ស្ថានភាព​អ្នក​ស្លាប់​និង​របួស​នៅ​មន្ទីរពេទ្យ

ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅ​តំបន់​ កោះ​ពេជ្រ សាកសព​មួយ​ចំនួន​ត្រូវ​ក្រុម​គ្រួសារ​បាន​មក​ទទួល​យក​ពី​មន្ទីរពេទ្យ​យក​ទៅ​ ផ្ទះ​នៅ​ឯ​ស្រុក​កំណើត រី​ឯ​សាកសព​មួយ​ចំនួន​ទៀត សមត្ថកិច្ច​នៅ​មិន​ទាន់​រក​ឃើញ​ក្រុម​គ្រួសារ​របស់​គេ​នៅ​ឡើយ។

ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់ ៣៧៥នាក់ និង​របួស​ចំនួន ៧៥៥​នាក់​ហើយ ភាគ​ច្រើន​ជា​នារី នៅ​ក្នុង​ឧបទ្ទវហេតុ​ដ៏​គួរ​ឲ្យ​រន្ធត់​កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដោយ​ការ​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ឆ្លង​កាត់​ដៃ​ទន្លេ​បាសាក់ ពី​សួន​ច្បារ ហ៊ុន សែន ទៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុ​ប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា និង​ជា​អនុ​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ដោះស្រាយ​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ​ផង​ដែរ​នោះ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ថា សាកសព​ទាំង​នោះ​ភាគ​ច្រើន​គ្រួសារ​គេ​បាន​មក​ទទួល​យក​ពី​មន្ទីរពេទ្យ ហើយ​នៅ​មួយ​ចំនួន​ទៀត​ដែល​គេ​មិន​ទាន់​រក​ក្រុម​គ្រួសារ​ឃើញ​នោះ គេ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ។

មន្ទីរពេទ្យ​ចំនួន​៨ ដែល​គេ​ដឹក​ជន​រងគ្រោះ​យក​មក​សង្គ្រោះ​បន្ទាន់ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​នោះ មាន​តែ​មន្ទីរពេទ្យ​ចំនួន​៤​ទេ ដែល​គេ​តម្កល់​ទុក​សាកសព មាន​ដូច​ជា​មន្ទីរពេទ្យ​កាល់ម៉ែត ព្រះកេតុមាលា មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-​សូវៀត ឬ​ហៅ​ថា ពេទ្យ​រុស្ស៊ី និង​មន្ទីរពេទ្យ​ព្រះកុសុមៈ។

អនុ​ប្រធាន​មន្ទីរពេទ្យ​កាល់ម៉ែត លោក ញើម សូភឿន បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ដែល​ដឹក​យក​មក​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​របស់​លោក មាន​មួយ​ចំនួន​បាន​ស្លាប់​តាំង​ពី​នៅ​កន្លែង​កើត​ហេតុ មួយ​ចំនួន​ស្លាប់​ពេល​ដឹក​មក​នៅ​តាម​ផ្លូវ និង​មួយ​ចំនួន​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​នេះ ហើយ​អ្នក​របួស​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​មាន​ជាង ១៥០​នាក់។

ប្រភព​ពី​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ភាគ​ច្រើន​ជា​យុវជន មាន​ដូចជា​កម្មករ​រោងចក្រ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​មក​ពី​ខែត្រ​កណ្តាល កំពង់ចាម កំពង់ធំ ស្វាយរៀង ព្រៃវែង សៀមរាប ខែត្រ​តាកែវ និង​ខែត្រ​ផ្សេងៗ​ទៀត។

និស្សិត​ឈ្មោះ ចរិយា បាន​យំ​សម្ដែង​ការ​សោកស្ដាយ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​នាង​នៅ​ក្រៅ​បរិវេណ​តម្កល់​សព​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​ថា មិត្ត​រួម​ថ្នាក់​របស់​នាង​ឈ្មោះ ទីនី ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជា​និស្សិត​ឆ្នើម​ឆ្នាំ​ទី​៣ ដែល​ទទួល​បាន​អាហារូបករណ៍​នៃ​វិទ្យាស្ថាន​ភាសា​បរទេស ហៅ​ថា អាយ.អែហ្វ.អិល (IFL) បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ។

