ប្រជាសហគមន៍ការពារព្រៃឡង់មកពីចំនួន ៤ខែត្រ មានគ្នាជាង ១០០នាក់ គ្រោងនឹងនាំគ្នាទៅជួបជុំធ្វើពិធីសែនព្រេននៅចំណុចដំណាក់ធំ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខែត្រកំពង់ធំ ដើម្បីសុំកុំឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃឡង់ នៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខ។
តំណាងគណៈកម្មការព្រៃឡង់ លោក ឈឿន សុភាព មានប្រសាសន៍នៅថ្ងៃទី៥ កុម្ភៈ ថា ជនជាតិដើមភាគតិចមកពី ៤ខែត្រនេះ គឺមកពីខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ។ លោកបញ្ជាក់ថា ការនាំគ្នាធ្វើពិធីសែនព្រេនតាមទំនៀមទម្លាប់ជនជាតិភាគតិចនេះ ដោយសារតែពួកគាត់អស់ជំនឿទៅលើអាជ្ញាធរមានសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសកាប់ព្រៃឡង់ ក្នុងនោះមានដើមជ័រច្បោះជាដើម។
ប្រជាសហគមន៍ការពារព្រៃឡង់បានអះអាងថា បច្ចុប្បន្ននេះសកម្មភាពកាប់ព្រៃឡង់នៅបន្តកើតមាន ក្នុងនោះមានក្រុមឈ្មួញ និងក្រុមហ៊ុនដែលទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាល ដូចជាក្រុមហ៊ុនស៊ីអាស៊ីខេ (CRCK) និងក្រុមហ៊ុនមួយចំនួនទៀត។
លោក ឈុត វុទ្ធី ជាប្រធានអង្គការការពារធនធានធម្មជាតិ។ លោកបានឲ្យដឹងថា ការជួបជុំនេះគឺអ្នកភូមិចង់សំដែងក្ដីកង្វល់ពីការកាប់បំផ្លាញព្រៃឈើ និងចង់អបអរសាទរសេចក្ដីព្រាងអនុក្រឹត្យរបស់រដ្ឋបាលស្ដីពីការដាក់តំបន់ព្រៃឡង់ជាតំបន់ការពារ។ លោក ឈុត វុទ្ធី បានបន្ថែមថា នៅរដូវប្រាំងនេះ ក្រុមឈ្មួញ និងក្រុមហ៊ុនទាំងនោះ បានធ្វើសកម្មភាពកាប់ឈើកាន់តែខ្លាំង ពីព្រោះនៅរដូវនេះ ងាយស្រួលនឹងដឹកជញ្ជួនឈើចេញពីក្នុងតំបន់ព្រៃឡង់យកមកខាងក្រៅ។
កាលពីខែធ្នូ ឆ្នាំ២០១១ កន្លងទៅ អធិការនគរបាលស្រុកសណ្ដាន់ លោក អ៊ួង មូលី បានទទួលស្គាល់ថាពិតជាមានក្រុមហ៊ុនកាប់ឈើក្នុងតំបន់ព្រៃឡង់ ជាក្រុមហ៊ុនទទួលអាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធ ដើម្បីកាប់ឈើនាំទៅលក់នៅទីក្រុងភ្នំពេញ។
អនុប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់នៃរដ្ឋបាលព្រៃឈើ លោក ឡាវ សេដ្ឋាផល បានឲ្យដឹងកាលពីចុងខែមករា ឆ្នាំ២០១២ ថា លោកកំពុងតែដឹកនាំកងកម្លាំងចុះបង្ក្រាបបទល្មើសព្រៃឈើ ហើយបើសិនជារកឃើញសមត្ថកិច្ចណាមួយជាប់ពាក់ព័ន្ធនិងការកាប់ព្រៃឡង់ លោកនឹងបញ្ជូនសំណុំរឿងទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។
របាយការណ៍ពីបណ្ដាញសហគមន៍ការពារព្រៃឡង់បានឲ្យដឹងថា គិតពីឆ្នាំ២០១០ មកដល់ឆ្នាំ២០១២ មានដើមជ័រច្បោះនៅក្នុងតំបន់ព្រៃឡង់ ដែលជនជាតិភាគតិចរកអាស្រ័យផលនោះ ត្រូវបានគេកាប់អស់ជាង ៣០ម៉ឺនដើមហើយ ប៉ុន្តែក្រុមជនល្មើសមិនទាន់ត្រូវបានគេចាប់បញ្ជូនទៅកាន់តុលាការនៅឡើយ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។