ជំនួយការប្រតិបត្តិរបស់កងយោធពលខេមរភូមិន្ទនៃកងវរលេខ៨១ដែលកំពុងត្រៀមប្រយុទ្ធនៅតំបន់វាលឥន្ទ្រីភ្នំទ្រព្យភាគខាងលិចប្រាសាទព្រះវិហារ បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃពុធ ថា ការប្រឈមមុខដាក់គ្នារវាងទាហានខ្មែរនិងកងកុម៉្មង់ដូមួកក្រហមរបស់ថៃនៅតំបន់ទល់មុខវាលឥន្ទ្រីនិងកំពូលភ្នំទ្រព្យនៅតែមានសភាពតានតឹងនៅឡើយដោយកម្លាំងទាំងសងខាងកំពុងតែជីកលេណដ្ឋានត្រៀមប្រយុទ្ធរៀងៗខ្លួន ៖ «អត់ដកថយផងធម្មតាដដែល តាមមើលទៅវារាងញញើតៗដែរ ជីកដូចតែគ្នាហ្នឹង វាជីកខ្លាំងជាងយើង ជីករាល់តែថ្ងៃ ខ្ញុំកំណត់ពេលវេលាបាន មេៗកំពុងតែជួបគ្នា ខាងខ្ញុំមេវរមេអីហ្នឹងឯង»។
មន្ត្រីយោធាខ្មែរដដែលបានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃពុធមេបញ្ជាការយោធាខ្មែរថៃបានជួបប្រជុំគ្នានៅលើកំពូលភ្នំទ្រព្យដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានិងការបញ្ចៀសចេញការប៉ះទង្គិចគ្នាដោយអាវុធជាថ្មី។
ចំណែកនៅឯតំបន់ខ្នងភ្នំជប់គគីរនៃឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យវិញ មានសេចក្តីរាយការណ៍ថា ទាហានឈុតខ្មៅថៃមួយក្រុមដែលបានចូលមកជីកលេណដ្ឋានកាលពីថ្ងៃអង្គារនៅជិតភូមិបានដកថយទៅបន្ទាយរបស់ពួកគេវិញហើយនៅថ្ងៃពុធនេះ។
ប្រជាពលរដ្ឋមួយរូបនៅភូមិជប់គគីរខាងលិច លោក នួន ខ្លី បានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធថា កងទាហានឈុតខ្មៅថៃបានដកថយទៅវិញ ក៏ប៉ុន្តែអ្នកភូមិជប់គគីរខាងលិចនិងភូមិជប់គគីរខាងកើតជាច្រើនបានចាកចោលផ្ទះសម្បែងដោយសារតែការភ័យខ្លាច។
លោក នួន ខ្លី បានឲ្យដឹងថា ៖ «ទាហានខ្មៅវាដកចូលកន្លែងចាស់វា កាលពីម្សិលមិញវាចេញក្រៅពីបន្ទាយវារុលមកមុខបន្តិច។ ប្រជាជនបើថាខាងកើតនៅប្រហែលជា៤-៥គ្រួសារ ព្រោះភូមិខាងកើតវានៅកៀកជាងខាងលិច ដល់វាមកជីកត្រង់សេជីកអី វាចេញទៅវាដូចជាជិតគ្នាពេក អ្នកស្រុកឃើញដូចជានៅមិនបាន ចេះតែនាំគ្នាចុះទៅ»។
បញ្ហាជម្លោះព្រំដែននេះដែរនៅតំបន់ច្រកជាំសាង៉ាំនៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កងទាហានខ្មែរបានបញ្ជាឲ្យធ្វើការប្រុងប្រយ័ត្នខណៈពេលដែលគេទទួលព័ត៌មានថា ថៃបានបញ្ជូនកងយោធាមួយចំនួនមកក្បែរៗព្រំដែននៅក្នុងទឹកដីថៃ។
