«Red Light» គឺជាខ្សែភាពយន្តឯកសារ ដែលផលិតឡើងដោយផ្អែកទៅលើខ្សែជីវិតពិតៗ របស់កុមារា-កុមារី ប្រមាណ ១០នាក់ ដែលទទួលរងគ្រោះដោយសារការកេងប្រវ័ញ្ចជួញដូរផ្លូវភេទ នៅក្នុងប្រទេសកម្ពុជា។ ស្ត្រីខ្មែរពីរនាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការផលិតខ្សែភាពយន្តឯកសារនេះ គឺលោកស្រី មូរ សុខហួរ អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាសមាជិកសភានៃគណបក្សសមរង្ស៊ី ហើយនិងលោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការសង្គ្រោះ និងស្ដារនីតិសម្បទាយុវនារី ឬហៅកាត់ថា អង្គការអាហ្វេស៊ីប (AFESIP)។
លោកស្រី មូរ សុខហួរ ដែលអញ្ជើញមកចូលរួមជាវាគ្មិនមួយរូប នៅក្នុងពិធីសម្ពោធដាក់បញ្ចាំងខ្សែភាពយន្តឯកសារ «Red Light» នេះ បានមានប្រសាសន៍ថា វត្តមានរបស់លោកស្រី គឺតំណាងឱ្យកុមារី និងស្ត្រីរងគ្រោះទាំងអស់ ក្នុងការតស៊ូលុបបំបាត់ការជួញដូរផ្លូវភេទ ដើម្បីសិទ្ធិសេរីភាពជាមនុស្សរស់ក្នុងភាពថ្លៃថ្នូរក្នុងសង្គម។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ដូច្នេះ ៖ «ពេលណាយើងស្ដាប់នូវសម្រែក ហើយនឹងការសង្ឃឹមរបស់កុមារីយើង ដែលទើបតែចេញមកពីផ្ទះបន ឬកំពុងតែជាប់នៅក្នុងផ្ទះបន យើងមិនអាចបិទភ្នែកបិទត្រចៀក មិនចូលរួមក្នុងការជួយប្រយុទ្ធនឹងការជួញដូរស្រ្តី និងកុមារនោះទេ ដូច្នេះខ្ញុំសង្ឃឹមទៀតថា ខ្សែភាពយន្តនេះ នឹងបានមកបញ្ចាំងនៅកម្ពុជាយើង ហើយសង្ឃឹមថា រាជរដ្ឋាភិបាលនឹងអនុញ្ញាត ព្រោះការបញ្ចាំងនេះ មិនមែនថ្កោលទោសរដ្ឋាភិបាលទេ ការបញ្ចាំងនេះ គឺជាការអប់រំដល់បងប្អូនប្រជាពលរដ្ឋយើង កុំឱ្យជឿ និងចុះក្នុងអន្ទាក់នៃអំពើជួញដូរស្រ្តី និងកុមារនេះ»។
ចាងហ្វាងផលិតកម្ម លោក Guy Jacobson បានឱ្យដឹងថា ខ្សែភាពយន្តឯកសារ «Red Light» នេះ បង្ហាញអំពីភាពជាក់ស្ដែងនៃសកម្មភាពលក់ និងទិញដូរផ្លូវភេទ កន្លែងបនពេស្យាចារនៅក្នុងប្រទេសកម្ពុជា និងត្រូវចំណាយពេលវេលាអស់ជាង ៤ឆ្នាំ ក្នុងការផលិត ៖ «… យើងចាប់ផ្ដើមថតនៅឆ្នាំ ២០០៤ ហើយបន្តថតរឿងនេះ រហូតដល់ចុងឆ្នាំ២០០៩ ទើបចប់សព្វគ្រប់។ ការពិត យើងបានចុះថត (យកសកម្មភាព) នៅតាមទីនានាក្នុងប្រទេស ដូចជារាជធានីភ្នំពេញ ក្រុងព្រះសីហនុ ខេត្តសៀមរាប និងបាត់ដំបង ជាដើម។ល។ ហើយយើងបានទៅកាន់ភូមិជាច្រើន ដែលរឿងហេតុបានកើតមានឡើង ពីព្រោះថា ខ្សែភាពយន្តឯកសារនេះ មានរយៈពេលតែ ៧០នាទីប៉ុណ្ណោះ ប៉ុន្តែយើងបានថតសកម្មភាពរហូតដល់ទៅជាង ៣០០ម៉ោង»។

លោក Guy Jacobson និងតារាហូលីវូដល្បីឈ្មោះ លោកស្រី Adi Ezroni បានពួតដៃគ្នាផលិតខ្សែភាពយន្តនេះ ហើយដែលបញ្ចូលសំឡេងជាភាសាអង់គ្លេស ដោយឯកអគ្គរដ្ឋទូតបំណងល្អ នៃអង្គការយូនីសេហ្វ លោកស្រី Lucy Liu។
របាយការណ៍ពិភពលោកឆ្នាំ២០០៩ របស់អង្គការសហប្រជាជាតិ ស្ដីពីការជួញដូរមនុស្ស បានបង្ហាញថា នៅទូទាំងពិភពលោក មានកុមារប្រមាណ ១០លាននាក់ ក្នុងនោះភាគច្រើនជាកុមារី ត្រូវបានទទួលរងគ្រោះដោយការកេងប្រវ័ញ្ចផ្លូវភេទ តាមរូបភាពផ្សេងៗ។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារនេះ បានបង្ហាញថា មានស្ត្រីរកស៊ីផ្លូវភេទប្រមាណ ១០ម៉ឺននាក់ ក្នុងនោះ៤០% កុមារី ដែលមានអាយុក្រោម ១៦ឆ្នាំ។
ខ្សែភាពយន្តឯកសារ «Red Light» ស្ដីអំពីការជួញដូរកេងប្រវ័ញ្ចផ្លូវភេទកុមារ នៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានគេចាត់ទុកថាជាកម្រងរឿងមួយដ៏មានអនុភាព ក្នុងកិច្ចប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាជាសកលនេះ ដែលអង្គការសហប្រជាជាតិបានកំណត់ថា ជាអំពើឧក្រិដ្ឋ៕