សកម្មជន​បក្ស​សមរង្ស៊ី​ម្នាក់​ត្រូវ​ដោះ​លែង​វិញ​បន្ទាប់​ពី​សាកសួរ

តុលាការ​ខេត្ត​ព្រៃវែង អនុញ្ញាត​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង សម រង្ស៊ី ប្រចាំ​នៅ​ខេត្ត​នេះ ត្រឡប់​មក​ផ្ទះ​វិញ បន្ទាប់​ពី​បាន​កោះ​ហៅ​សួរ​ចម្លើយ​ពី​បទ​ព្រហ្មទណ្ឌ កាល​ពី​ថ្ងៃ​ទី​១៤ កក្កដា រួច​មក គឺ​ផ្ទុយ​ពី​អ្វី​ដែល​ពួកគេ​ព្រួយ​បារម្ភ​ថា តុលាការ​នឹង​អាច​ឃុំ​ខ្លួន​ពួកគេ​បន្ទាប់​ពី​សាកសួរ​រួច ដោយ​ហេតុផល​នយោបាយ។

0:00 / 0:00

សកម្មជន​គណបក្ស​ប្រឆាំង សម រង្ស៊ី ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​ព្រៃវែង បាន​កោះ​ហៅ​សាកសួរ​កាល​ពី​ថ្ងៃ​ពុធ ទី​១៤ ខែ​កក្កដា​នេះ ក្រោម​បទ​ព្រហ្មទណ្ឌ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ និង​ជេរ​ប្រមាថ​កន្លង​មក​នោះ មិន​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ទេ ប៉ុន្តែ​លោក​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព និង​អាច​មាន​ការ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។

លោក អ៊ុន សំអឿន ត្រូវ​បាន​តុលាការ​កោះ​ហៅ​លើក​ទី​៣ ថ្មីៗ​នេះ ដោយ​លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​ព្រៃវែង ហើយ​ត្រូវ​បាន​សាក​សួរ​ចម្លើយ​ដោយ​ក្រឡា​បញ្ជី​ឈ្មោះ កៅ ព្រឿន កាល​ពី​ថៃ្ង​ពុធ ទី​១៤ ខែ​កក្កដា ប្ដឹង​ដោយ​លោក ស សូរីផា ជា​ម្ចាស់​ប្រាសាទ​មួយ​នៅ​លើ​ភ្នំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ជា​តំបន់​ទេសចរណ៍។

សកម្មជន​ឈ្មោះ អ៊ុន សំអឿន អាយុ ២៩​ឆ្នាំ ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​ប្រឆាំង សម រង្ស៊ី នៅ​ក្នុង​ឃុំ​ស្ពឺក ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កក្កដា​នេះ​ថា លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក អ៊ុន សំអឿន ឲ្យ​ដឹង​ថា ៖ «ព្រោះ​ដោយសារ​ប្រឌិត​រឿង ដូច​ជា​មាន​សាក្សី​មាន​អី​ជា​ច្រើន​នាក់ ហើយ​មួយ​ទៀត គេ​មាន​រូប​ថត​ធ្វើ​ដូច​ជា​សកម្មភាព​ពិតៗ គេ​មាន​រូប​ថត​ជា​វាយ​របង​វត្ត ដាក់​សោ​ទម្លាក់​មក ធ្វើ​ដូច​ថា ខ្ញុំ​អ្នក​វាយ​ពិត​មែន ហើយ​មួយ​ទៀត គឺ​ខ្ញុំ​ព្រួយ​បារម្ភ​មែន​ទែន គឺ​សុវត្ថិភាព​ផ្ទាល់​ខ្លួន»

មូលហេតុ​ដែល​នាំ​ឲ្យ​សកម្មជន​រូប​នេះ​រង​ការ​ប្តឹង​នោះ គឺ​ថា កាល​ពី​ខែ​មេសា ឆ្នាំ​២០០៩ កន្លង​ទៅ លោក​បាន​ដឹក​នាំ​សកម្មជន​ចំនួន​ប្រមាណ ៧​នាក់​ទៅ​ធ្វើ​អន្តរាគមន៍​បើក​ទ្វា និង​របង ដែល​បិត​ជិត​មិន​ឲ្យ​ព្រះសង្ឃ ដូនជី និង​តា​អាចារ្យ​ឆ្លង​កាត់​ចូល​ទៅ​វត្ត​វិហារ​គុក​នៅ​លើ​ភ្នំ​ឈើ​កាច់​នោះ។

សកម្មជន​រូប​នេះ​បាន​ពណ៌នា​ថា លោក ស សូរីផា ហៅ កែវ និង​ភរិយា​លោកស្រី ទ្បេវ អ៊ីទ្បែន បាន​សង់​ប្រាសាទ​មួយ​នៅ​ក្បែរ​វត្ត​វិហារ​គុក​នោះ​ជា​តំបន់​ទេសចរណ៍ ដើម្បី​ប្រមូល​ថវិកា​ពី​អ្នក​ទេសចរ​នានា ដែល​ចូល​តាម​ច្រក​ទ្វារ​មួយ​ទៀត​របស់​ក្រុមហ៊ុន​ឯក​ជន​នោះ។ សាក្សី​ចំនួន ២​នាក់​របស់​ក្រុមហ៊ុន​ដែល​ឆ្លើយ​ដាក់​បន្ទុក​លើ​សកម្មជន​នេះ គេ​ស្គាល់​ថា មាន​ជន​ជាតិ​ខែ្មរ​ម្នាក់​ និង​វៀតណាម​ម្នាក់។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​បាន​នៅ​ឡើយ​ទេ​ពី​ក្រុម​ខាង​លើ​នេះ។

លោកស្រី ទ្បាយ អ៊ីម អ្នក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រៃវែង ដែល​កំពុង​តែ​តាម​ដាន​ករណី​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «បាន​ឲ្យ​គាត់​រក​សាក្សី​រក​អី​ដើម្បី​ឆ្លើយ​បំភ្លឺ​បន្ថែម​លើ​អ្វី​ដែល​គេ​ចោទ​ប្រកាន់​គាត់​ហ្នឹង ព្រោះ​អី​ខ្ញុំ​នឹង​រក​មេធាវី​ជូន​គាត់»

សាក្សី​សំខាន់​ដែល​បាន​ដឹង​រឿងរ៉ាវ​នៃ​វត្ត​វិហារ​គុក​នោះ គឺ​លោក​តា​អាចារ្យ​ម្នាក់​នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ជា​ច្រើន​អង្គ បាន​មាន​ប្រសាសន៍​ថា ៖ «សូម​សំណូមពរ​ទៅ​ដល់​រាជ​រដ្ឋាភិបាល សូម​ឲ្យ​រាជ​រដ្ឋាភិបាល​លោក​ដើម្បី​ធ្វើ​បទ​អន្តរាគមន៍ ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​ហ្នឹង​បើក​ផ្លូវ​ហ្នឹង​ឡើង​វិញ។ ចំពោះ​អាជ្ញាធរ​ដែន​ដី​ក៏​ដូច​គ្នា​ដែរ ជា​សំណូមពរ​របស់​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ហ្នឹង»

អភិបាល​ខេត្ត​ព្រៃវែង លោក អ៊ុង សាមី បាន​មាន​ប្រសាសន៍​ថា លោក​នឹង​សាកសួរ​អភិបាល​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ជុំវិញ​រឿង​នេះ៕