ជន​រងគ្រោះ​ដែល​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ឈ្មោះ ឆេង សូនី ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​រៀបរាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ថា បញ្ហា​ដំបូង​បណ្ដាល​មក​ពី​ការ​ប្រជ្រៀត​គ្នា និង​រុញ​គ្នា ដើម្បី​ចង់​បាន​ទៅ​មុន​គេ ពេល​នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ដួល​ហើយ​ជាន់​គ្នា។

រហូត​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​មូលហេតុ​ផ្លូវការ​ច្បាស់​លាស់​ថា តើ​ព្រឹត្តិការណ៍​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​នេះ បណ្ដាល​មក​ពី​អ្វី​ពិត​ប្រាកដ​នោះ ប៉ុន្តែ​ការ​សន្និដ្ឋាន​ជា​បឋម​របស់​លោក ញឹម វណ្ណដា និង​អគ្គស្នងការ​រង​នគរបាល​ជាតិ លោក សូរ ផន បាន​បញ្ជាក់​ថា បណ្ដាល​មក​ពី​ការ​រត់​ជាន់​គ្នា និង​លោត​ចុះ​​ពី​លើ​ស្ពាន​នៅ​ពេល​មាន​មនុស្ស​កកកុញ​រត់​ជាន់​គ្នា​នោះ មិន​មែន​ជា​រឿង​ភេរវកម្ម និង​មាន​ជាតិ​ពុល​អ្វី​ទេ បន្ទាប់​ពី​គេ​បាន​ធ្វើ​កោសល្យវិច័យ​នោះ។

យ៉ាង​នេះ​ក្តី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ភ្លាមៗ បន្ទាប់​ពី​ហេតុការណ៍​នេះ​កើត​ឡើង ដោយ​បង្គាប់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ស៊ើប​អង្កេត​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ករណី​នេះ។

រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ទទួល​បន្ទុក​ដោះស្រាយ​ករណី​ឧបទ្ទវហេតុ ដើម្បី​ចាត់ចែង​សង្គ្រោះ​ជន​រង​គ្រោះ ចាត់​ចែង​បញ្ជូន​សព​ទៅ​ឲ្យ​សាច់​ញាតិ ឧបត្ថម្ភ​ជន​រង​គ្រោះ ស៊ើប​អង្កេត​មូលហេតុ​នៃ​ឧបទ្ទវហេតុ ដែល​មាន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ជា​ប្រធាន​គណៈកម្មការ។

លោក ញឹម វណ្ណដា បាន​បន្ថែម​ថា សាកសព​ប្រមាណ ៦០%​ហើយ ដែល​ក្រុម​គ្រួសារ​បាន​មក​ទទួល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​រុស្ស៊ី រី​ឯ​សាកសព​ដែល​មិន​ទាន់​រក​ឃើញ​ក្រុម​គ្រួសារ​នោះ គេ​ត្រូវ​តម្កល់​ទុក​ក្នុង​ទូ​ទឹកកក​នៅ​ក្នុង​មន្ទីរពេទ្យ​ទាំង​នោះ ហើយ​ក្នុង​សាកសព​ម្នាក់​រដ្ឋាភិបាល​បាន​ផ្ដល់​ថវិកា​ចំនួន ៥​លាន​រៀល និង​ឲ្យ​រថយន្ត​ពេទ្យ​ដឹក​សព​ទៅ​ដល់​ផ្ទះ។ រី​ឯ​អ្នក​រង​របួស​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ គឺ​មន្ទីរពេទ្យ​នីមួយៗ​បាន​ព្យាបាល​ដោយ​មិន​គិត​សេវា​នោះ​ទេ ហើយ​រដ្ឋាភិបាល​ក៏​នឹង​ផ្ដល់​ថវិកា​ដល់​ពួកគេ​ផង​ដែរ៕