គណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលមានអង្គការក្រៅរដ្ឋាភិបាលមានសមាជិកប្រហែល ១០អង្គការ បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ ការពារអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ដែល កាសែតអង្គរបូរី ដោយសរសេររិះគន់ព្រះអង្គ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ទាក់ទិននឹងកិច្ចការដឹកនាំគ្រប់គ្រងប្រទេសជាតិកន្លងមកថា ជាមេដឹកនាំខ្មែរមិនល្អ។
លោកបណ្ឌិត ហ៊ាង រិទ្ធី ប្រធានគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា បានបន្ថែមលើសេចក្តីថ្លែងការណ៍នោះថា ៖ «គេចុះនេះ បានព្យាករថា ព្រះករុណាព្រះមហាក្សត្រ និងព្រះករុណាព្រះមហាវីរក្សត្រសម្ដេចឪនេះ ចម្រើនព្រះជន្មនៅថ្ងៃទី៣០ និង ៣១ ហ្នឹងហើយ។ អ៊ីចឹង គេចុះនេះ គឺដើម្បីប្រឆាំង ប្រមាថមើលងាយ ធ្វើឲ្យប្រជាជនខ្មែរមានការភ័ន្តច្រឡំលើព្រះអង្គ»។
សេចក្ដីថ្លែងការណ៍នោះបានបង្ហាញអំពីស្នាព្រះហស្តជាច្រើន និងកោតសរសើរអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ចំនួន ៦ចំណុច ចំពោះគុណបំណាច់របស់ព្រះអង្គ ដែលបានដណ្ដើមឯករាជ្យពីបារាំង និងការការពារ និងកសាងជាតិជាច្រើនទៀតតាំងពីដើមរៀងមក។
លោកបណ្ឌិត ហ៊ាង រិទ្ធី មានប្រសាសន៍បន្ថែមទៀត ៖ «ហើយលើសពីនឹងទៅទៀត ព្រះអង្គបានដេញកងទ័ពយួនឈ្លានពានកម្ពុជា ឆ្នាំ១៩៧៩ ឆ្នាំ១៩៨៩ ហ្នឹងបានយួនត្រឡប់ទៅប្រទេសវិញ ហើយបន្ទាប់មកព្រះអង្គបានកៀរគរឲ្យអង្គការសហប្រជាជាតិរៀបចំកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅកម្ពុជាហ្នឹង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ព្រះអង្គបាននាំមកនូវលទ្ធិប្រជាធិបតេយ្យមកកម្ពុជា ដល់សព្វថ្ងៃនេះ»។
ច្បាប់ចម្លងសារព័ត៌មានអង្គរបូរី ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១០ ដែលវិទ្យុអាស៊ីសេរីទទួលបាន បានសរសេររិះគន់ព្រះមហាវីរក្សត្រយ៉ាងច្រើនក្នុងពេលដែលព្រះអង្គដឹកនាំប្រទេសកម្ពុជា ដូចជាចោទព្រះអង្គថា បានការពារកងទ័ពវៀតណាម ខាងជើងចំនួន ៦សែននាក់ ដែលបានចូលជ្រកក្នុងប្រទេសកម្ពុជា ក្នុងសង្គ្រាមជាមួយអាមេរិក នៅទសវត្សរ៍ឆ្នាំ១៩៦០ ហើយបានចោទថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានគាំទ្រអន្តោប្រវេសន៍វៀតណាម ដូចជារដ្ឋាភិបាលបានរៀបចំគម្រោងផ្ដល់ដីលំនៅឋានឲ្យនៅលើគោក និងផ្ដល់ប្រាក់ឧបត្ថម្ភក្នុងមួយគ្រួសារ ១ម៉ឺនដុល្លារដល់អន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅក្នុងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ចំនួន ៤ពាន់គ្រួសារជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងចាងហ្វាងកាសែតអង្គរបូរី តាមរយៈលេខទូរស័ព្ទដែលចុះនៅលើទំព័រកាសែតនោះបានទេ នៅថ្ងៃទី៣១ ខែតុលា ដើម្បីសុំការបញ្ជាក់បន្ថែម ពាក់ព័ន្ធការចុះផ្សាយរបស់កាសែតនេះ។
មន្ត្រីរដ្ឋាភិបាល និងគណៈកម្មាធិការពង្រឹងវិស័យច្បាប់ ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជា អះអាងថា កាសែតអង្គរបូរី បោះពុម្ពផ្សាយនៅប្រទេសអាមេរិក ក្នុងមួយខែមួយលេខ ហើយចែកចាយទៅប្រទេសនានា ដែលមានប្រជាជនខ្មែររស់នៅ រូមទាំងមកប្រទេសកម្ពុជា ផងដែរ តាមរយៈប្រព័ន្ធអេឡិចត្រូនិក និងជួនកាលចែកចាយច្បាប់ដើមផង។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍នៅថ្ងៃទី៣១ ខែតុលានេះថា លោកបានដឹងអំពីនិន្នាការនយោបាយរបស់កាសែតអង្គរបូរី ដោយលោកថ្លែងថា ការរិះគន់ព្រះវីរក្សត្ររបស់កាសែតអង្គរបូរីនេះ មិនមែនជាលើកទីមួយនោះទេ គឺមានជាញឹកញាប់មកហើយ ក៏ប៉ុន្តែក្រសួងព័ត៌មានមិនមានលទ្ធភាពចាត់វិធានការកាសែតអង្គរបូរីបានទេ ព្រោះកាសែតនេះបោះពុម្ពផ្សាយនៅបរទេស ដែលហួសពីសមត្ថភាពរបស់ក្រសួង។
លោក ខៀវ កាញារីទ្ធ បន្តថា ៖ «ក្រុមសាធារណរដ្ឋ ក្រុម សុប ប៉ូលិន ក្រុមអីទាំងអស់ហ្នឹង។ កាសែតអង្គរបូរី ជេរស្តេចតាំងពីដើមមក»។
ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលរដ្ឋសភាអនុម័តនៅខែកញ្ញា ឆ្នាំ១៩៩៣ ត្រង់មាត្រាទី៧ បានចែងថា ព្រះមហាក្សត្រមិនអាចមានជនណារំលោភបានទេ៕
