មេដឹកនាំ​ខ្មែរ​-ថៃ​ឯកភាព​បន្ត​ចរចា​ទ្វេ​ភាគី​​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​ប្រតិភូ​ជាន់ខ្ពស់​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​កញ្ញា បន្ទាប់​ពី​បាន​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-សហ​រដ្ឋ​ អាមេរិក នៅ​ក្នុង​ទីក្រុង​ញូវយ៉ក (New York) សហ​រដ្ឋ​អាមេរិក​រយៈ​ពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ។

0:00 / 0:00

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​កញ្ញា។

រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ប្រាក់ សុខុន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា នៅ​ឯ​អាកាស​យាន្តដ្ឋាន អន្តរ​ជាតិ​ភ្នំពេញ​ថា មេ​ដឹក​នាំ​ប្រទេស​កម្ពុជា និង​ថៃ បាន​ឯកភាព​បង្កើត​ខ្សែ​ទូរស័ព្ទ​ហៅ​បន្ទាន់​មួយ ឬ Hotline ដើម្បី​ដោះ​ស្រាយ​បញ្ហា​នានា ក្នុង​ស្ថាន​ការណ៍​បន្ទាន់ ៖ «ការ​ជៀស​វាង​ការ​ប្រឈម និង​ការ​ប៉ះ​ទង្គិច​ដោយ​កម្លាំង​ប្រដាប់​អាវុធ​នៅ​តាម​តំបន់​ព្រំដែន ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​កង​ទ័ព​បង្ហាញ​នូវ​ភាព​អត់ធ្មត់ ហើយ​រក្សា​នូវ​ទំនាក់​ទំនង​ល្អ ដែល​អង្គភាព​ជា​ច្រើន​បាន​កសាង​ជា​មួយ​គ្នា​កន្លង​ទៅ។ ជៀស​វាង​នូវ​ទំនាស់ ដែល​កើត​មាន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ រីក​រាល​ដាល​ទៅ​ដល់​ខ្សែ​បន្ទាត់​ព្រំដែន​ជា​ទូទៅ ឬ​ប៉ះ​ពាល់​ទៅ​ដល់​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ជា​ទូទៅ​ផង​ដែរ។»

លោក ប្រាក់ សុខុន បាន​មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា និង​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក អាភីស៊ិត វេត​ឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​ឯកភាព​គ្នា​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហ​រដ្ឋ​អាមេរិក​ថា ភាគី​ទាំង​២ រក្សា​បន្ត​ការ​ចរចា​ទ្វេ​ភាគី​ជា​បន្ត​ទៀត ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដោយ​ភាគី​កម្ពុជា​ ព្យួរ​ទុក​នូវ​ពាក្យ​បណ្ដឹង​របស់​ខ្លួន ស្ដី​អំពី​កង​ទ័ព​ថៃ​ឈ្លាន​ពាន​ទឹក​ខ្មែរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នៅ​ឯ​អង្គការ​សហ​ប្រជា​ជាតិ និង​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជា​ជាតិ។

ប្រទេស​កម្ពុជា កាល​ពី​ខែ​សីហា​កន្លង​ទៅ បាន​ផ្ញើ​លិខិត​ជា​បន្ទាន់​មួយ ទៅ​ប្រធាន​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជា​ជាតិ និង​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជា​ជាតិ ដើម្បី​ឲ្យ​កោះ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​រវាង​កម្ពុជា និង​ថៃ នៅ​គ្រា​ដែល​មេ​ដឹក​នាំ​ថៃ​បាន​គំរាម​វាយ​ប្រហារ​កម្ពុជា​តាម​ផ្លូវ​យោធា។

លោក ប្រាក់ សុខុន បាន​បញ្ជាក់​ថា មេ​ដឹក​នាំ​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទល់​មុខ​គ្នា​រវាង​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក សហ​រដ្ឋ​អាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា និង​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក អាភីស៊ិត វេត​ឆាឈីវ៉ាក់ មាន​គម្រោង​ការ​ជួប​ចរចា​គ្នា​ចំនួន​២​លើក​ជា​ថ្មី​ទៀត នៅ​ក្នុង​កិច្ច​ប្រជុំ ASEM ឬ​អាស៊ី-អឺរ៉ុប ក្នុង​ទីក្រុង​ប្រ៊ូសសែល (Brussels) ប្រទេស​បែលហ្ស៊ិក (Belgium) ខាង​មុខ​នេះ និង​ជួប​ចរចា​ទ្វេ​ភាគី​លើក​ទី​ពីរ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ។

តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​សម​រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ៖ «រដ្ឋាភិបាល​មិន​គួរ​បន្លាយ​ពេល មិន​គួរ​ខ្លាច​ការ​ចូល​រួម​របស់​អន្តរ​ជាតិ​ទេ។ ឲ្យ​មាន​ការ​ចូល​រួម​ពី​អន្តរ​ជាតិ​មក ដើម្បី​បញ្ចប់​បញ្ហា​ហ្នឹង​ឲ្យ​បាន​ឆាប់។»

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លោក ប្រាក់ សុខុន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​តាម​ដាន​មើល​ការ​សន្យា​របស់​ភាគី​ថៃ ដែល​ថា​សភា​ថៃ​គ្រោង​នឹង​ផ្ដល់​សច្ចាប័ន​នៅ​ពេល​ខាង​មុខ​នេះ លើ​កំណត់​ហេតុ​នៃ​កិច្ច​ព្រមព្រៀង​នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​ចំនួន​៣​លើក​កន្លង​មក របស់​គណៈកម្មាធិការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ៕