មានប្រសាសន៍ពីសហរដ្ឋអាមេរិកទីដែលលោកកំពុងបំពេញទស្សនកិច្ច លោក សម រង្ស៊ី បានឲ្យដឹងថា លោកមិនបានដៅចំៗហៅ លោក ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសផងដែរនោះថាជាមេគុកបឹងត្របែកនោះឡើយ។ ហើយលោកក៏បានមានប្រសាសន៍ថា លោកនឹងមិនញញើតផងដែរបើប្រសិនជាចង់មានការតវ៉ាតាមផ្លូវច្បាប់ចំពោះរឿងចោទប្រកាន់នោះ។
ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកនឹងមិនសុំទោសចំពោះឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង ដែលបានគំរាមរកការប្ដឹងរូបលោកនោះទេ ។
លោក សម រង្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងសហរដ្ឋអាមេរិកបានថ្លែងថា លោកមិនបានហៅឈ្មោះចំៗថា លោក ហោ ណាំហុង នោះ ជាមេគុកបឹងត្របែកនោះឡើយ ៖ «ខ្ញុំនិយាយអ្វីគឺនិយាយការពិតទាំងអស់ ហើយខ្ញុំអត់មានចេញឈ្មោះនរណាទេ ខ្ញុំប្រាប់គ្រាន់តែថាងារជារដ្ឋមន្រ្តីក្រសួងការបរទេសក្រោយពីរបបខ្មែរក្រហម ។ ក្រោយពីរបបខ្មែរក្រហមមានរដ្ឋមន្រ្តីក្រសួងការបរទេសច្រើនណាស់ រដ្ឋមន្រ្តីក្រសួងការបរទេសភ្លាមៗបន្ទាប់ពី អៀង សារី បន្ទាប់ពី ប៉ុល ពត ចាកចេញពីទីក្រុងភ្នំពេញគឺមានលោក ហ៊ុន សែន រួចទៅមានលោក គង់ គាំ មានព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ រួចទៅបានមានលោក ហោ ណាំហុង» ។
ប្រតិកម្មរបស់លោក សម រង្ស៊ី គឺបានធ្វើឡើងបន្ទាប់ពីលោក ហោ ណាំហុង ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរផងដែរនោះ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា លោកមានការឈឺចាប់ចំពោះប្រសាសន៍របស់លោក សម រង្ស៊ី ដែលបាននិយាយពាក់ព័ន្ធរូបលោកជាមួយនឹងក្រុមខ្មែរក្រហម ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «ពាក្យដែលថាខ្ញុំជាខ្មែរក្រហមជាការជេរប្រមាថមើលងាយមួយធ្ងន់ណាស់ មិនដល់ទៅនិយាយថាខ្ញុំមេគុកបឹងត្របែកទេ គ្រាន់តែហៅខ្ញុំជាខ្មែរក្រហមខ្ញុំចាត់ទុកជាការជេរប្រមាថយ៉ាងធ្ងន់ធ្ងរ ។ សម រង្ស៊ី ទទួលស្គាល់ថាជ្រុលមាត់ជ្រុលកនិយាយខុសខ្ញុំក៏មិនប្ដឹងអីទៀតដែរ គឺថាធ្វើម៉េចឲ្យតែបរិយាកាសមុនការបោះឆ្នោតនេះមានភាពស្ងប់ស្ងាត់» ។
សូមបញ្ជាក់ថាកន្លងមកលោក ហោ ណាំហុង ធ្លាប់បានឈ្នះក្តីជាមួយនឹងព្រះមហាវីរក្សត្រ នរោត្តម សីហនុ ម្តងហើយ នៅក្នុងការកាត់ក្តីរបស់តុលាការបារាំងជុំវិញការចោទថាលោកជាអតីតប្រធានគុក នៅបឹងត្របែក ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ស្ថានការណ៍នាបច្ចុប្បន្នអាចមានការខុសប្លែកពីអតីតកាលបើសិនណាជាមានការចង់ប្តឹងផ្ដល់គ្នាមែននោះ ៖ «ពេលនោះពិបាករកសាក្សី ពីព្រោះថាកាលហ្នុងមានអង្គការសហប្រជាជាតិមិនទាន់មកដល់ឯណា មិនទាន់បោះឆ្នោតអ៊ុនតាក់រៀបចំ ហើយអត់មានសាក្សីណាហ៊ានចេញមុខទេ ។ តែឥឡូវនេះស្ថានការណ៍តាំងពីមានការបោះឆ្នោតឆ្នាំ ១៩៩៣ មកមានអង្គការសិទ្ធិមនុស្ស មានអង្គការស្រាវជ្រាវប្រមូលឯកសារអី គឺយើងមានព័ត៌មាន យើងមានសាក្សីច្រើនជាងមុនឆ្ងាយណាស់ ។ ពីមុនសម្ដេចព្រះ នរោត្ដម សីហនុ លោកពិបាករកមែនកាលហ្នុងអត់មានអ្នកណាហ៊ានចេញមុខ ហើយយើងក៏មានឯកសារតិចតួច អត់មានមជ្ឈមណ្ឌលស្រាវជ្រាវប្រមូលឯកសារដូចសព្វថ្ងៃទេ ។ ដូច្នេះកាលៈទេសៈនេះគឺមិនមែនដូចកាលៈទេសៈមុនទេ» ។
លោក សម រង្ស៊ី បានថ្លែងទៀតថា គេមិនចាំបាច់រកតុលាការណាឆ្ងាយនោះទេ បើចង់ប្ដឹងផ្តល់អំពីករណីពាក់ព៍ន្ធនឹងរឿងខ្មែរក្រហមនោះ ។ លោកបញ្ជាក់ថាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាគឺជាតុលាការមួយដែលគួរឲ្យទុកចិត្ត ដើម្បីវែកញែកថា តើអតីតមេគុកបឹងត្របែកនោះជាអ្នកណាពិតប្រាកដ ? ៕