សៀវភៅនេះបានបង្ហាញពីក្ដីកង្វល់ចំពោះស្ថានភាពយ៉ាប់យ៉ឺនរបស់អ្នកទោស និងចំនួនអ្នកទោសនៅប្រទេសកម្ពុជា មានការកើនឡើងយ៉ាងគំហុកក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ។ នៅក្នុងសៀវភៅរបាយការណ៍នោះបានបង្ហាញថា ការកើនឡើងនៃចំនួនអ្នកទោសនៅកម្ពុជានេះ ធ្វើឲ្យអ្នកទោសរស់ក្នុងស្ថានភាពចង្អៀតណែនជាងគេ នៅក្នុងបណ្ដាប្រទេសមួយចំនួនលើពិភពលោក។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការ លីកាដូ លោក ឆេង សម្ភ័ស មានប្រសាសន៍បញ្ជាក់ថា ៖ «យើងប្រៀបធៀបទៅ ប្រជាពលរដ្ឋយើងមានចំនួនតិចជាងគេ ប៉ុន្តែយើងមើលទៅលើអ្នកដែលបានជាប់ពន្ធនាគារ ទាំងពីពិរុទ្ធជន និងទណ្ឌិត មានចំនួន ១ម៉ឺនជាងនាក់ អ៊ីចឹងបើយើងប្រៀបធៀបទៅ ប្រជាពលរដ្ឋរបស់យើងសព្វថ្ងៃ គឺអ្នកទោសនៅខ្មែរយើងច្រើន នៅលើគេទាំងអស់ ធៀបនឹងប្រទេសជិតខាង»។
លោកបន្តឲ្យដឹងទៀតថា ការចេញផ្សាយសៀវភៅនេះមានបំណងចង់ឲ្យរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ បានដឹងពីការកើនឡើងយ៉ាងគំហុកនៃចំនួនអ្នកទោសនៅកម្ពុជា ក្នុងចន្លោះ ៦ឆ្នាំ គឺពីឆ្នាំ២០០៤ ដល់ចុងឆ្នាំ២០០៩ និងចង់បង្ហាញពីអនុសាសន៍មួយចំនួនក្នុងការចូលរួមដោះស្រាយបញ្ហានេះ។
លោក ឆេង សម្ភ័ស បានអះអាងថា ៖ «លីកាដូបានតាមដានឃ្លាំមើល ១៨ពន្ធនាគារហ្នឹង គឺនៅឆ្នាំ២០០៤ ទាំងពិរុទ្ធជន និងទណ្ឌិតមានចំនួន ៦២៩៦(នាក់) ហើយមកដល់ឆ្នាំ២០០៩ ខែធ្នូ គឺមាន ១២.២៣១។ យើងមើលទៅវាអាចកើនឡើង ១៤%។ កើនឡើងយ៉ាងគំហុកយ៉ាងហ្នឹង រយៈពេល ៦ឆ្នាំហ្នឹង គឺយើងបានសម្លឹងទៅឃើញអ្នកដែលជាប់ក្នុងពន្ធនាគារ គឺការស្នាក់នៅរបស់គាត់ហ្នឹងមានភាពណែនតាន់តាប់។ អ៊ីចឹងអ្នកទោសគឺហាក់បីដូចជាបាត់បង់នូវសិទ្ធិសេរីភាពម៉្យាង»។
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ហេង ហាក់ បានសម្ដែងប្រតិកម្មចំពោះរបាយការណ៍នេះ ដោយលោកបញ្ជាក់ថា អ្នកទោសនៅកម្ពុជាមិនមានចំនួនកើនឡើងលើសពីប្រទេសនានាលើពិភពលោកនោះទេ ប៉ុន្តែលោកទទួលស្គាល់ថា មានចំនួនអ្នកទោសកើនឡើងក្នុងកម្រិតមួយ និងទីកន្លែងរស់នៅតូចចង្អៀតពិតមែន។
លោក ហេង ហាក់ បានថ្លែងថា ៖ «ឥឡូវហ្នឹងមានអ្នកទោស ១៣.៩០០នាក់ លើប្រជាជន ១៤លាននាក់ ដូច្នេះយើងមិនទាន់បាន ១លើ១ពាន់ត្រឹមត្រូវផង។ អ៊ីចឹងបើសិនជាប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសនៅជិតយើង ក៏យើងមិនទាន់ខ្ពស់ទេ»។
លោក ហេង ហាក់ មិនបញ្ជាក់ពីមូលហេតុនៃការកើនឡើងនៃចំនួនអ្នកទោសនោះទេ។ ប៉ុន្តែមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការ លីកាដូ លោក ឆេង សម្ភ័ស បានពន្យល់ថា បញ្ហានេះបណ្ដាលមកពីប្រព័ន្ធយុត្តិធម៌ ជាពិសេសពាក់ព័ន្ធនឹងនីតិវិធីចាប់ឃុំខ្លួន។
លោក ឆេង សម្ភ័ស បានមានប្រសាសន៍ថា ៖ «...ជម្រើសរបស់គាត់ហ្នឹង គឺអត់មានអ្វីក្រៅពីការសម្រេចហើយ ឃុំខ្លួន ឬក៏ធ្វើការចោទប្រកាន់ហើយ ហើយចេញដីកាឃុំខ្លួន។ អាហ្នឹងជាបញ្ហាខ្លាំង ដែលទាក់ទងនឹងការដែលពន្ធនាគារចេះតែណែនទៅៗហ្នឹងណា៎!»។
របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០០៩ និងឆមាសទី១ ដើមឆ្នាំ២០១០ របស់អគ្គនាយកដ្ឋានពន្ធនាគារ បានបង្ហាញថា ចំនួនអ្នកទោសក្នុងឆ្នាំ២០១០ គិតត្រឹមខែមិថុនាមានចំនួន ១៣.៩៤៥នាក់ ក្នុងនោះមានស្រី ៨៥៥នាក់។ ចំនួននេះមានការកើនឡើងពីឆ្នាំ២០០៩ ៤% ស្មើនឹង ៩៩នាក់៕