ការតវ៉ារបស់អ្នកភូមិនោះ ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីផ្ដល់នូវយុត្តិធម៌ ចំពោះករណីបណ្ដេញពួកគាត់ចេញពីភូមិ និងដោះស្រាយបញ្ហាប្រឈមនានានៅកន្លែងទីតាំងរស់នៅថ្មី។
អ្នករស់នៅភូមិស្វាយជ្រុំ តំបន់ប្រាសាទព្រះវិហារ បានដាក់សំណើប្រមាណ ៦ចំណុចជាសំខាន់ដែលពួកគាត់កំពុងប្រឈមនឹងការលំបាករស់នៅ និងភ័យខ្លាចចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ដើម្បីឲ្យលោកនាយករដ្ឋមន្ត្រីជួយដោះស្រាយ។
សំណើ ៦ចំណុចនោះរួមមាន ដោះស្រាយបញ្ហាជម្រកស្នាក់នៅជាបន្ទាន់នៅកន្លែងថ្មី និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កសាងប្រភពទឹកស្អាតនៅទីនោះ។ មិនឲ្យអាជ្ញាធរកាត់ដីទំហំ ៦០០គុណ ៥០០ម៉ែត្រ ជាដីនៅក្បាលភូមិចេញពីតំបន់អភិវឌ្ឍន៍ថ្មីរបស់ប្រជាពលរដ្ឋ។ សុំឲ្យលុបដីកាតាមចាប់ខ្លួនប្រជាពលរដ្ឋ ដែលតវ៉ារឿងបណ្ដាញចេញកន្លងមក និងដោះលែងលោកអាចារ្យវត្ត ឈ្មោះ សឿន ភាព ដែលអាជ្ញាធរបានចាប់ខ្លួនកន្លងមកនោះមកវិញ។ សុំឲ្យអាជ្ញាធរផ្ដល់សំណងចំពោះការខូចខាតផ្ទះសម្បែងពេលដែលអាជ្ញាធររុះរើចំនួន ១០លានរៀល ដើម្បីសង់ផ្ទះនៅឡើងវិញ និងសុំឲ្យអាជ្ញាធរផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់នៅតំបន់អភិវឌ្ឍន៍ថ្មីនោះ។
អាចារ្យវត្ត ឈ្មោះ សឿន ភាព៖ «មានប្លង់ដី ចុះប្លង់ដី ចាស់ទុំដែលគាត់ឈឺថ្កាត់អី នឹងអាចគាត់យកប្លង់ដីហ្នឹងទៅដាក់បាន ឬបញ្ចាំអង្គការ អង្គការទទួលស្គាល់ យកលុយហ្នឹងមកមើលខ្លួន»។
តំណាងប្រជាពលរដ្ឋ លោក សៅ យ៉ាត មានប្រសាសន៍ថា ការដែលអ្នកភូមិមកតវ៉ាដល់ផ្ទះលោកនាយករដ្ឋមន្ត្រីនៅពេលនេះ ដោយសារអាជ្ញាធរខេត្តព្រះវិហារ មិនផ្ដល់ភាពកក់ក្ដៅចំពោះសំណើរបស់ប្រជាពលរដ្ឋ និងតែងតែគំរាមកំហែងប្រជាពលរដ្ឋ នៅពេលអ្នកភូមិតវ៉ា ឬទាមទារអ្វីមួយ។
លោក សៅ យ៉ាត៖ «ទាមទារអត់បានទេតំបន់នោះ គឺជាតំបន់នោះពោរពេញទៅដោយអំពើហិង្សា និងយោធា ដូចនេះមិនអាចនិយាយបាន។ ពេលចូលរួមប្រជុំម្តងៗ គឺគាត់ឧស្សាហ៍តែប្រើអំណាចគាបសង្កត់ទៅលើប្រជាពលរដ្ឋ»។
អាជ្ញាធរបានបណ្ដេញប្រជាពលរដ្ឋប្រមាណជិត ៣០០គ្រួសារឲ្យចេញ ពីភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ឲ្យទៅនៅតំបន់អភិវឌ្ឍន៍ថ្មី គឺភូមិធម្មជាតិសម្ដេចតេជោ ស្ថិតនៅប្រមាណ ១០គីឡូម៉ែត្រពីភូមិចាស់នៅចុងខែ ឆ្នាំ២០១១។
