កម្ពុជា​នាំ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​កើន ៤ ​ដង​លើស​ឆ្នាំ ២០០៩-២០១០

ប្រធាន​ក្រុមហ៊ុន​បៃតង​កម្ពុជា ថ្លែង​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១១ នេះ កម្ពុជា​នឹង​បង្កើន​ការ​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យ​បាន ៤ ទៅ ៥ ដង​លើស​ឆ្នាំ ២០០៩ និង​ឆ្នាំ ២០១០ កន្លង​ទៅ។ ការ​កើន​ឡើង​នេះ គឺ​ជា​ការ​បង្ហាញ​អំពី​សក្ដានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។

លោក ភូ ពុយ ប្រធាន​ក្រុមហ៊ុន​បៃតង​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ពេល​ថ្មីៗ​នេះ​ថា រយៈពេល​មួយ​ត្រីមាស​ដើម​ឆ្នាំ ២០១១ នេះ ក្រុមហ៊ុន​បាន​នាំ​អង្ករ​ចេញ​ប្រមាណ ៥ ម៉ឺន​តោន គឺ​ស្មើ​នឹង​បរិមាណ​នាំ​អង្ករ​ចេញ​ពេញ​មួយ​ឆ្នាំ កាល​ពី​ឆ្នាំ ២០១០ កន្លង​ទៅ។

លោក​បន្ត​ថា បច្ចុប្បន្ន​នេះ គឺ​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​តំបន់​អឺរ៉ុប សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី និង​ប្រទេស​នៅ​តំបន់​អាស៊ី​មួយ​ចំនួន ដូច​ជា​ប្រទេស​ចិន​ជា​ដើម គឺ​កំពុង​តែ​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា។

លោក ភូ ពុយ ៖ «សព្វ​ថ្ងៃ​នេះ ទី​ផ្សារ​រង់ចាំ​យើង។ តើ​យើង​ត្រូវ​ប្រឹងប្រែង​បែប​ណា ដើម្បី​ផ្គត់ផ្គង់​ទៅ​ឱ្យ​ទីផ្សារ​ដែល​គេ​អាច​ទទួល​យក​បាន។ អ៊ីចឹង​ដូច​ជា នៅ​សហគមន៍​អឺរ៉ុប នៅ​អាស៊ី​ភាគ​ច្រើន​គេ​ចាប់​អារម្មណ៍​លើ​កម្ពុជា​យើង។ តើ​កម្ពុជា​យើង​មាន​បរិមាណ​ផ្គត់ផ្គង់​ឱ្យ​គេ​ដែរ ឬ​អត់?»។

រដ្ឋាភិបាល​កម្ពុជា មាន​គម្រោង​នាំ​អង្ក​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន​យ៉ាង​តិច ១ លាន​តោន នៅ​ក្នុង​ឆ្នាំ ២០១៥ ខាង​មុខ។ យុទ្ធសាស្ត្រ​នេះ គឺ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា បង្កបង្កើន​ផល​ស្រូវ​បាន​លើស​ពី​តម្រូវការ​ប្រើប្រាស់​នៅ​ក្នុង​ស្រុក។ កម្ពុជា បាន​ហៅ​ការ​នាំ​អង្គ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​នោះ​ថា កម្ពុជា មាន​មាស​ស​ដើម្បី​នាំ​ចេញ៕