អ្នក​ភូមិ​នៅ​រតនគិរី​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ

អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ភ្នំកុក ខេត្ត​រតនគិរី ជាង ១០០​នាក់ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឃុំ​របស់​ខ្លួន​ប្រញាប់​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ ដែល​អ្នក​ភូមិ​កំពុង​ប្រឈម​មុខ​ជាមួយ​ផល​ប៉ះពាល់​ជា​ច្រើន​ផ្នែក ទាក់​ទិន​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគាត់។

0:00 / 0:00

សេចក្ដី​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ជួប​ពិភាក្សា​គ្នា​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ភ្នំកុក ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ជាមួយ​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ រៀបចំ​ឡើង​ដោយ​អង្គការ​ខុមហ្វ្រែល កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១០ នៅ​សាលា​រៀន​ឃុំ​ភ្នំកុក។

អ្នក​ភូមិ​មក​ពី​ភូមិ​កាឡៃសាពូន ឈ្មោះ ប៉ុង ងឺ មាន​ប្រសាសន៍​បញ្ជាក់​ថា ដីធ្លី​ដែល​អាជ្ញាធរ​មូលដ្ឋាន​ប្រគល់​មក​ឲ្យ​អ្នក​ភូមិ​មួយ​គ្រួសារ ៥​ហិកតា ជាមួយ​នឹង​ការ​តម្រូវ​ឲ្យ​អ្នក​ភូមិ​បង់​វិភាគ​ទាន​ក្បាល​ដី​មួយ​ហិកតា ១៩.០០០​រៀល​ពេល​នេះ ត្រូវ​បាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ​ឈូស​ឆាយ​យក​ដី​នេះ​អស់​ហើយ។ ចំណែក​ការ​តវ៉ា​របស់​អ្នក​ភូមិ​ឲ្យ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ មិន​ឃើញ​បាន​ផល​អ្វី​ឡើយ។

លោក ប៉ុង ងឺ មាន​ប្រសាសន៍​ដូច្នេះ ៖ «បង់​ក្នុង​មួយ​គ្រួសារ ៥​ហិកតា ទាំង​ដី​ស្រែ​ទាំង​ដី​ចម្ការ តែ​ខ្ញុំ​បង់​ដី​ចម្ការ​នោះ​ត្រូវ​ក្រុមហ៊ុន​យក។ ខ្ញុំ​សុំ​ឲ្យ​ជួយ​ដោះស្រាយ​ជា​ប្រញាប់»

ដូច​គ្នា​នេះ​ដែរ អ្នក​ភូមិ​កាឡៃតាវ៉ង ឈ្មោះ វាំង ប្រលួយ បញ្ជាក់​ដែរ​ថា សិទ្ធិ​រស់​នៅ​របស់​អ្នក​ភូមិ​រង​ការ​គំរាម​កំហែង​ពី​ក្រុម​ប្រដាប់​អាវុធ​បណ្ដេញ​អ្នក​ភូមិ​ចេញ​ពី​ដី​ធ្លាប់​ធ្វើ​ស្រែ​ចម្ការ ដើម្បី​យក​ដី​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្បទាន​នៅ​តំបន់​នោះ។ ជាមួយ​នោះ​ដែរ ផល​ព្រៃ​ឈើ​ដែល​អ្នក​ភូមិ​ធ្លាប់​ទទួល​ផល ដូច​ជា​ដើម​ឈើ​ធ្វើ​ជ័រ​ទឹក ក៏​ត្រូវ​គេ​កាប់​បំផ្លាញ​យក​អស់។

លោក វាំង ប្រលួយ បញ្ជាក់​ថា ៖ «មាន​ពួក​ប៉ូលិស ពួក​ទាហាន គេ​ចុះ​មក​គំរាម​គាត់ គេ​ថា អត់​ឲ្យ​យក​ទេ​អា​ដំណាំ​ដែល​ដាំ​រួច​ហើយ​ក៏ដោយ ហើយ​ពួក​ប៉ូលិស ពួក​ទាហាន​ទៅ​ដេញ​គាត់ រក​ចាប់​គាត់ ទាំង​ប្រពន្ធ និង​កូន​គាត់»

ពុំ​ឃើញ​មាន​វត្តមាន​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ណា​ម្នាក់​ចូល​រួម​ក្នុង​វេទិកា​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ទេ ក៏​ប៉ុន្តែ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​វ៉ឺនសៃ លោក ខាំ ភឿន ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​នេះ មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោក​ស្ដាយ​ដែល​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ មិន​បាន​មក​ចូល​រួម​ក្នុង​វេទិកា​ជួប​ជាមួយ​អ្នក​ភូមិ។ លោក​បន្ត​ថា នឹង​លើក​យក​សំណូមពរ​របស់​អ្នក​ភូមិ​ដាក់​ជូន​ក្រុម​ប្រឹក្សា​ស្រុក​ដើម្បី​ជួយ​ចាត់​វិធានការ។

លោក ខាំ ភឿន ឲ្យ​ដឹង​ដូច្នេះ ៖ «ទៅ​វិញ​អាច​ជួយ បំផុស​ចលនា​ចាត់​ចែង​មក។ ជួយ​ដោះស្រាយ​សំណូមពរ​របស់​ប្រជាជន គឺ​ខ្ញុំ​ធានា»

អ្នក​សម្រប​សម្រួល​អង្គការ​ខុមហ្វ្រែល ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ការ​វាយ​តម្លៃ​របស់​អ្នក​ភូមិ​ចំនួន ៧០​នាក់ ដែល​ចូល​រួម​ក្នុង​វេទិកា​ខាង​លើ មាន​អ្នក​ភូមិ ៧០% មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​ដឹក​នាំ​ធ្វើការ​អភិវឌ្ឍ​របស់​ក្រុម​ប្រឹក្សា​ឃុំ​ភ្នំកុក កន្លង​ទៅ​នោះ​ទេ។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩ អង្គការ​ខុមហ្វ្រែល បាន​រៀបចំ​វេទិកា​ដូច​គ្នា​នេះ​ម្ដង​រួច​ទៅ​ហើយ នៅ​ឃុំ​ភ្នំកុក ដើម្បី​សម្រប​សម្រួល​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត បាន​ជួប​ពិភាក្សា​បង្ហាញ​ពី​ទុក្ខ​កង្វល់​ទាក់​ទិន​បញ្ហា​អសកម្ម​នានា ដែល​កើត​មាន​ចំពោះ​អ្នក​ភូមិ​ឲ្យ​មន្ត្រី​ជាប់​ឆ្នោត​នៅ​មូលដ្ឋាន​ជួយ​ដោះស្រាយ ក៏​ប៉ុន្តែ​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ សំណូមពរ​របស់​អ្នក​ភូមិ​មិន​ត្រូវ​បាន​ដោះស្រាយ​ឡើយ៕