មតិ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចំពោះ​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស បាន​បញ្ចេញ​ប្រតិកម្ម​ខុសៗ​គ្នា ចំពោះ​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩។
ដោយ ម៉ៅ សុធានី
2012-09-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អៀង ធីរិទ្ធ ៣០៥
អៀង ធីរិទ្ធ នៅ​ក្នុង​សវនាការ​មុន​អង្គ​សេចក្តី​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១០។
ECCC POOL/Tang Chhin Sothy

ពលរដ្ឋ​ខ្លះ​យល់​ឃើញ​ថា សាលាក្ដី​ខ្មែរ​ក្រហម គួរ​តែ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ដែល​បាន​ចូល​រួម​ជាមួយ​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាច្រើន​នាក់​ទៀត បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​២លាន​នាក់ បាន​បាត់​បង់​ជីវិត ដោយ​សារ​ការ​កាប់​សម្លាប់ ការ​ធ្វើ​ទារុណកម្ម និង​បង្អត់​អាហារ​ជាដើម ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។

ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​ជា​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម បច្ចុប្បន្ន​រស់នៅ​ក្រៅ​ប្រទេស បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឲ្យ​នៅ​ក្រៅ​ឃុំ។ អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច ដែល​ជា "ស្ត្រី​ទី១" មាន​តួនាទី​ខ្ពស់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវ​បាន​សាលាក្ដី​ខ្មែរ​ក្រហម ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ការ​ធ្វើ​ទារុណកម្ម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​សាសនា។

ពលរដ្ឋ​ខ្មែរ​ម្នាក់ អ្នកស្រី ម៉ារី ជា បច្ចុប្បន្ន​រស់នៅ​ក្នុង​រដ្ឋ​វឺហ្យីនា (Virginia) សហរដ្ឋ​អាមេរិក មាន​សមាជិក​ក្រុម​គ្រួសារ​ប្រមាណ​ជាង​៥០នាក់ បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម។ អ្នកស្រី​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ថា ការ​ដោះ​លែង​ជន​ជាប់​ចោទ​ដែល​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្លួន​បែប​នេះ គឺ​បង្ហាញ​គំរូ​អាក្រក់​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស និង​ជា​ទង្វើ​មួយ​មិន​សម​ហេតុ​សម​ផល៖ «នៅ​តែ​មាន​ទោស គ្មាន​ពេល​អ្នក​ឯង​រួច​ខ្លួន​ទេ ទោះ​ជា​ចាស់​វង្វេង​វង្វាន់​ក៏ដោយ។ អ្នក​កាប់​សម្លាប់​គេ​វា​បាន​ចិត្ត វា​ចេះ​តែ​ធ្វើ​ទៀត។ ស្រុក​គេ​ដែល​មាន​ច្បាប់​ទម្លាប់ គេ​គោរព​ច្បាប់ អ្នក​ណា​ធ្វើ​អ្វី អ្នក​នឹង​ទទួល​ហ្នឹង។ មិន​មែន​យក​គំនិត​ថា ធ្វើ​អ្វី​មិន​កើត​ឲ្យ​រួច​ខ្លួន​ទេ»

កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១២ តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​សម្រេច​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​បញ្ជាក់​ហេតុ​ផល​ថា អៀង ធីរិទ្ធ មាន​ជំងឺ​វង្វេង​វង្វាន់ និង​បាត់​ការ​ចង​ចាំ​ធ្ងន់ធ្ងរ មិន​អាច​ចូល​រួម​តតាំង​ក្ដី​ក្នុង​សវនាការ​បាន​ទេ និង​មិន​មាន​សញ្ញា​ណា​មួយ​នឹង​អាច​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​បាន​នោះ​ទេ។ ហេតុ​ផល​នេះ គឺ​ផ្អែក​តាម​សក្ខីកម្ម​របស់​អ្នក​ជំនាញ​ផ្នែក​ពេទ្យ​ចិត្តសាស្ត្រ ពេទ្យ​វិកល​ចរិត និង​ពេទ្យ​ផ្នែក​ជំងឺ​មនុស្ស​ចាស់។

អតីត​និស្សិត​ពី​ប្រទេស​បារាំង ម្នាក់ គឺ​អ្នកស្រី នូវ សារឹម ត្រូវ​បាន​មេ​ដឹកនាំ​ខ្មែរ​ក្រហម​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​មន្ទីរ​ឃុំ​ឃាំង​បឹង​ត្របែក ក្នុង​រាជធានី​ភ្នំពេញ ក្នុង​សម័យ​ខ្មែរ​ក្រហម។ អ្នកស្រី នូវ សារឹម សព្វថ្ងៃ​រស់​នៅ​សហរដ្ឋ​អាមេរិក បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដោយ​សារ​ក្រុម​គ្រួសារ​អ្នកស្រី រួម​មាន​កូន​២នាក់ និង​ស្វាមី បាន​បាត់​បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម​ក៏ដោយ ក៏​អ្នកស្រី​ជឿ និង​យល់​ស្រប​ទៅ​តាម​ការ​សម្រេច​របស់​ពេទ្យ៖ «ពេទ្យ​គេ​ថា​គាត់​មិន​អាច​ឡើង​តុលាការ​បាន ដោយ​សារ​គាត់​ឆ្កួត​អ៊ីចឹង។ ចំពោះ​ខ្ញុំ បើ​ខ្ញុំ គឺ​ជឿ​ទៅ​តាម​ពេទ្យ បើ​ពេទ្យ​គេ​មើល​ឃើញ​យ៉ាង​ម៉េច ត្រូវ​តែ​ធ្វើ​ទៅ​តាម​ការ​សម្រេច​របស់​ពេទ្យ។ ម៉្យាង ខ្ញុំ​យល់​ថា អ្នក​ដែល​ទៅ​ជា​ឆ្កួត​អ៊ីចឹង បាន​ន័យ​ថា គាត់​ឈឺ​ចាប់ និង​មាន​វិប្បដិសារី​ដល់​កម្រិត ទើប​បាន​ទៅ​ជា​វង្វេង​វង្វាន់​ឆ្កួត​អ៊ីចឹង»

ពាក់ព័ន្ធ​នឹង​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នេះ​ដែរ អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក អៀ ចាន់ណា មាន​ប្រសាសន៍​ពី​ប្រទេស​ន័រវែស (Norway) ថា ទង្វើ​នេះ​ជា​ភាព​អយុត្តិធម៌​បំផុត​ចំពោះ​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម។ លោក​ថា តុលាការ​ខ្មែរ​ក្រហម​គួរ​មាន​វិធានការ​ណា​មួយ​សមស្រប​ជាង​នេះ៖ «ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​អនុវត្ត​មួយ​ដែល​មាន​លក្ខណៈ​មិន​យុត្តិធម៌​ចំពោះ​ជន​រងគ្រោះ​ប្រមាណ​ជាង​២លាន​នាក់ បាន​សម្លាប់​ក្នុង​របប​ដែល​លោកស្រី អៀង ធីរិទ្ធ កាល​នោះ​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច។ បើ​យោង​លើ​ស្មារតី​យុត្តិធម៌ និង​គតិ​ច្បាប់ ការ​ដោះ​លែង​ទាំង​ស្រុង​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ គឺ​ជា​ការ​អនុវត្ត​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ជន​រងគ្រោះ»

អ្នកស្រី អៀង ធីរិទ្ធិ អាយុ​៨០ឆ្នាំ គឺ​ជា​ភរិយា​របស់​ជន​ជាប់​ចោទ អៀង សារី អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ជំនាន់​ខ្មែរ​ក្រហម។ ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​ដាក់​លក្ខខណ្ឌ​៣ចំណុច។ ទី១ ជន​ជាប់​ចោទ​ត្រូវ​ជូន​ដំណឹង​ដល់​អង្គ​ជំនុំ​ជម្រះ​អំពី​អាសយដ្ឋាន​ដែល​ខ្លួន​ស្នាក់​នៅ។ ទី២ ជន​ជាប់​ចោទ​ត្រូវ​ប្រគល់​លិខិត​ឆ្លង​ដែន និង​ឯកសារ​ធ្វើ​ដំណើរ​ពាក់ព័ន្ធ​ដទៃ​ទៀត ហើយ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។ ទី៣ ជន​ជាប់​ចោទ​ត្រូវ​គោរព​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ។

ទោះ​បី​ជា​ក្នុង​ហេតុ​ផល​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់ (Finland) លោក ប៉ាង សុខឃឿន មាន​ប្រសាសន៍​ថា តុលាការ​ខ្មែរ​ក្រហម​គួរ​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទ និង​ត្រូវ​ស៊ើប​អង្កេត​បន្ថែម​ទៀត ស្វែង​រក​ការ​ពិត​នៅ​ពី​ក្រោយ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម៖ «ការ​ដោះ​លែង​នេះ ពិត​ជា​មិន​ត្រឹមត្រូវ​ទេ។ ហើយ​ខ្ញុំ​សំណូម​ពរ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ ពីព្រោះ អ្វី​ដែល​គាត់​បាន​កសាង​ក្នុង​របប ប៉ុល ពត គឺ​មាន​គ្រោះថ្នាក់​ធ្ងន់​ណាស់ បន្សល់​ទុក​នូវ​ទុក្ខវេទនា​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ»

បន្ថែម​ពី​ទស្សនៈ​ខុសៗគ្នា​ខាង​លើ​នេះ ព្រះតេជព្រះគុណ ហុក សុវណ្ណ មាន​ថេរ​ដីកា​ពី​វត្ត​ម៉ុងត្រេអាល់ (Montreal) ពី​ប្រទេស​កាណាដា ថា ទោះ​បី​ជា​ជន​ជាប់​ចោទ អៀង ធីរិទ្ធ មាន​ស្ថានភាព​សុខភាព​យ៉ាង​ណា​ក៏ដោយ តុលាការ​ខ្មែរ​ក្រហម​ត្រូវ​តែ​កាត់​ទោស​ដដែល ដើម្បី​រក​រឿង​ហេតុ​ឲ្យ​ដឹង​អំពី​តួនាទី និង​កំហុស​របស់​គាត់៖ «អាត្មា​យល់​ថា រឿង​សុខភាព បាត់​បង់​ការ​ចងចាំ​ម្យ៉ាង តែ​សុំ​ឲ្យ​នៅ​តែ​កាត់​ទោស​ដដែល ទោះ​បី​ជា​គាត់​មិន​ឆ្លើយ​ផ្ទាល់​ក៏ដោយ ត្រូវ​រក​រឿង​ហេតុ​ក្នុង​តំណែង​របស់​គាត់​ដែល​បាន​ប្រព្រឹត្ត​ខុស​មក​លើ​ប្រជាជន។ តាម​អាត្មា​ដឹង ប្រជារាស្ត្រ​ទូទៅ​ចង់​រក​យុត្តិធម៌​ជូន​អ្នក​រងគ្រោះ»