ស្ត្រីអ្នកតវ៉ាម្នាក់ ឈ្មោះ ពៅ ភាព អាយុ ៣៥ឆ្នាំ បានអោយដឹងថា នៅតំបន់ថ្មីនោះពួកគាត់ពុំមានគោលដៅច្បាស់លាស់នៅឡើយ ដូចជាមុខរបរ ផ្ទះស្នាក់នៅ ផ្លូវថ្នល់ ម្យ៉ាងទៀតពួកគាត់អាចរស់នៅដោយប្រឈមនឹងបញ្ហាគ្រាប់មីនកប់ក្នុងដី ពីព្រោះតំបន់នោះជាអតីតតំបន់សង្គ្រាម។
ឈ្មោះ ពៅ ភាព៖ «ដើមឈើឡើង មួយអោបៗកាប់អត់ចេញទេ ហើយខ្ញុំចាប់ដី ប៉ះគេអោយខ្ញុំដីអូរទៀត ហើយដើមឈើឡើងលិច លិចណាណី បើទៅនៅក៏លិចងាប់កូនដែរបង ប៉ះដីអូរ ដីអីអញ្ចឹង បង្ខិតបង្ខំ ហើយខ្ញុំ កាលពេលដែលថៃវ៉ៃគ្នា ខ្ញុំអត់ដែលចាកចេញពីផ្ទះមួយជំហានទេ ដល់ពេលឃើញទាហានទៅរុះរើនេះ រាប់ពាន់នាក់ ខ្ញុំញ័រចង់គាំងបេះដូងអស់ហើយ»។
ឆ្លើយតបនឹងក្ដីកង្វល់របស់ប្រជាពលរដ្ឋនេះ តំណាងប្រមុខរដ្ឋាភិបាល រួមមានមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី និងមន្ត្រីមកពីទីស្ដីការគណៈរដ្ឋមន្ត្រី បានបើកកិច្ចពិភាក្សាមួយជាមួយប្រជាពលរដ្ឋរយៈពេលប្រមាណជាង ២ម៉ោង នៅសួនច្បារមុខវត្តបទុមវតី ទើបមានការព្រមព្រៀងគ្នាលើសំណើមួយចំនួន ហើយប្រជាពលរដ្ឋក៏បានយល់ព្រមទៅផ្ទះវិញបណ្ដោះអាសន្នដោយរង់ចាំមើលការអនុវត្តជាក់ស្ដែង។
លោក សួស យ៉ារ៉ា អនុរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារពិសេសថ្នាក់ជាតិប្រចាំតំបន់ប្រាសាទព្រះវិហារ ។ លោកមានប្រសាសន៍ថា ដំណោះស្រាយនោះ រដ្ឋាភិបាលនឹងថែមដីកសិកម្មចំនួន ២ហិកតារទៀតក្នុងមួយគ្រួសារបន្ថែមពីលើអ្វីដែលបានផ្ដល់ជូនលើកមុន គឺដីភូមិទំហំ ៥០ គុណ ១០០ម៉ែត្រ ប្រាក់ ២លានរៀល ស័ង្កសី ៥០សន្លឹក និងឈើមួយចំនួនទៀត។
រដ្ឋាភិបាលធានាថា នឹងរៀបចំឯកសារតាមផ្លូវច្បាប់ដើម្បីដោះលែងលោកអាចារ្យវត្តស្វាយជ្រុំ ឈ្មោះ សឿន ភាព ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅពេលឆាប់ៗខាងនេះ ហើយលោក បានបញ្ជាក់ដែរថា រហូតមកដល់ពេលនេះ ពុំមានដីកាតាមចាប់ខ្លួនប្រជាពលរដ្ឋណាម្នាក់ នៅភូមិស្វាយជ្រុំនោះទេ។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលព្យាយាមរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ថ្មីនោះឲ្យបានឆាប់ និងរៀបចំផ្តល់ប្លង់កម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋរួចរាល់នៅឆ្នាំក្រោយនេះ។
