ស្ថានការណ៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត

2009-11-07

ស្ថានការណ៍​ទូទៅ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មាន​ភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​វិច្ឆិកា​នេះ ខុស​ពី​សព្វដង បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ប្រជាជន​ថៃ​បាន​នាំ​គ្នា​សម្រុក​ចាកចេញ​ពី​ទឹក​ដី​ខ្មែរ​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​វិញ​តាម​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ឬ​ហៅ​ថា​ស្ពាន​ឆ្លង​អូរ​ប៉ោយប៉ែត។

RFA/Sophal Mony

ទិដ្ឋភាព​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​៦ វិច្ឆិកា ២០០៩។

ការ​នាំ​គ្នា​សម្រុក​ចាក​ចេញ​គឺ​ដោយសារ​ជនជាតិ​ថៃ​ទាំង​នោះ​បាន​ទទួល​ដំណឹង​ថា ភាគី​អាជ្ញាធរ​ថៃ​បាន​ប្រកាស​ឲ្យ​ជនជាតិ​របស់​ខ្លួន​ត្រឡប់​ចូល​ទៅ​ទឹក​ដី​របស់​ខ្លួន និង​ក្រោយ​ពី​អាជ្ញាធរ​ថៃ​បាន​បិទ​ច្រក​ទ្វារ​អស់​រយៈពេល​ប្រហែល​១៥​នាទី​នា​ព្រឹក​ថ្ងៃ​សុក្រ​ដដែល​នេះ។

ប្រជាជន​ថៃ​ដែល​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​ភាគ​ច្រើន​បាន​បដិសេធ​មិន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ដែល​ពួក​គេ​ចាក​ចេញ​ពី​ទឹក​ដី​ខ្មែរ​ទេ ក៏​ប៉ុន្តែ​តាម​ការ​ស្តាប់ ប្រជាជន​ថៃ​ដែល​ដើរ​ឆ្លង​លើ​ស្ពាន​និយាយ​ថា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បិទ​ច្រក​ទ្វារ។

ស្ត្រី​ជនជាតិ​ថៃ​ឈ្មោះ លឿន ផន អាយុ​៤១​ឆ្នាំ បាន​និយាយ​ថា ការ​ចាក​ចេញ​របស់​ពលរដ្ឋ​ថៃ​ពី​ទឹក​ដី​ខ្មែរ គឺ​ដោយសារ​ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ។ លឿន ផន បន្ត​ថា អ្នក​ស្រី​ចង់​ឲ្យ​ស្ថានការណ៍​ទូទៅ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។

ស្ត្រី​ជនជាតិ​ថៃ​ឈ្មោះ លឿន ផន បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បក​ប្រែ​ថា ៖ «ថៃ​គេ​មក​រកស៊ី​ត្រង់​នេះ ខ្មែរ​គេ​ទៅ​រកស៊ី​ត្រង់​នោះ ជា​អ្នក​ភូមិ​ផង​របង​តែ​មួយ»

បុរស​ជនជាតិ​ថៃ​ម្នាក់​ទៀត​ឈ្មោះ វ៉ាន់ ឆៃកែវ សាវ៉េន អាយុ​៥២​ឆ្នាំ បាន​ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​ថា ៖ «គាត់​ចង់​ឲ្យ​ប្រទេស​ទាំង​ពីរ​ជា​បង​ប្អូន​នឹង​គ្នា ឲ្យ​ដូច​កាល​ពី​មុន មិន​ឲ្យ​មាន​បញ្ហា​អ៊ីចឹង​ទេ»

អាជីវករ​ខ្មែរ​ឈ្មោះ ច្រឹប អាយុ​៣២​ឆ្នាំ បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អាជីវករ​មាន​ការ​ព្រួយ​បារម្ភ​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ជ្រួល​ច្របល់​ដូច​ប្រជាជន​ថៃ​នោះ​ទេ ៖ «ខាង​គេ​(ថៃ)​រាង​ជ្រួល​ច្របល់​បន្តិច​ដែរ ខាង​យើង​ដូច​មិន​សូវ​ទេ»

ចំណែក​ឯ​អាជីវករ​ខ្មែរ​ម្នាក់​ទៀត​ក៏​បាន​ថ្លែង​បន្ថែម​ថា ៖ «បើ​ថា​ខាង​នោះ​វា​មក ចេះ​តែ​ទៅ​នឹង​គេ​ដែរ ចេញ​មក​ពី​ថៃ​ហ្នឹង​ណា៎!»

