អ្នក​កាសែត​១១​នាក់​ត្រូវ​ទាហាន​រកស៊ី​ដឹក​ឈើ​គំរាម​និង​ឃាត់​ខ្លួន

ក្រុម​អ្នក​កាសែត​ក្នុង​ស្រុក​មក​ពី​អង្គភាព​ចម្រុះ​ចំនួន ១១​នាក់​ដែល​កំពុង​ប្រចាំការ​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា ទាហាន​មួយ​ក្រុម​ដែល​រកស៊ី​ដឹក​ឈើ​ខុស​ច្បាប់​បាន​ប្រើ​អាវុធ​ភ្ជង់​គំរាម​ពួក​គេ ដោយ​ដកហូត​យក​ម៉ាស៊ីន​ថតរូប​និង​ឃាត់​ខ្លួន​ផង​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។

លោក ឆែម សារួម ជា​សមាជិក​​សមាគម​អ្នក​សារព័ត៌មាន​ឃ្លាំមើល​កម្ពុជា​ដែល​ជា​អ្នក​កាសែត​ម្នាក់​ក្នុង​ចំណោម​អ្នក​កាសែត​​ទទួល​រង​ការ​គំរាម​កំហែង​ពី​កង​ទាហាន​នោះ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែ​មករា ឆ្នាំ​២០១០ ថា ក្រុម​អ្នក​កាសែត​ចំនួន ១១​នាក់​បាន​នាំ​គ្នា​ជិះ​រថយន្ត​ពេល​យប់​ទៅ​តំបន់​ភូមិ​កូល សង្កាត់​កូនក្រៀល ហើយ​បាន​ជួប​រថយន្ត​ដឹក​ឈើ​ធំ​ចំនួន ២​គ្រឿង​ដែល​ជាប់​ផុង ក៏​នាំ​គ្នា​ថត​យក​រូបភាព។ ភ្លាមៗ​នោះ​កង​ទាហាន​ប្រដាប់​ដោយ​អាវុធ​ក៏​បាន​យក​កាំភ្លើង​មក​ភ្ជង់​ពួក​គេ​​និង​ឃាត់​មិន​ឲ្យ​ទៅ​ណា។

អ្នក​កាសែត​ដដែល​បាន​មាន​ប្រសាសន៍​ទៀត​ថា ទោះ​យ៉ាង​ណា​គេ​ពុំ​បាន​ស្គាល់​អង្គភាព​ទាហាន​ទាំង​នោះ​ទេ ប៉ុន្តែ​គេ​ឃើញ​ទាហាន​ទាំង​នោះ​មាន​ឯកសណ្ឋាន​ជា​កង​វរ​ការពារ​ព្រំដែន។

លោក ឆឺម សារួម បាន​បញ្ជាក់​ថា ៖ «យប់​មិញ​គ្នា​ប្រហែល​ជា ១១​នាក់​កាសែត។ ពួក​ខ្ញុំ​ទៅ​ភូមិ​កូល​ចម្ងាយ​ពី​ខ្ទម ១០០​ម៉ែត្រ ឃើញ​ឡាន​អា​យី​ឌុប​២​គ្រឿង​ជាប់​ផុង ឡាន​ដឹក​ឈើ ហើយ​ពួក​ខ្ញុំ​ក៏​បាន​ទៅ​ដល់ សួរ​គេ​មិន​ប្រាប់ ក៏​បាន​ថត​សកម្មភាព​ពី​ក្រោយ​ឡាន។ ទាហាន​ប្រហែល​ជិត ១០​នាក់​សម្លៀក​បំពាក់​សុទ្ធ​តែ​វរ​ព្រំដែន ស្រាប់តែ​គេ​យក​កាំភ្លើង​អាកា ២​ដើម កាំភ្លើង​ខ្លី ១​ដើម គេ​ភ្ជង់​អ្នក​កាសែត​គំរាម​ដក​ម៉ាស៊ីន អា​ណា​ចចេស​ដាក់​វា គេ​រក​វាយ​រក​អី​ទៅ​ណា! ឃាត់​ប្រហែល​ជា ១​ម៉ោង​ជាង»

ក៏​ប៉ុន្តែ​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ប៉ិច សុខិន បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ទទួល​ព័ត៌មាន​អំពី​ការ​គំរាម​កំហែង​ទៅ​លើ​ក្រុម​អ្នក​កាសែត​ដោយ​កង​ទាហាន​នោះ​ទេ។

ចំណែក​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ បាន​មាន​ប្រសាសន៍​ថា កង​ទាហាន​ដែល​ប្រដាប់​ដោយ​អាវុធ​មិន​គួរ​ប្រើ​សកម្មភាព​ដូច្នោះ​ទៅ​លើ​អ្នក​កសែត​ទេ។

លោក ប៉ែន សមិទ្ធិ បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​កង​ទាហាន​ធ្វើ​បែប​នោះ​ទៅ​លើ​ក្រុម​អ្នក​កាសែត​មែន​គឺ​ជា​អំពើ​ខុស​ច្បាប់។

លោក ប៉ែន សមិទ្ធិ បាន​មាន​ប្រសាសន៍​ថា ៖ «វា​ជា​ការ​គំរាម​កំហែង​មួយ និង​ជា​ការ​រំលោភ​ដែល​អ្នក​កាសែត​ទាំង​អស់​ហ្នឹង​គួរ​តែ​ពិនិត្យ​មើល​មើល៍​ថា តើ​គាត់​អាច​នឹង​ធ្វើ​ការ​តវ៉ា​តាម​ផ្លូវ​ច្បាប់​យ៉ាង​ម៉េច​ទៅ​លើ​សកម្មភាព​ហ្នុង»

ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​រយៈ​កន្លង​មក​នេះ​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឧត្តរ​នៃ​ប្រទេស​មាន​អ្នក​កាសែត​ក្នុង​ស្រុក​មួយចំនួន​ធ្លាប់​បាន​ទទួល​រង​ការ​គំរាម​និង​វាយដំ​ដោយសារ​តែ​អ្នក​កាសែត​មួយចំនួន​បាន​យក​ឈ្មោះ​អ្នក​កាសែត​ទៅ​កាក់​ឡាន​ឈើ​យក​លុយ​ពី​ពួក​រកស៊ី​ដឹក​ឈើ​ខុស​ច្បាប់ ហើយ​ក្លឹប​ការពារ​អ្នក​កាសែត​និង​សមាគម​អ្នក​កាសែត​ដទៃ​ទៀត​កំពុង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​បាតុភាព​ដូច​នោះ​កើត​ឡើង ក៏​ប៉ុន្តែ​វា​នៅតែ​មាន​ដដែល៕