ក្រុមហ៊ុនបញ្ជាទិញផលិតផលកីឡា ពូម៉ា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតភ្លាមៗ និងបន្តមកដល់ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ដើម្បីស្វែងរកការពិតនៅក្នុងហេតុករណ៍បាញ់ប្រហារទៅលើក្រុមកម្មករ។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ពូម៉ា ធ្វើឡើងបន្ទាប់ពីបានឃើញសារព័ត៌មានអន្តរជាតិ ចេញផ្សាយថា មានកម្មការិនី ៣នាក់ នៅរោងចក្រកៅវ៉េ ដែលផលិតស្បែកជើងអោយ ពូម៉ា បានរបួសដោយការបាញ់ប្រហារពីជនមិនស្គាល់មុខ។ ការបាញ់ប្រហារបានកើតឡើងនៅពេលកម្មករធ្វើកូដកម្មទាមទារដំឡើងប្រាក់រង្វាន់ទៀងទាត់ និងប្រាក់ថ្លៃបាយកាលពីថ្ងៃទី២០ ខែកុម្ភៈ។
ជាជំហានដំបូង ពូម៉ា បញ្ជាក់ថា គេនៅមិនទាន់អាចបញ្ជាក់បានទេថា អ្នកណាជាអ្នកបាញ់ប្រហារទៅលើកម្មករទាំងនោះ។
ស្របគ្នានេះមន្ត្រីជាន់ខ្ពស់កម្ពុជាបញ្ជាក់ថា សមត្ថកិច្ចកំពុងកំណត់មុខសញ្ញាក្នុងការតាមចាប់ខ្លួនជនមិនស្គាល់មុខ ដែលបានបាញ់ប្រហារលើកម្មការិនីនៅរោងចក្រកៅវ៉េ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍នៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១១ របស់ក្រសួងនេះថា លោកបានចាត់មន្រ្តីជំនាញចុះស្រាវជ្រាវករណីនេះ៖ «មានភស្តុតាងហើយ អ្នកណាបាញ់នោះ។ របាយការណ៍ដំបូងមក មិនមែនសមត្ថកិច្ចទេ។ អ៊ីចឹងទៅពិនិត្យមើលអ្នកណាអ្នកបាញ់។ ហើយបានបញ្ជូនក្រុមការងារជាបន្ទាន់ដើម្បីធ្វើការដោះស្រាយបញ្ហានេះ»។
លោក ជាង អំ អភិបាលខេត្តស្វាយរៀង មានប្រសាសន៍ដែរថា សមត្ថកិច្ចក្នុងមូលដ្ឋានក៏កំពុងស្វែងរកភស្តុតាង ដើម្បីកំណត់មុខសញ្ញាជនល្មើស៖ «បើតាមបងប្អូនកម្មករ ថា គេឃើញ ហើយអ៊ីចឹងយើងកំពុងតែតាមរកអ្នកដែលឃើញហ្នឹង»។
ទាក់ទិននឹងករណីនេះ កម្មការិនីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបញ្ជាក់ថា បើទោះបីជាពួកគេមិនស្គាល់ជនល្មើស តែពួកគេអាចនៅចំណាំជននោះបាន។ ពួកគេបញ្ចាក់ដែរថា នៅថ្ងៃកើតហេតុមានកម្មករមួយចំនួនព្យាយាមតាមចាប់អ្នកបាញ់ប្រហារនោះ ប៉ុន្តែមិនអាចចាប់បាន។ ក្រុមកម្មករបានចោទថា សមត្ថកិច្ចនគរបាលបានព្រងើយកន្តើយ បណ្តោយអោយជនល្មើសគេចខ្លួនរួច។
កម្មករឃើញហេតុការណ៍៖ «ច្រក (ស្លៀកពាក់) ពណ៌សំបកឪឡឹក អាវដៃខ្លី ហើយគាត់កាន់កាំភ្លើងខ្លីមួយ។ មនុស្សហ្នឹងមិនខ្ពស់ប៉ុន្មានទេ រាងទាបដែរ សម្បុរគាត់រាងខ្មៅ រាងធាត់ល្មម។ បើសិនជាមានរូបថតគាត់មកបញ្ជាក់ទើបអាចស្គាល់គាត់បាន។ បើអោយឆ្លើយតម្រង់អត់ដឹងថា គាត់នៅស្រុកណា គាត់ជាអ្នកណាអត់ដឹង។ ការពារហើយ ក្នុងចំណោមប៉ូលិសទាំងអស់ហ្នឹង ដូចថា ពេលដែលគាត់បាញ់ហើយអត់មានប៉ូលិសចាប់គាត់ទេ។ ខ្ញុំឃើញមានប៉ូលិសខ្លះគាត់នៅអង្គុយហ្នឹងអត់មានតាមចាប់ទេ»។
មកដល់ពេលនេះសហជីពកម្មករធំៗចំនួន៩ បានថ្លែងការណ៍ថ្កោលទោសចំពោះការបាញ់ប្រហារទៅលើក្រុមកម្មករតវ៉ា ដោយចាត់ទុកថា ជាទង្វើព្រៃផ្សៃ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ពួកគេអំពាវនាវអោយចាប់ខ្លួនអ្នកបាញ់ប្រហារមកផ្តន្ទាទោស និងសំណូមពរសមត្ថកិច្ចបញ្ឈប់ការប្រើអំពើហិង្សាលើអ្នកតវ៉ាដោយអហិង្សា។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន។ លោកមានប្រសាសន៍ថា មិនគួរអោយករណីបែបនេះបន្តកើតឡើងក្នុងសង្គមខ្មែរទៀតឡើយ។ លោកថា បញ្ចប់វប្បធម៌និទណ្ឌភាព គឺជាការធានាបាននូវសិទ្ធិរបស់ពលរដ្ឋកម្ពុជា។
លោក អាត់ ធន៖ «មកបាញ់កម្មករដូចជាសត្វធាតុអ៊ីចឹង វាគួរអោយអាម៉ាស់របស់រដ្ឋាភិបាល ហើយការធ្វើបែបហ្នឹង វាធ្វើអោយបាត់បង់នូវការគោរពសិទ្ធិមនុស្ស ជាពិសេសបាត់បង់ជំនឿការតវ៉ារបស់ក្រុមកម្មកររបស់យើង»។
ទាក់ទិននឹងកម្មការិនីដែលរបួសមកដល់ពេលនេះ កម្មការិនី ២នាក់ ដែលរងរបួសស្រាលបានបន្តសម្រាកព្យាបាលនៅមន្ទីរព្យាបាលក្នុងក្រុងបាវិត។ ចំណែកអ្នករងបួសធ្ងន់ម្នាក់កំពុងសំរាកនៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងរាជាធានីភ្នំពេញ។
នៅក្រុងបាវិត ភាគីរោងចក្រផលិតស្បែកជើងកៅវ៉េ បានសម្រេចផ្អាកការងារមួយសប្តាហ៍ ដើម្បីដោះស្រាយបញ្ហា និងជួសជុលផ្នែកខ្លះនៃរោងចក្រដែលខូចខាតនៅក្រោយការតវ៉ារបស់កម្មករ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។