មន្ត្រីប៉ូលិសព្រំដែនមួយរូបដែលកំពុងប្រចាំការនៅច្រកទ្វារជាំសាង៉ាំបានមានប្រសាសន៍ថា ស្ថានភាពទីនោះនៅមានសភាពធម្មតា មានប្រជាពលរដ្ឋខ្មែរថៃបានឆ្លងដែនចេញចូលទៅមករកគ្នា ក៏ប៉ុន្តែកងទាហានខ្មែរជាច្រើនបានរាយបណ្តាក់រួចជាស្រេច ប្រសិនបើមានការប៉ះទង្គិចគ្នាដោយអាវុធកើតឡើង ហើយមានប្រជាពលរដ្ឋខ្មែរតិចតួចដែលរស់នៅទីនោះបានចាកចេញពីផ្ទះសម្បែងជាបណ្តោះអាសន្នដោយសារតែភ័យខ្លាចមានការប៉ះប្រយុទ្ធរវាងទាហានខ្មែរនិងថៃ។
មន្ត្រីប៉ូលិសដដែលបានមានប្រសាសន៍ថា ៖ «កន្លែងណាក៏មានការចល័តផ្លាស់ប្ដូរពួកវាអ៊ីចឹងដែរ ប៉ុន្តែវាអត់ទាន់មានការប្រឈមមុខអី ប៉ុន្តែកងកម្លាំងយើងត្រូវមានការប្រុងប្រយ័ត្នតែប៉ុណ្ណឹង។ ធម្មតាអីធម្មតា ប្រជាពលរដ្ឋនៅលក់ដូរ ចេញចូលធម្មតា គ្រាន់តែថាវាមិនសូវច្រើនដូចរាល់ដងតែប៉ុណ្ណឹង»។
រីឯនៅតំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របីវិញ មន្ត្រីយោធាខ្មែរបានរាយការណ៍មកថា ស្ថានភាពយោធាមិនមានអ្វីគួរឲ្យបារម្ភទេ។
នាយសេនាធិការនៃកងយោធពលខេមរភូមិន្ទក្នុងកងពលតូចលេខ៤២ដែលកំពុងប្រចាំការនៅតំបន់ប្រាសាទតាមាន់ លោក នាក់ វង្ស បានមានប្រសាសន៍ថា កម្លាំងយោធាខ្មែរនិងថៃបាននៅក្នុងបន្ទាយរៀងៗខ្លួនជិតគ្នានោះដោយមិនមានបញ្ហាប្រឈមមុខដាក់គ្នាទេ ហើយប្រាសាទតាមាន់នៅតែបើកឲ្យភ្ញៀវចូលទស្សនាធម្មតា។
លោក នាក់ វង្ស បានបញ្ជាក់ថា ៖ «កម្លាំងគេនៅបន្ទាយគេធម្មតា។ គេនៅបន្ទាយគេខាងនោះប្រាសាទទៅ យើងនៅបន្ទាយយើងខាងនេះប្រាសាទទៅ ក្នុងប្រាសាទចូលធ្វើការ។ យើងនៅតែយើងជិតៗគ្នាហ្នឹង។ ធម្មតាអត់មានអីទេ ផឹកតែជុំគ្នា»។
ចំណែកនៅតំបន់ព្រំដែនច្រកតាទុំនៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏មានសេចក្តីរាយការណ៍ថា ស្ថានភាពបានស្ងប់ស្ងាត់ដោយកងយោធាខ្មែរបានដើរល្បាតការពារព្រំដែនជាប្រចាំ។
សូមរំឭកថា កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែមេសាកន្លងមក នៅលើកំពូលភ្នំទ្រព្យចម្ងាយជាង៤គីឡូម៉ែត្រភាគខាងលិចពីប្រាសាទព្រះវិហារសឹងតែមានការប៉ះប្រយុទ្ធគ្នាជាថ្មីម្តងទៀតខណៈដែលកងកុម៉្មង់ដូរបស់ថៃមួយក្រុមបានជំរុលចូលមកជិតខ្សែត្រៀមរបស់ទាហានខែ្មរ ស្របពេលដែលគណៈកម្មការព្រំដែនគោកកម្ពុជាថៃកំពុងជួបប្រជុំដើម្បីស្វែងរកដំណោះស្រាយបញ្ហាជម្លោះព្រំដែននៃប្រទេសទាំងពីរដែលបានកើតមានជាង៦ខែមកហើយ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ឲ្យដឹងថា ការជួបប្រជុំរវាងគណៈកម្មការព្រំដែនគោកកម្ពុជាថៃនៅទីក្រុងភ្នំពេញរយៈពេលពីរថ្ងៃដើម្បីស្វែងរកដំណោះស្រាយប្រសើរលើបញ្ហាជម្លោះព្រំដែនដែលទើបបានបញ្ជប់កាលពីយប់ថ្ងៃអង្គារ គឺភាគីទាំងពីរបានព្រមព្រៀងលើគម្រោងនឹងចុះពិនិត្យបង្គោលព្រំដែននៃប្រទេសទាំងពីរចាប់ពីតំបន់ច្រកជាំសាង៉ាំ ស្រុកអន្លង់វែង រហូតដល់តំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របីនៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅខែឧសភាខាងមុខនិងតំបន់ប្រាសាទព្រះវិហារគណៈកម្មការព្រំដែនកម្ពុជាថៃគ្រោងនឹងរៀបចំក្រុមដោះមីនចម្រុះបណ្តោះអាសន្ននៅខែមិថុនាដើម្បីឲ្យគណៈកម្មការបច្ចេកទេសព្រំដែនទាំងពីរទៅពិនិត្យជាក់ស្តែងនៅលើដីដើម្បីឈានទៅរកការបោះបង្គោលទៅលើចំណុចព្រំដែនអាទិភាព។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៖ «ខែ៥នេះ គឺគេចុះទៅពិនិត្យមើលបង្គោលពីច្រកជាំរហូតដល់ប្រាសាទតាក្របីឬប្រាសាទតាមាន់ដើម្បីជាការងារបន្តទៀត ហើយអ្វីដែលនៅក្នុងតំបន់ប្រាសាទព្រះវិហារ ខែ៦នេះ គេទៅរៀបចំក្រដាសស្នាម វិធី ការរៀបចំគណៈកម្មការចម្រុះបណ្ដោះអាសន្នដោះមីនកម្ពុជាថៃដើម្បីរៀបចំសម្អាតផ្លូវដល់គណៈកម្មការបច្ចេកទេសខណ្ឌសីមាដីគោកកម្ពុជាថៃទៅពិនិត្យជាក់ស្ដែងនៅលើដី និងការរៀបចំការងារបោះបង្គោលនៅម្ដុំហ្នឹង។ ...ទី១ ក្នុងការងារពិនិត្យមើលបោះព្រំដែននៅតំបន់ប្រាសាទព្រះវិហារដែលជាតំបន់លេខ៦»។
សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសថៃបានបញ្ជូនកងទ័ពរបស់ខ្លួនរាប់រយនាក់ចូលមកកាន់តំបន់ទីវត្តខ្មែរកែវសិក្ខាគិរីស្វៈរៈជិតប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ រហូតដល់មានការប៉ះប្រយុទ្ធគ្នាជាបន្តបន្ទាប់បណ្តាលឲ្យស្លាប់និងរបួសកងទ័ពទាំងសងខាងនោះ ភាគីកម្ពុជាបានទាមទារឲ្យប្រទេសថៃដកកងទ័ពរបស់ខ្លួនចេញពីទីវត្តកែវសិក្ខាគិរីស្វៈរៈតំបន់ជុំវិញវត្តនិងជុំវិញប្រាសាទព្រះវិហារ ក៏ប៉ុន្តែរហូតមកដល់ពេលនេះប្រទេសថៃនៅមិនទាន់មានការឆ្លើយតបជាក់លាក់ណាមួយចំពោះការទាមទារនោះទេ៕