លោក សួស យ៉ារ៉ា៖ «ប្លង់ដីដែលភូមិធម្មជាតិគឺកំណត់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ គឺសល់តែមួយឆ្នាំជាងទៀតទេ បងប្អូនយកប្លង់រឹងទាំងអស់គ្នា តាមសំណើរបស់បង កៅ ណេ។ គឺយើងឯកភាពតែបំពេញច្បាប់បានទាំងស្រុង ដីតកម្មសិទ្ធិបាន»។
ចំពោះសំណើប្រជាពលរដ្ឋទាមទារសុំប្រាក់ ១០លានរៀល ដើម្បីប៉ះប៉ូវបន្ថែមលើសំណងការខូចខាតផ្ទះសម្បែង និងសុំអោយអាជ្ញាធររក្សាដីចំនួន ៦០០ គុណ ៥០០ម៉ែត្រ នៅពីមុខភូមិនោះ គឺស្ថិតនៅក្នុងការពិចារណានៅឡើយ ពីព្រោះតំបន់នោះជាប់ពាក់ព័ន្ធនឹងតំបន់ចល័តទ័ព។ ប៉ុន្តែទោះយ៉ាងណា លោក សួស យ៉ារ៉ា នឹងបញ្ជូនសំណើនេះទៅលោកនាយករដ្ឋមន្ត្រីសម្រេច។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស អាដហុក (Adhoc)។ លោកបានស្វាគមន៍ចំពោះអ្វីដែលរដ្ឋាភិបាលបានសន្យា និងដោះស្រាយជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋអាចទទួលយកបាននោះ។ ប៉ុន្តែលោកនៅតែបារម្ភ ខ្លាចអ្វីៗគ្រាន់តែជាការលួងលោមឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត ហើយវិលត្រឡប់ទៅស្រុកវិញ ហើយបញ្ហាទាំងឡាយមិនអាចបញ្ចប់បានដោយសារមន្ត្រីដែលទទួលបន្ទុកដោះស្រាយមិនយកទៅអនុវត្ត ឬអនុវត្តមិនចំគោលដៅដែលពលរដ្ឋចង់បាន។
លោក ចាន់ សុវ៉េត៖ «គឺយើងពិចារណាថា រដ្ឋាភិបាលប្រហែលជាគ្មានឆន្ទៈទេនៅក្នុងបញ្ហានេះ ពីព្រោះតំបន់ដែលប្រជាពលរដ្ឋចង់បាននោះ ក៏ប៉ះពាល់នឹងកន្លែងផ្សេងៗទៀតដែរ ហើយនៅនោះ ពុំមានភូមិអភិវឌ្ឍន៍តេជោ មានភូមិអីមួយគគោកទៀត ដែលកំពុងតើនៅនោះ ហើយប្រជាពលរដ្ឋនៅក្នុងតំបន់ហ្នឹងក៏កំពុងទទួលរងអត់មានដីធ្លីសម្រាប់បង្កបង្កើនផលដែរ»។
លោកបន្តថា ជាក់ស្ដែងប្រជាពលរដ្ឋនៅភូមិស្វាយជ្រុំប្រមាណ ៥០នាក់ ដែលចេញមុខតវ៉ាខ្លាំងក្លាចំពោះសកម្មភាពបណ្ដេញពួកគាត់ចេញកន្លងមកនោះ បច្ចុប្បន្នពួកគាត់បន្តរស់នៅគេចខ្លួននៅភ្នំពេញ នៅឡើយ ដោយខ្លាចអាជ្ញាធរមូលដ្ឋានធ្វើទុក្ខបុកម្នេញ។
ទោះយ៉ាងណា ពលរដ្ឋក៏មិនទាន់ដឹងច្បាស់ថា នៅពេលណាពួកគាត់មានផ្ទះនៅ និងមានមុខរបរពិតប្រាកដឡើងវិញនោះទេ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។