ជុំវិញ​ស្ថានការណ៍​ចាក​ចេញ​របស់​ពលរដ្ឋ​ថៃ​នេះ លោក​ឧត្តមសេនីយ៍ ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា ស្ថានការណ៍​ទូទៅ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​មាន​សភាព​ធម្មតា ប៉ុន្តែ​ការ​ចាក​ចេញ​របស់​ពលរដ្ឋ​ថៃ​ទំនង​ដោយសារ​ក្រុម​អាវ​លឿង​ថៃ​មាន​គម្រោង​មក​ធ្វើ​បាតុកម្ម​កាល​ពី​ព្រឹក​មិញ។

លោក​ឧត្តមសេនីយ៍ ហ៊ុន ហ៊ាន បាន​បញ្ជាក់​ថា ៖ «គេ​ថា​បម្រុង​នឹង​មក​ធ្វើ​បាតុកម្ម​នៅ​ផ្សារ​លុងកឿ​ណា៎ ប៉ុន្តែ​ខាង​អភិបាល​ខេត្ត​ស្រះកែវ លោក​ក៏​មាន​វិធានការ​ទប់​មិន​ឲ្យ​មាន​សភាពការណ៍​នោះ​កើត​ឡើង​ទេ»

ទោះ​ជា​យ៉ាង​ណា​នៅ​ក្នុង​ទឹក​ថៃ​ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គេ​សង្កេត​ឃើញ​ភាគី​ថៃ​បាន​ដាក់​ទាហាន​ឈុត​ខ្មៅ កង​តម្រួត​ជា​ច្រើន​ត្រៀម​នៅ​ទី​នោះ​តាំង​ពី​ព្រឹក​ព្រលឹម​មក។ ដោយ​ឡែក​នៅ​លើ​ទឹក​ដី​ខ្មែរ វេលា​ម៉ោង​ប្រហែល​ជា​១​រសៀល​ថ្ងៃ​សុក្រ​ដដែល គេ​សង្កេត​ឃើញ​កង​ខេមរ​ភូមិន្ទ​មួយ​ក្រុម​មាន​គ្នា​ប្រហែល​ជា​៤​នាក់​បាន​ជិះ​ឡាន​១​គ្រឿង​ដល់​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ពិនិត្យ​ស្ថានការណ៍​នៅ​ទី​នោះ​ហើយ​ជិះ​ឡាន​ចេញ​ទៅ​វិញ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

កម្ពុជា​បក​ស្រាយ​រឿង​ចាប់​ខ្លួន​និង​ហាម​​ថៃ​មិន​ឲ្យ​បញ្ជា​ចរាចរណ៍​ជើង​អាកាស

មន្ត្រី​ការ​បរទេស​ថៃ​ឲ្យ​កម្ពុជា​គោរព​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម

កម្ពុជា​ហាម​បុគ្គលិក​ថៃ​មិន​ឲ្យ​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​ជើង​យន្តហោះ

កម្ពុជា​មិន​ទាន់​ទទួល​លិខិត​ផ្លូវការ​ស្នើ​សុំ​ដោះ​លែង​ចារកម្ម​ថៃ​នៅ​ឡើយ

មន្រ្តី​រដ្ឋាភិបាល​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​និង​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

ទស្សនៈ​នានា​ជុំវិញ​ការ​លើក​អភ័យ​ឯក​សិទ្ធិ​សមរង្ស៊ី

អាជ្ញាធរ​ថៃ​គ្រោង​ដោះលែង​ខ្មែរ​៨​នាក់​ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់

សមរង្ស៊ី​ប្រតិកម្ម​ទៅ​នឹង​ការ​ព្យួរ​​អភ័យ​ឯក​សិទ្ធិ

ក្រសួង​យុត្តិធម៌​គ្រោង​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​ស្វាយរៀង​កោះ​ហៅ​សមរង្ស៊ី​ឆាប់ៗ

ស្ថានភាព​នៃ​ការ​នាំ​ទំនិញ​ថៃ​ចូល​មក​កម្ពុជា