កងកម្លាំងទាហានទំាងនោះបានថ្លែងឲ្យដឹងនៅថ្ងៃទី១៣ មេសានេះ ថា នៅក្នុងពេលឈប់សម្រាកចូលឆ្នាំថ្មីនេះ ពួកគេមិនមានប្រាក់ដើម្បីឲ្យប្រពន្ធកូនចាយក្នុងពេលចូលឆ្នាំថ្មីនេះទេដែលប្រាក់ខែបើកបានតិចនោះ។
ពលទាហានមួយរូបសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថា ប្រាក់ម្ហូបកាលពីមុនក្នុងមួយថ្ងៃគឺទទួលបាន១ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្នបានតែ៥ពាន់រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ តែគេមិនបើកជូននោះទេ ហើយបានចោទប្រកាន់នាយរងវរសេនាតូចលេខ៣ គឺលោក រ៉ាយ សំអាន ថាយកប្រាក់ទាំងនោះចាត់ចែងម្ហូបឲ្យពួកគេដោយកេងប្រវ័ញ្ចប្រាក់នោះ រាល់ពេលហូបបាយគឺពួកគេមិនមានម្ហូបគ្រប់គ្រាន់នោះទេ។
ទាហានដដែលបានឲ្យដឹងថា ៖ «សម្លអត់ជាតិទេ ប៉ះណាទៅសម្លឃ្លោក បន្លែឃ្លោក ប៉ះណាទៅត្រឡាច ប៉ះណាទៅត្រប់ ប៉ះណាទៅត្រកួន សម្លម្ជូរត្រីកញ្ចុះប្រឡាក់ ក្នុង២០នាក់ត្រី៣អ៊ីចឹងទៅ ត្រីប៉ុនកដៃកូនក្មេង៣គេស្លឲ្យយើងហូបអ៊ីចឹងទៅ២០នាក់»។
ពលទាហានមួយរូបទៀតសុំមិនបញ្ចេញឈ្មោះដោយខ្លាចមេដកចេញពីតួនាទីនោះមានប្រសាសន៍ដែរថា លោកបានបើកប្រាក់ខែបានរៀងរាល់ខែនោះគឺបានមិនទៀងទាត់នោះទេ ក្នុងខែខ្លះបានជាង១៨ម៉ឺនរៀល និងខែខ្លះទៀតបើកបានជាង១៩ម៉ឺនរៀល។
លោកថា ប្រាក់ខែដែលទទួលបានតិចនេះគឺមិនអាចផ្តល់ឲ្យប្រពន្ធកូននៅផ្ទះគ្រប់គ្រាន់នោះទេ ម្យ៉ាងទៀតគ្មានដីធ្វើស្រែក្នុងមួយខែៗពឹងលើប្រាក់ខែតែប៉ុណ្ណោះ។
ទាហានដដែលបានបញ្ជាក់ថា ៖ «គ្រួសារនេះយ៉ាប់ផង ឯណាយើងទៅសមរភូមិផង គេគាបសង្កត់ឯណោះផង។ ប្រពន្ធខ្ញុំទិញអង្ករម្ដង ប៉ះជួនណា៥គីឡូ ៣គីឡូ។ យឺតតែម្ដង យឺតខ្លះដែរ ប៉ុន្តែថារឿងយឺតនោះខ្ញុំមិនបានថាទេ ក៏ប៉ុន្តែថាធ្វើម៉េចឲ្យប្រាក់ខែហ្នឹងវាទៀងទាត់ ឧទាហរណ៍ថា ក្នុងយុវជនត្រូវលុយខែហ្នឹងមួយខែប៉ុន្មានឲ្យគ្នាពិតប្រាកដ វាមានកូនមានប្រពន្ធលុយខែប៉ុន្មាន»។
នាយរងវរសេនាតូចលេខ៣ គឺលោក រ៉ាយ សំអាន មានប្រសាសន៍ថា ប្រាក់ម្ហូបក្នុងមួយថ្ងៃ៥ពាន់រៀលនោះគឺលោកយកទៅទិញម្ហូបប្រចាំថ្ងៃតែប៉ុណ្ណោះ គឺពុំមានការកេងប្រវ័ញ្ចនោះទេ ហើយថាម្ហូបគឺមានគ្រប់គ្រាន់សម្រាប់ពលទាហានទាំង២០នាក់ដែលនៅក្រោមការគ្រប់គ្រងរបស់លោកគឺពុំមានការខ្វះខាតនោះទេ។
លោក រ៉ាយ សំអាន បានមានប្រសាសន៍ថា ៖ «វាមិនគ្រប់គ្រាន់អង្គភាពគេផ្សេង បើអង្គភាពខ្ញុំរឿងអីថាមិនគ្រប់គ្រាន់។ ហូបរាល់តែថ្ងៃ ហើយឃើញវាហូបឆ្អែតរាល់តែថ្ងៃ រឿងអីថាមិនគ្រប់គ្រាន់! មានហើយចូលឆ្នាំទើបឧបនាយករដ្ឋមន្ត្រីយកមកឲ្យ ដូចជាសាច់ជ្រូកហើយនិងលុយបន្ថែមបុណ្យចូលឆ្នាំ។ ចៅហ្វាយខេត្តគាត់មកសួរសុខទុក្ខហើយគាត់យកជំនួយមកជួយឲ្យក្នុងម្នាក់បាន១០ម៉ឺនហើយប៉ុន្មានថ្ងៃមុនហ្នឹង»។
សូមជម្រាបថា មន្រ្តីនាំពាក្យរដ្ឋាភិបាលគឺលោក ខៀវ កាញារីទ្ធ ធ្លាប់មានប្រសាសាន៍ប្រាប់វិទ្យុអាស៊ីសេរីនាពេលកន្លងមកដោយទទួលស្គាល់ថា ប្រាក់បៀវត្សរ៍របស់ពលទាហានខ្មែរគឺនៅមានកម្រិតនៅឡើយ ហើយថាទាហានខ្មែរបច្ចុប្បន្ននេះគឺមានប្រមាណ១០ម៉ឺននាក់៕
