ស្ថានភាព​ប្រឈមុខ​គ្នា​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​នៅតែ​តានតឹង

ទាហាន​ខ្មែរ​នៅ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​នៅ​កន្លែង​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នៅ​មាន​ភាព​តានតឹង​នៅ​ឡើយ​ទេ ព្រោះ​ភាគី​ថៃ​បាន​បញ្ជូន​កង​កុម៉្មង់ដូ​ចូល​មក​បន្ថែម​ទៀត។

0:00 / 0:00

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ភូមិ​ខាង​ក្រោម​ប្រាសាទ​ត្រូវ​បាន​ទាហាន​ជម្លៀស​ចេញ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ។

មន្ត្រី​គណៈកម្មការ​ព្រំដែន​កម្ពុជា​បាន​អះអាង​ថា គណៈកម្មការ​ព្រំដែន​គោក​កម្ពុជា​ថៃ​នៅតែ​រក្សា​គម្រោង​ជួប​ប្រជុំ​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​សប្តាហ៍​ខាង​មុខ​ដដែល បើ​ទោះ​បី​ជា​មាន​ការប៉ះ​ប្រយុទ្ធ​គ្នា​រវាង​កង​ទាហាន​ខ្មែរ​ថៃ​នៅ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​ថ្មីៗ​ក៏​ដោយ។

ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៤ ខែ​មេសា ថា រហូត​មក​ដល់​ពេល​នេះ​ភាគី​ថៃ​មិន​បាន​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​នៃ​គម្រោង​ជួប​ប្រជុំ​គ្នា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ច័ន្ទ អង្គារ សប្តាហ៍​ក្រោយ​នោះ​ទេ។

លោក វ៉ា គឹមហុង បាន​បង្ហាញ​ប្រតិកម្ម​ចំពោះ​ការប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ដែល​អះអាង​ថា ទាហាន​ថៃ​បាន​បាញ់​បណ្តាល​ឲ្យ​ប៉ះពាល់​ជណ្តើរ​ប្រាសាទ​និង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ថា​គឺ​ជា​ការរំលោភ​ដែល​ថៃ​មិន​បាន​គោរព​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដែល​បាន​ព្រមព្រៀង​កាលពី​ឆ្នាំ​២០០២​កន្លង​មក​ដោយ​ឲ្យ​អ្វីៗ​នៅ​រក្សា​ស្ថានភាព​ដដែល ហើយ​ថា​នៅ​ក្នុង​ជំនួប​ប្រជុំ​ខាង​មុខ​កម្ពុជា​មាន​គម្រោង​នឹង​ទាមទារ​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ។

លោក វ៉ា គឹមហុង បាន​បញ្ជាក់​ថា ៖ «ធ្វើ​ដើម្បី​កុំ​ឲ្យ​មាន​ការប៉ះទង្គិច​គ្នា​ត្រូវតែ​រំសាយ​ទ័ព​ចេញ​ពី​កន្លែង​ហ្នឹង នៅ​ក្នុង​វត្ត ជុំវិញ​វត្ត នៅ​ផ្ទាល់​នឹង​ប្រាសាទ​ព្រះវិហារ។ យើង​ត្រូវតែ​រក្សា​ស្ថានភាព​ដដែល យើង​មិន​មែន​ចេះតែ​រំលោភ​លើ​បូរណភាព​គេ​ស្រេច​តែ​ចិត្ត​ទេ​ណា៎។ ខ្ញុំ​ជឿ​ថា​ប្រទេស​ថៃ​ជា​ប្រទេស​ដែល​គោរព​ច្បាប់ រឿង​អី​បាន​លោក​មិន​គោរព​ច្បាប់ ហើយ​គាត់​បាញ់​កន្លែង​ផ្សារ​ធ្វើ​ឲ្យ​ឆេះ​ផ្សារ ពិសេស​ប៉ះពាល់​នឹង​ជណ្ដើរ​ធំ​ឡើង​ប្រាសាទ​ព្រះវិហារ​យើង​ទៀត​ផង»

ចំណែក​នៅ​ឯ​តំបន់​ប៉ះ​ប្រយុទ្ធ​ជិត​ប្រាសាទ​ព្រះវិហារ​វិញ​នៅ​ថ្ងៃ​សៅរ៍​មាន​សភាព​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា​តឹងតែង​នៅ​ឡើយ។

តាម​ទាហាន​ខ្មែរ​ដែល​កំពុង​ត្រៀម​ប្រយុទ្ធ​នៅ​តំបន់​វាល​ឥន្ទ្រី​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថៃ​បាន​បញ្ជូន​កង​កុម្ម៉ងដូ​ជាង​មួយ​រយ​នាក់​ចូល​មក​ជិត​តំបន់​ប៉ះ​ប្រយុទ្ធ ៖ «កម្លាំង​វា​ឡើង​មក ដូរ​កម្លាំង កុម៉្មង់ដូ​វា​មក មក​ទាំង​ព្រឹក»

ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២០០​គ្រួសារ​នៅ​ភូមិ​ខាង​ក្រោម​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​កង​ទាហាន​ដឹក​ជម្លៀស​ចេញ​តាម​រថយន្ត​ហើយ​តាំង​តែ​ពី​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​សុក្រ។

ចំណែក​នៅ​ឯ​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ប៉ូលិស​ព្រំដែន​បាន​រាយការណ៍​ថា កងទ័ព​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​រាយ​បណ្តាក់​បន្ថែម​ទៀត​នៅ​ស្រប​ពេល​ដែល​វិបត្តិ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​នៅ​មិន​ទាន់​ធូរ​ស្រាល​នេះ។

ប៉ូលិស​ព្រំដែន​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «កម្លាំង​យើង​មក​យប់​មិញ វា​ស័ក្តិសម​ហើយ​ណា៎។ យើង​ត្រៀម​ទាំងអស់ ប្រុងប្រៀង​រង់ចាំ​បទបញ្ជា​តែ​ប៉ុណ្ណឹង​ទេ ហើយ​កម្លាំង​វា​ក៏​មាន​ការបន្ថែម​ដែរ​ណា៎»

សូម​រំឭក​ថា ការប៉ះ​ប្រយុទ្ធ​គ្នា​នៅ​វាល​ឥន្ទ្រី​ចង្កេះ​ភ្នំ​ទ្រព្យ​និង​មុខ​ប្រាសាទ​ព្រះវិហារ​កាលពី​ថ្ងៃ​សុក្រ​ពុំ​មាន​ការអះអាង​ថា​ទាហាន​ខ្មែរ​បាន​រង​របួស​និង​ស្លាប់​ទេ ក៏ប៉ុន្តែ​ការអះអាង​ក្រៅ​ផ្លូវការ​ពី​ទាហាន​ខ្មែរ​ថា ទាហាន​ថៃ​បាន​ស្លាប់​ចំនួន​២២​នាក់​និង​របួស​ជាង​៣០​នាក់ តែ​ទោះ​យ៉ាង​ណា​ការអះអាង​នេះ​បាន​ផ្ទុយ​គ្នា​នឹង​មន្ត្រី​ផ្លូវការ​របស់​ថៃ​ដែល​បាន​អះអាង​កាលពី​រសៀល​ថ្ងៃ​សុក្រ​ថា ទាហាន​របស់​ខ្លួន​បាន​ស្លាប់​២​នាក់​និង​របួស​១០នាក់៕