ចំណែក​លោក​សាស្ត្រាចារ្យ សំ សុខ បាន​មាន​ប្រសាសន៍​ពី​ប្រទេស​បារាំង គាំទ្រ​ការ​ដោះ​លែង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នេះ៖ «ជា​គោលការណ៍ គេ​មិន​យក​មនុស្ស​ឆ្កួត​យក​ទៅ​កាត់​ទោស​ទេ ពីព្រោះ​ថា មនុស្ស​ឆ្កួត​គឺ​មនុស្ស​ឡប់​សតិ។ ពេល​គេ​សួរ​គាត់ គាត់​អាច​ឆ្លើយ​ផ្ដេសផ្ដាស ដូច្នេះ​តុលាការ​មិន​អាច​ធ្វើ​ការ​បាន​ទេ។ ដើម្បី​កាត់​សេចក្តី​ក្នុង​រឿង​អ្វី​មួយ តុលាការ​ត្រូវ​ការ​រក​ព័ត៌មាន​ឲ្យ​បាន​ច្បាស់ ទើប​ធ្វើ​សេចក្តី​សម្រេច​បាន។ បើ​សិន​ជា​អ្នក​មាន​វិកល​ចរិត គឺ​គេ​មិន​អាច​យក​ជា​ការ​បាន​ទេ»

កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ដែល​ដឹកនាំ​ដោយ​បក្ស​កុម្មុយនិស្ត​កម្ពុជា គ្រប់គ្រង​ប្រទេស​កម្ពុជា ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បាន​ធ្វើ​អោយ​ពលរដ្ឋ​កម្ពុជា​ជិត​ពីរ​លាន​នាក់​ស្លាប់ ដោយ​សារ​ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់ ការ​បង្អត់​អាហារ ការ​បង្ខំ​អោយ​ធ្វើ​ការ​បាក់​កម្លាំង និង​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ។

ជន​ជាប់​ចោទ​ជា​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៥នាក់ រួម​មាន នួន ជា ខៀវ សំផន អៀង សារី អៀង ធីរិទ្ធ និង​កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម កំពុង​ជំនុំ​ជម្រះ​រឿង​ក្តី​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ និង​បទ​ចោទ​មួយ​ចំនួន​ទៀត ដូចជា ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​សាសនា​ជាដើម។ រហូត​មក​ដល់​ពេល​នេះ មាន​តែ​ជន​ជាប់​ចោទ​ម្នាក់​ប៉ុណ្ណោះ គឺ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីត​ប្រធាន​គុក​ទួល​ស្លែង ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ជយោតុលារការភ្នែកម្នាស់និងភ្នែកឬស្សី!!!
ជយោតុលារការកូនកាត់មិនគ្រប់ដប់!!!
ជយោតុលារការទឹកកន្លះខ្អម!!!

Sep 21, 2012 04:39 AM

Phakday

ពី ANEVWXD

Bravo ! !
This is justice for the Khmer Rouge ! !
Why should the US spent more money on this Kangaroo court ? ?
To those governments, the UN and people that give all this money to have this kind of justice; please stop insulting the spirit of the Khmer people !
Cambodia may be liberated from the Pol Pot group, but our people are still under the iron gribs of those same KRs.. And the Viets are still very much in charge of Cambodian interests.
Many Cambodians are still affraid to express themselves, people are still beating up, locked up, made " disappear " or kill for a simple reason of standing up for their rights.
" The King is naked " in Cambodia !!!
For those " Civilized Governments " that donnated money to help Cambodia every year, please stop contributing to the destruction of my country and people.
To those we lost may your spirits rest in peace !
Please pass on the message !
Kaun Khmer, Phakday

Sep 20, 2012 12:54 PM

Lee Theang chek

ពី Phnom Penh

They must call all KR leaders and involved KR officers to be trial.Unjustic!!!!!! for all Cambodian people.

Sep 19, 2012 11:18 PM

KHMER

ពី BOTHELL,WASHINGTON USA

Preak thnot hospital is empty,sends her to there.

Sep 19, 2012 11:00 PM

yuth tola

ធ្វើចឹងអត់ត្រឹមត្រូវទេ។
ត្រូវធ្វើបរិវេនមួយ ឃុំគាត់
ហើយដាក់ប៉ូលីសការពារ

Sep 19, 2012 10:12 PM

មើល​មតិ​ទាំង​អស់.