ប្រជាពលរដ្ឋខ្មែររាប់ពាន់គ្រួសារដែលបានភៀសខ្លួនចោលផ្ទះសម្បែង ដោយសារតែការគេចចេញពីសង្គ្រាមក្នុងពេលដែលទាហានខ្មែរ-ថៃ បានប្រយុទ្ធគ្នាដ៏ខ្លាំងក្លាក្នុងរឿងជម្លោះព្រំដែនជិតតំបន់ប្រាសាទព្រះវិហារ បានឲ្យដឹងថា ពួកគេមានការលំបាកដោយទទួលរងកម្ដៅថ្ងៃខ្លាំង ត្រូវខ្យល់អាកាសច្រើន និងពិបាកចំពោះការគ្មានទឹកស្អាតប្រើប្រាស់នៅពេលដែលគេនាំក្រុមគ្រួសារសង់ជំរំជ្រកក្រោមដំបូលតង់កៅស៊ូ ដែលចងតាមទីវាលធ្វើជាជម្រកបណ្ដោះអាសន្ននោះ។
គ្រួសារប្រជាពលរដ្ឋភៀសសឹកខ្លះបាននិយាយថា ពួកគេមិនមានបញ្ហាលើការខ្វះស្បៀងអាហារនោះទេ ដោយសារតែកាកបាទក្រហមកម្ពុជា មន្ត្រីរដ្ឋាភិបាល និងអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល តែងទៅចែកស្បៀង និងដំបូលតង់ឲ្យពួកគេ ដើម្បីបានសង់ទីជម្រកជាហូរហែ ក៏ប៉ុន្តែផលលំបាក នៅតែកើតឡើងចំពោះពួកគេ ដោយសារការចាកចេញពីផ្ទះចោលទ្រព្យសម្បត្តិជាច្រើន ដូចជាសត្វចិញ្ចឹម ដីស្រែចម្ការ និងខ្វះខាតទឹកស្អាតប្រើប្រាស់ផង។
លោក សែត ជន ប្រជាពលរដ្ឋរស់នៅភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ចម្ងាយប្រមាណ ២៧គីឡូម៉ែត្រ ភាគខាងកើតពីប្រាសាទព្រះវិហារ ដែលនៅជិតតំបន់ប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ បានមានប្រសាសន៍ថា គាត់បាននាំសមាជិកគ្រួសារចំនួន ១១នាក់ មានកូន និងចៅ ចាកចេញពីលំនៅឋានទៅរកកន្លែងសុវត្ថិភាពក្នុងវត្តទួលអណ្តែក នាឃុំថ្មី ស្រុកគូលែន នៅពេលដែលកងទាហានខ្មែរ-ថៃ បានប៉ះប្រយុទ្ធគ្នាកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១១។
បុរសដដែលបានមានប្រសាសន៍ថា ប្រសិនបើថៃ ដកកងទ័ពចេញពីតំបន់ជិតប្រាសាទព្រះវិហារ ឆាប់ៗ គាត់នឹងវិលត្រឡប់ទៅផ្ទះរបស់គាត់វិញក្នុងពេលឆាប់ៗដែរ ដើម្បីធ្វើស្រែចម្ការ ពីព្រោះរស់ក្នុងស្ថានភាពជាជនភៀសសឹក គាត់មានការពិបាក ដោយជ្រកក្រោមដំបូលតង់កៅស៊ូក្ដៅហែងពិបាកទ្រាំ។
លោក សែត ជន បានប្រសាសន៍បន្ថែមទៀតថា ៖ «កូន ប្រពន្ធ ចៅ បានខោអាវបន្តិចបន្តួច ហើយអង្ករហ្នឹងបាន ២០-៣០គីឡូ (ក្រាម)។ វាលំបាកត្រង់ថា ការរស់នៅវាក្ដៅ ឬក៏ខ្យល់លំបាកខាងទឹកអុស ភ្លើង ខ្លះដែរ»។
