ស្ថានភាព​យោធា​នៅ​តាម​ព្រំដែន​ខ្មែរ​ថៃ ថ្ងៃ​៩ មេសា ២០០៩

ទោះ​ជា​មាន​សេចក្តី​រាយការណ៍​ជា​បន្ត​បន្ទាប់​មក​ថា ស្ថានភាព​យោធា​នៅ​តាម​ព្រំដែន​ខ្មែរ​ថៃ​ជិត​ប្រាសាទ​ព្រះវិហារ​ពេល​នេះ​មាន​ភាព​ធូរ​ស្រាល​ជាង​ពេល​មុន​ក្តី ប៉ុន្តែ​ទាហាន​ខ្មែរ​នៅតែ​មាន​ការប្រុង​ប្រយ័ត្ន​ដដែល ព្រោះ​ថា​ទាហាន​ថៃ​នៅតែ​ព្យាយាម​លួច​ចូល​ទៅ​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​តំបន់​នោះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ទាហាន​ថៃ​៤​នាក់​បាន​ព្យាយាម​ចូល​និង​មាន​ទាំង​យន្តហោះ​ថៃ​ហោះ​លើ​តំបន់​ប្រាសាទ​ព្រះវិហារ​ទៀត​ផង។

លោក សាវយុត រាយការណ៍​ព័ត៌មាន​បន្ថែម​ពី​បញ្ហា​នេះ​តាម​រយៈ​ការសាកសួរ​របស់​លោក ពៅ ពន្លក ៖

ពៅ ពន្លក ៖ លោក សាវយុត ក្នុង​ពេល​នេះ​តើ​មាន​ការផ្លាស់​ប្ដូរ​អ្វី​ទេ​ទាក់ទង​បញ្ហា​ជម្លោះ​រវាង​ខ្មែរ​និង​ថៃ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​នោះ?

សាវយុត ៖ សូម​ជម្រាប​ថា ខ្ញុំ​បាន​ពិនិត្យ​ស្ថានការណ៍​ជា​ច្រើន​តំបន់ ចាប់​តាំង​ពី​ច្រក​ជប់គគីរ​ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ ច្រក​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី ហើយ​ច្រក​អូរស្មាច់​រហូត​មក​ដល់​ច្រក​ជាំសាង៉ាំ​នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃ​នេះ សភាពការណ៍​ប្រឈម​មុខ​គ្នា​រវាង​កង​ទាហាន​ខ្មែរ​និង​កង​យោធា​ថៃ​ពុំ​មាន​អ្វី​ជា​ធំ​ដុំ​ទេ គឺ​មាន​សភាព​ធម្មតា​នៅ​ឡើយ។

ពៅ ពន្លក ៖ លោក​មាន​ប្រសាសន៍​ថា ស្ថានភាព​ធម្មតា​នៅ​ឡើយ​ហ្នឹង​មាន​ន័យ​យ៉ាង​ម៉េច?

សាវយុត ៖ គឺ​មាន​ន័យ​ថា កង​ទាហាន​ទាំង​សងខាង​មាន​សកម្មភាព​ប្រឈម​មុខ​ដាក់​គ្នា​តឹងតែង​ទេ ដោយសារ​តែ​កង​ទាហាន​ថៃ​នៅ​ឆ្ងាយ​តំបន់​ក្នុង​ទឹក​ដី​ព្រំដែន​របស់​គេ ហើយ​កង​ទាហាន​ខ្មែរ​យើង​ក៏​បាន​នៅ​ក្នុង​តំបន់​គ្រប់គ្រង​របស់​ខ្លួន​ដោយ​មិន​មាន​ការជ្រៀត​ចូល​ពី​ខាង​ណា ហើយ​មាន​ការត្រៀម​ប្រយុទ្ធ​ជាមួយ​ខាង​ណា​ទេ។

ប៉ុន្តែ​ដោយ​ឡែក​នៅ​ឯ​តំបន់​ប្រាសាទ​ព្រះវិហារ​ហ្នឹង ខ្ញុំ​បាន​ទទួល​ព័ត៌មាន​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១២​ថ្ងៃ​ត្រង់​ហ្នឹង ឮ​ថា​មាន​សំឡេង​យន្តហោះ​ប្រតិកម្ម​ដែល​ហោះ​នៅ​ជិតៗ​តំបន់​ជម្លោះ​នៃ​ទឹក​ដី​ខេត្ត​ព្រះវិហារ ក៏​ប៉ុន្តែ​គេ​មិន​បាន​មើល​ឃើញ​យន្តហោះ​ហ្នឹង​យ៉ាង​ម៉េច​ទេ ដោយ​ថា​យន្តហោះ​នោះ​បាន​ហោះ​ខ្ពស់ ហើយ​ឮ​តែ​សំឡេង ក៏​ប៉ុន្តែ​កាលពី​វេលា​ម៉ោង​៣​រសៀល​នោះ​នៅ​ឯ​មុខ​វាល​ឥន្រ្ទី​ដែល​ជា​តំបន់​ធ្លាប់​ប៉ះ​ប្រយុទ្ធ​នោះ ខ្ញុំ​បាន​ទទួល​សេចក្ដី​រាយការណ៍​ពី​កង​យោធា​ខ្មែរ​ប្រចាំ​នៅ​តំបន់​ហ្នឹង​ថា មាន​មេ​បញ្ជាការ​ទាហាន​ថៃ​៤​នាក់​បាន​ព្យាយាម​ចូល​មក​កាន់​តំបន់​ជិត​ខ្សែ​ត្រៀម​ប្រយុទ្ធ​សា​ជា​ថ្មី ហើយ​ធ្វើ​ឲ្យ​ទាហាន​ខ្មែរ​នៅ​គ្រប់​ទី​កន្លែង​ទាំងអស់​ជុំវិញ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​ចាប់​តាំង​ពី​លើ​ប្រាសាទ តំបន់​នៅ​មុខ​ប្រាសាទ​សំបុក​ឃ្មុំ​ហ្នឹង​មាន​ការត្រៀម​ខ្លួន​ប្រយុទ្ធ ហើយ​នាំ​គ្នា​ប្រុង​ប្រៀប​ជា​ស្រេច ក៏​ប៉ុន្តែ​ស្ថានការណ៍​នោះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ពេល​ដែល​មេ​បញ្ជាការ​យោធា​ខ្មែរ ហើយ​និង​មេ​បញ្ជាការ​យោធា​ថៃ បាន​សួរ​បញ្ជាក់​អំពី​ការព្យាយាម​ចូល​មក​របស់​ទាហាន​ថៃ​៤​នាក់​នៅ​តំបន់​វាល​ឥន្រ្ទី​នោះ។ បន្ទាប់ពី​ការជជែក​មួយ​ម៉ោង​ក្រោយ​មក​ស្ថានការណ៍​បាន​ស្ងប់​ជា​ធម្មតា​វិញ​ដោយសារ​តែ​ទាហាន​ថៃ​ទាំង​៤​នោះ​បាន​ដក​ខ្លួន​ថយ​ទៅ​វិញ​ហើយ