ច្បាប់បោះឆ្នោតកម្ពុជាមិនអនុញ្ញាតឲ្យជនមានទោស ឈរជាបេក្ខជនដើម្បីឲ្យគេបោះឆ្នោតឲ្យ ឬក៏មានសិទ្ធិទៅបោះឆ្នោតទេ។
គណបក្សប្រឆាំងធំជាងគេក្នុងប្រទេសកម្ពុជា គឺគណបក្ស សម រង្ស៊ី អាចប្រឈមនឹងការបាត់បង់បេក្ខជនមេដឹកនាំចំនួន ២រូប ប្រសិនបើតុលាការកម្ពុជាសម្រេចដីកាស្ថាពរលើករណីព្រហ្មទណ្ឌចំនួន ២ របស់ប្រធានបក្សប្រឆាំង លោក សម រង្ស៊ី និងតំណាងរាស្ត្រ លោកស្រី មូរ សុខហួរ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍នៅថ្ងៃសៅរ៍ថា អ្នកតំណាងរាស្ត្រទាំង ២រូបនឹងបាត់បង់សិទ្ធិបោះឆ្នោត និងមិនអាចឈរឈ្មោះជាតំណាងរាស្ត្រក្នុងការបោះឆ្នោតជាសកលនៅឆ្នាំ២០១៣បានទេ ប្រសិនបើតុលាការកំពូលបានសម្រេចសាលក្រមស្ថាពរចំពោះករណីព្រហ្មទណ្ឌទាំង ២។
កាលពីថ្ងៃពុធ ទី២ ខែមិថុនាកន្លងទៅនេះ តុលាការកំពូលបានសម្រេចតម្កល់ទុកដីការបស់តុលាការក្រុងភ្នំពេញ ដែលកាត់ឲ្យលោកស្រី មូរ សុខហួរ ចាញ់ក្នុងករណីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបង្គាប់ឲ្យសងសំណង ១៦លាន ៥សែនរៀល។ ចំណែកលោក លោក សម រង្ស៊ី វិញ តុលាការខេត្តស្វាយរៀងបានកាត់ទោសកំបាំងមុខឲ្យលោកជាប់គុក ២ឆ្នាំ កាលពីថ្ងៃទី២៧ ខែមករា ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដោយសារតែលោកបានដឹកនាំប្រជាពលរដ្ឋមួយចំនួនដកតម្រុយបង្គោលព្រំដែនលេខ១៨៥ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៩។
នាយកអង្គការគណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា បានមានប្រសាសន៍នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនា ថា ប្រសិនបើមន្ត្រីគណបក្សប្រឆាំងទាំង ២រូបនេះមិនចូលរួមការបោះឆ្នោតសកលឆ្នាំ២០១៣ បាននោះទេ ការបោះឆ្នោតនេះនឹងមិនមានការជឿទុកចិត្ត និងមិនយុត្តិធម៌ទេ។
លោកបានប្រៀបប្រដូចការរារាំងលោក សម រង្ស៊ី នៅកម្ពុជា ទៅនឹងការរារាំងលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំបក្សប្រឆាំងនៅភូមា មិនឲ្យចូលរួមការបោះឆ្នោត។ ការមិនអនុញ្ញាតឲ្យលោកស្រី អង់សាន ស៊ូជី ចូលរួមបោះឆ្នោត ធ្វើឲ្យប្រទេសភូមាអាប់កេរ្តិ៍ឈ្មោះនៅក្នុងតំបន់ និងពិភពលោក ថាជាប្រទេសគ្មានភាពយុត្តិធម៌ក្នុងការបោះឆ្នោត។
សង្គមស៊ីវិល និងបក្សប្រឆាំង សង្ឃឹមថា មានតែច្រកចេញមួយគត់ដែលអាចឲ្យតំណាងរាស្ត្រទាំង ២ បានចូលរួមការបោះឆ្នោត នោះគឺតាមការសម្របសម្រួលនយោបាយ។
អ្នកនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា លោកសង្ឃឹមថា នឹងមានដំណោះស្រាយនយោបាយមួយ ដែលអាចនឹងឲ្យលោក សម រង្ស៊ី វិលមកកាន់ប្រទេសកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោត។ លោកបន្ថែមថា លោក សម រង្ស៊ី កំពុងធ្វើការងារទូតនៅសហរដ្ឋអាមេរិក ដើម្បីការវិលត្រឡប់របស់លោកមកកម្ពុជាវិញ។
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃសៅរ៍ ទី១២ ខែមិថុនានេះ ថា រដ្ឋាភិបាលនឹងមិនមានដំណោះស្រាយនយោបាយណាមួយ ជាមួយនឹងគណបក្ស សម រង្ស៊ី ទេ។ លោកថា រដ្ឋាភិបាលនឹងគោរពសេចក្ដីសម្រេចរបស់តុលាការ។
កាលពីខែកុម្ភៈ ឆ្នាំ២០០៦ ព្រះមហាក្សត្រ នរោត្តម សីហមុនី ធ្លាប់បានប្រទានការលើកលែងទោសដល់លោក សម រង្ស៊ី ម្ដងរួចទៅហើយ ដែលកាលណោះតុលាការបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ១៨ខែ ពីបទបរិហារកេរ្តិ៍ លោក ហ៊ុន សែន អំពីបញ្ហាពុករលួយ។ សាលាឧទ្ធរណ៍កម្ពុជានឹងលើកយកសំណុំរឿងលោក សម រង្ស៊ី ដែលតុលាការខេត្តស្វាយរៀងកាត់ទោសកំបាំងមុខឲ្យលោកជាប់គុក ២ឆ្នាំ កាលពីថ្ងៃទី២៧ ខែមករា ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ មកជម្រះនៅថ្ងៃទី៦ ខែកក្កដានេះ៕