ស្ត្រីឈ្មោះ ណុល គន្ធា អាយុ ២៨ឆ្នាំ ដែលនាំកូនស្រីតូចមួយ បានចាកចោលផ្ទះពីភូមិស្រអែម ទៅរស់នៅជ្រកក្រោមដំបូលតង់ឯភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ចម្ងាយប្រមាណជាង ៩០គីឡូម៉ែត្រ ភាគខាងកើតពីប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា គាត់បាននាំកូនចាកចោលផ្ទះដោយទុកប្ដីឲ្យចាំផ្ទះ និងថែរក្សាកូនជ្រូកចំនួន ៣ក្បាលដែលគាត់ចិញ្ចឹម ហើយគាត់ហាក់ដូចជាមានការអាឡោះអាល័យផ្ទះ ពីព្រោះមិនធ្លាប់ចាកចោលដូច្នេះទេ។
អ្នកស្រីមានប្រសាសន៍ទៀតថា ៖ «ធ្លាប់នៅផ្ទះដល់មកចោលផ្ទះអ៊ីចឹងដូចមិនសូវចេះដែរ។ ផ្ដាំផ្ញើឲ្យឈប់យកប្រាសាទយកអី ហើយឲ្យឈប់សង្គ្រាមទៅ ព្រោះប្រាសាទរបស់ខ្មែរ។ ឲ្យឈប់ចង់បានរបស់ខ្មែរទៀតទៅ កុំឲ្យមានសង្គ្រាមមានអី ប្រជាពលរដ្ឋកូនតូចកូនតាចពិបាកណាស់ ដូចថា យើងប្រទេសជាប់គ្នាមិនចង់ឲ្យមានបញ្ហា មិនចង់ឲ្យមានជម្លោះជិតខាងនឹងគ្នាទេ ចង់ឲ្យសុខសប្បាយទាំងអស់គ្នា កុំចង់ឲ្យលោភលន់ របស់អ្នកណាឲ្យអ្នកហ្នឹងទៅ»។
លោក ស ថាវី អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ ដែលទាហានខ្មែរ-ថៃ បានប្រយុទ្ធគ្នានៅតំបន់ព្រំដែនជុំវិញប្រាសាទព្រះវិហារ គឺមានជនភៀសសឹកប្រមាណជាង ៣ពាន់គ្រួសារដែលជាប្រជាពលរដ្ឋស៊ីវិល គ្រួសារប៉ូលិសព្រំដែន និងគ្រួសារយោធា ដែលចាកចេញពីភូមិជាច្រើនក្បែរតំបន់ព្រំដែន ដូចជាភូមិធម្មជាតិ ភូមិស្រអែម ភូមិស្វាយជ្រំ ច្រកអានសេះ ស្រុកជាំក្សាន្ត និងច្រកជាំតែ ជាដើម។
គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសកម្ពុជា កាកបាទក្រហមកម្ពុជា មន្ត្រីរដ្ឋាភិបាលមួយចំនួន និងអង្គការមនុស្សធម៌ក្រៅរដ្ឋាភិបាល មានអង្គការការីតាស់ កម្ពុជា (Caratas) និងអង្គការអូហ្វស្វាម (OXFAM) ជាដើម បានដឹកជំនួយសង្គ្រោះបន្ទាន់ មានស្បៀងអាហារ និងដំបូលតង់សម្រាប់ចែកជូនជនភៀសខ្លួនទាំងនោះជាហូរហែ។
លោក ញឹម វណ្ណដា អនុប្រធានទី១ របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១១ រហូតមកដល់ពេលនេះ គឺមានជនភៀសសឹកប្រមាណជាង ៣.២០០គ្រួសារដែលបានចាកចេញពីក្រុងសំរោង ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ជាប់ព្រំដែនខ្មែរ-ថៃ ទៅរកតំបន់សុវត្ថិភាព ដោយសារពួកគេភ័យខ្លាចនៅពេលដែលទាហានខ្មែរ-ថៃ បានប្រយុទ្ធគ្នានៅជិតប្រាសាទព្រះវិហារ។
លោក ញឹម វណ្ណដា មានប្រសាសន៍ឲ្យដឹងថា ៖ «យកចិត្តទុកដាក់ ទី១ បញ្ហាស្បៀង ផ្គត់ផ្គង់ទៅដល់ជនភៀសសឹក ក្រៅពីនោះ គឺបញ្ហាជម្រកសមរម្យ ការស្នាក់នៅហ្នឹងធានាបញ្ហាឈឺថ្កាត់ផ្សេងៗ ហើយប៉ុន្មានថ្ងៃនេះ បានទទួលអំណោយពីសប្បុរសជនក្រសួង ស្ថាប័ន អង្គការដៃគូហ្នឹង យើងគិតថា ក្នុងរយៈពេល ៧ថ្ងៃហ្នឹងមិនមានចោទបញ្ហាទេ។ យើងគិតថា សម្រាប់ពេលខាងមុខ នឹងដោះស្រាយបញ្ហាទៀត ហើយយើងគិតថា ក្នុងរយៈពេលវែងនោះ យើងនឹងកសាងមជ្ឈមណ្ឌលសង្គ្រោះមួយធានាសម្រាប់យូរអង្វែង។ ការឈ្លានពាន ឬគ្រោះមហន្តរាយក្នុងការឈ្លានពានរបស់ថៃ យើងមិនទាន់បានកំណត់ថា រកទីបញ្ចប់ពេលណាទេ»។
