ហាញពីជំហរស្វាគមន៍ និងរង់ចាំស្ដាប់សំណើរបស់សហគមន៍អន្តរជាតិ ដោយរួមទាំងការឱ្យមានអ្នកសម្របសម្រួលដើម្បីស្ដាប់ការពិតពីភាគីទាំងសងខាងក្នុងដំណើរការស្វែងរកដំណោះស្រាយនេះ។
នៅក្នុងសន្និសីទនោះដែរ លោក សានស៊ឺន កេវកាំណើត (Sansern Kaewkamnerd) អ្នកនាំពាក្យក្រសួងការពារជាតិថៃ បានអះអាងថា ហេតុការណ៍ប្រឈមមុខដាក់គ្នាដោយអាវុធកន្លងមកនេះ វាមិនមែនជាសង្គ្រាមរវាងប្រទេសនោះទេ ៖ "មូលហេតុនៃបញ្ហានេះ គឺបណ្ដាលមកពីមានការប៉ះទង្គិចគ្នាតូចតាចដោយអាវុធនៅកន្លែងជម្លោះតំបន់ត្រួតស៊ីគ្នានៃប្រទេសទាំងពីរ វាមិនមែនជាសង្គ្រាមរវាងប្រទេសទេ។ នៅពេលដែលឧប្បត្តិហេតុនោះចប់ទៅនៅពេលដ៏ខ្លីខាងមុខនេះ យើងមិនចង់ឱ្យវាប៉ះទង្គិចដល់ជីវិតពលរដ្ឋថៃ និងពលរដ្ឋខ្មែរនោះឡើយ"។
ទាក់ទងនឹងគ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃកន្លងមក ភាគីថៃ បានអះអាងថា រហូតមកដល់ពេលនេះ មានទាហានម្នាក់ និងជនស៊ីវិលម្នាក់ស្លាប់។
នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកុម្ភៈនេះ ប្រធានសមាគមអាស៊ាន លោកបណ្ឌិត ម៉ាទី ណាតាឡេហ្គាវ៉ា (Dr. Marty M. Natalegawa) នៃប្រទេសឥណ្ឌូណេស៊ី នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសខ្មែរ ហើយបន្ទាប់មកនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ នៅពេលល្ងាច៕