លោក គង់ គាំ ប្រធានស្ដីទីគណបក្សសមរង្ស៊ី បានអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យជួយពង្រឹងប្រព័ន្ធយុត្តិធម៌ និងជួយរកមធ្យោបាយឲ្យមេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី បានវិលចូលស្រុក បន្ទាប់ពីបាននិរទេសខ្លួនទៅក្រៅប្រទេស គេចពីការចាប់ខ្លួនរួចមក។
មន្ត្រីបក្សប្រឆាំងអំពាវនាវដូច្នេះកើតឡើង នៅក្រោយពិធីរំលឹកខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលទើបបញ្ចប់នៅថ្ងៃទី២២ ខែកក្កដា នាទីក្រុងភ្នំពេញ។
លោក គង់ គាំ ៖ «ប្រព័ន្ធតុលាការមិនឯករាជ្យ ហើយស្ថិតក្រោមឥទ្ធិពលអ្នកមានអំណាច។ ដូច្នេះត្រូវតែជួយមើលខាងប្រព័ន្ធតុលាការ តម្រែតម្រង់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតហ្នឹង។ សូមឲ្យមានគណបក្សប្រជែងពិតប្រាកដ។ ឲ្យលោកប្រធាន សម រង្ស៊ី លោកជាសមាជិកថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលរងអយុត្តិធម៌ពីតុលាការ មិនឲ្យចូលរួមការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ក៏គួរគិតអំពីប្រជាធិបតេយ្យ ហើយនឹងការបោះឆ្នោតក្នុងពេលខាងមុខឲ្យបានប្រសើរឡើង»។
លោក សម រង្ស៊ី មេដឹកនាំបក្សជំទាស់ ត្រូវបានតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ កាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ចោទពីបទបំផ្លាញបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម លេខ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បដិសេធន៍មិនធ្វើអត្ថាធិប្បាយ ជុំវិញករណីលោក សម រង្ស៊ី នោះទេ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថា សង្គមប្រកាន់លទ្ធិប្រជាធិបតេយ្យ គឺចាំបាច់ត្រូវមានគណបក្សប្រឆាំងចូលរួមប្រកួតប្រជែងការបោះឆ្នោត។ ដូច្នេះមានន័យថា ប្រសិនបើលោក សម រង្ស៊ី មានវត្តមាននៅមុនការបោះឆ្នោតនៅកម្ពុជា គឺជំហានល្អមួយ ឆ្ពោះទៅរកការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក អ៊ូ វីរៈ មានប្រសាសន៍ ៖ «សុំឲ្យលោក សម រង្ស៊ី ចូលប្រទេស ខ្ញុំថា វាជារឿងចាំបាច់ហើយ ដែលគណបក្សប្រឆាំង ត្រូវតែមានតួនាទីក្នុងការបោះឆ្នោត។ លោក សម រង្ស៊ី ក៏ជាតំណាងរាស្ត្រមួយដែរ បើលោកមិនអាចចូលក្នុងប្រទេសបានទាក់ទងទៅលើដំណើរការប្រជាធិបតេយ្យទាំងមូល ព្រោះអីយើងយល់ថា ការកាត់ក្តីតុលាការខេត្តស្វាយរៀង គឺជារឿងនយោបាយ»។
លោក John Jonhson មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយជុំវិញការស្នើសុំរបស់មន្ត្រីបក្សសមរង្ស៊ី ទៅលើករណីលោក សម រង្ស៊ី នោះទេ នៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ។
ប៉ុន្តែលោកស្រី ខារ៉ូល រ៉ូដលី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានអះអាងនៅក្នុងពិធីរំលឹកខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូត រវាងកម្ពុជា និងអាមេរិក កាលពីថ្ងៃទី២១ ខែកក្កដាថា ក្នុងរយៈ៦០ឆ្នាំទៅមុខទៀត សហរដ្ឋអាមេរិក និងបន្តជួយឲ្យកម្ពុជា មានការគោរពសិទ្ធិមនុស្ស មានលទ្ធិប្រជាធិបតេយ្យ និងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