អាជ្ញាធរបានឲ្យដឹងថា មានប្រជាពលរដ្ឋខ្មែរមួយចំនួនក្នុងស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានភៀសខ្លួនចាកចេញចោលផ្ទះសម្បែងចាប់តាំងពីមានការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅជិតប្រាសាទព្រះវិហារ ក្នុងរឿងជម្លោះព្រំដែន ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១មក។
ក្រុមគ្រូពេទ្យចល័តដែលកំពុងតាមព្យាបាលជនភៀសសឹក នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ បានឲ្យដឹងថា មានប្រជាពលរដ្ឋភៀសសឹកខ្លះបានកើតជំងឺឈឺក្បាល ក្ដៅខ្លួន និងរាគ ហើយមួយចំនួនទៀតត្រូវគេសង្ស័យថា អាចកើតជំងឺគ្រុនចាញ់ ប៉ុន្តែគ្រូពេទ្យពុំមានសម្ភារៈគ្រប់គ្រាន់ ដើម្បីជោះឈាមយកទៅពិនិត្យនៅឡើយទេ។
លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងគ្រប់គ្រងកងទ័ពខ្មែរជុំវិញប្រាសាទព្រះវិហារ ធ្លាប់បានមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១១ កន្លងទៅ លោកបានជួបចរចាជាមួយលោក ឆាវលីត ប្រាសាន មេបញ្ជាការកងពលលេខ៦ ស៊ូរ៉ាក់ណារី របស់ថៃ ឲ្យបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា ដើម្បីឲ្យជនភៀសខ្លួនទាំងសងខាង បានវិលត្រឡប់ទៅរស់នៅតាមតំបន់ព្រំដែនវិញ។
លោក ស្រី ឌឹក មានប្រសាសន៍ទៀតថា ៖ «ខាងគាត់ ៥ឃុំ បានជម្លៀសទៅនៅកាន់ថារ៉ាឡាក់ ស្មើនឹងប្រជាជនប្រហែលជាចូលម៉ឺននាក់។ យើងក៏មានបញ្ហាដូចគ្នា អ៊ីចឹងយើងបានសម្រួលឲ្យមានការរៀបចំបន្តិចទៅ ហើយគាត់ក៏រុញប្រជាជនមក យើងក៏រុញប្រជាជនមក ដើម្បីរស់នៅតាមជាយព្រំដែនឡើងវិញ ដើម្បីឲ្យប្រជាជនយើងប្រកបរបរធ្វើស្រែចម្ការ ព្រោះដល់ពេលវេលាហើយ»។
ទោះយ៉ាងការចរចារបស់មេទ័ពខ្មែរនោះ គឺមិនបានលទ្ធផលទេ ដោយសារតែបន្ទាប់ពីចរចាទាហានថៃ បានព្យាយាមផ្ទុះអាវុធជាថ្មី កាលពីល្ងាចថ្ងៃដដែលនោះ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០១១ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ត្រៀមខ្លួនចំពោះការលំបាកនានា សម្រាប់រយៈពេលយូរ ដែលអាចកើតមានដោយសារសង្គ្រាមរវាងកងទ័ពខ្មែរ-ថៃ នៅតំបន់ប្រាសាទព្រះវិហារ៕