លោកឧត្ដមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ជាមន្ត្រីអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រទេសកម្ពុជា មានប្រសាសន៍នៅថ្ងៃពុធ ទី២៣ ខែមិថុនានេះ ថា អាជ្ញាធរកម្ពុជាចង់ឲ្យមានកិច្ចសហការពីប្រទេសបារាំង ដើម្បីនាំខ្លួនលោក សម រង្ស៊ី មកកម្ពុជា ដើម្បីប្រឈមមុខនឹងសវនាការករណីក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់លិខិតក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត។
លោក គៀត ច័ន្ទថារិទ្ធ មិនបានឆ្លើយសំណួររបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទេ នៅពេលសួរថា តើរដ្ឋាភិបាលអាចស្នើឲ្យបញ្ជូនលោក សម រង្ស៊ី មកប្រទេសកម្ពុជាបានឬទេ នៅពេលដែលកម្ពុជាគ្មានសន្ធិសញ្ញាបត្យាប័នជាមួយប្រទេសបារាំងនៅឡើយ។
ក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនលោក សម រង្ស៊ី ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក អឿង សៀង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០នេះ បានបញ្ជាឲ្យចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ពីបទមជ្ឈិម និងឧក្រិដ្ឋ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ។
លោកបន្ថែមថា លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់លិខិតក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត នៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១០ បទល្មើសដែលចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៩ និង ៦២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល។
លោក សម រង្ស៊ី ត្រូវបានរដ្ឋាភិបាលប្ដឹងក្រោយពីលោកបានផ្សព្វផ្សាយនូវឯកសារផែនទីរបស់ Google Earth ថា ការបោះបង្គោលព្រំដែនរវាងខ្មែរ និងវៀតណាមលេខ១៨៤, ១៨៥, ១៨៦ និង ១៨៧ បាននាំឲ្យបាត់បង់ទឹកដីខ្មែរ។
លោក សម រង្ស៊ី មានប្រសាសន៍ពីប្រទេសបារាំង កាលពីថ្ងៃអង្គារ ទី២២ ខែមិថុនា ថា លោកមិនខ្វល់នឹងដីការបស់តុលាការស្រុកខ្មែរទេ ពីព្រោះករណីរបស់លោក គឺករណីនយោបាយសុទ្ធសាធ។
មេធាវីរដ្ឋាភិបាលគឺលោក គី តិច មានប្រសាសន៍នៅថ្ងៃពុធ ទី២៣ ខែមិថុនានេះ ថា ការស៊ើបអង្កេតលើករណីលោក សម រង្ស៊ី បានបញ្ចប់ហើយ ប៉ុន្តែលោកមិនទាន់ដឹងថា នៅពេលណាតុលាការនឹងលើករឿងនេះមកជំនុំជម្រះទេ។ លោកបដិសេធមិនធ្វើអត្ថាធិប្បាយទេ ចំពោះសំណួរថា តើរដ្ឋាភិបាលកម្ពុជានឹងស្នើសុំឲ្យប្រទេសបារាំងនាំខ្លួន លោក សម រង្ស៊ី មកកម្ពុជា។ លោកថា តុលាការអាចបើកការជំនុំជម្រះកំបាំងមុខចំពោះករណីលោក សម រង្ស៊ី។
អ្នកនាំពាក្យស្ថានទូតបារាំង លោកស្រី ឡូរិនស៍ ប៊ើណាឌី (Laurence Bernardi) បានបញ្ជាក់ដដែល នៅថ្ងៃពុធ ទី២៣ ខែមិថុនានេះ ថា ស្ថានទូតនៅទាន់ទទួលបានព័ត៌មាន និងទំនាក់ទំនងពីអាជ្ញាធរកម្ពុជា អំពីករណីស្នើឲ្យចាប់ខ្លួនលោក សម រង្ស៊ី មកកម្ពុជានៅឡើយទេ៕