លោក សុន ឆ័យ ស្នើ​ឲ្យ​តុលាការ​បង្កើត​ច្បាប់​សម្រាប់​ចៅក្រម-​ព្រះរាជអាជ្ញា

សមាជិក​សភា​គណបក្ស សម រង្ស៊ី ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​តុលាការ​កំពូល​ពិនិត្យ​ទៅ​លើ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​​ការងារ​របស់​ចៅក្រម ព្រះរាជអាជ្ញា​ឲ្យ​មាន​យុត្តិធម៌ និង​មាន​ឯករាជ្យ ចំពោះ​សវនាការ​ជម្រះ​ក្ដី​លើ​បញ្ហា​អ្វី​មួយ។

0:00 / 0:00

លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា លោក​បាន​ផ្ញើ​លិខិត​ជូន​ប្រធាន​តុលាការ​កំពូល ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​នេះ​បង្កើត​ឲ្យ​មាន​ច្បាប់​​លក្ខន្តិក្កៈ​សំរាប់​ចៅក្រម ព្រះរាជអាជ្ញា ឬ​តុលាការ ដើម្បី​ត្រួត​ពិនិត្យ​សកម្មភាព​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក សុន ឆ័យ៖ «គឺ​ច្បាប់​លក្ខន្តិកៈ​សម្រាប់​ចៅក្រម ព្រះរាជអាជ្ញា ដែល​ត្រូវ​តែ​មាន​ច្បាប់​ហ្នឹង ដើម្បី​ធានា​​ទៅ​ដល់​ការ​វិវត្តន៍​សកម្មភាព​ការងារ​របស់​ចៅក្រម ព្រះរាជអាជ្ញា ដើម្បី​ឲ្យ​ធ្វើ​ការងារ​បាន​ត្រឹមត្រូវៗ មាន​ច្បាប់​​លក្ខន្តិកៈ​ហ្នឹង។ តែ​បើ​មិន​មាន​ច្បាប់​ហ្នឹង ហើយ​និង​ច្បាប់ ១​ទៀត ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ ដើម្បី​ឲ្យ​តុលាការ​ហ្នឹង​មាន​នីតិវិធី​ដែល​ត្រូវ​ធ្វើ​ហ្នឹង ត្រូវ​គោរព​នីតិវិធី និង​បែប​បទ​ឲ្យ​មាន​យុត្តិធម៌ និង​ឯករាជ្យ គឺ​ថា យើង​មិន​អាច​នឹង​ទទួល​ស្គាល់​នៅ​ការ​កាត់​សេចក្ដី​របស់​តុលាការ​នេះ​បាន​ទេ»

លោក​ចោទ​ស្ថាប័ន​តុលាការ​កម្ពុជា សព្វ​ថ្ងៃ​នេះ​ថា​ជា​ឧបករណ៍​បក្ស​កាន់​អំណាច ព្រោះ​​ថា មន្ត្រី​បម្រើ​ការ​ក្នុង​ស្ថាប័ន​​នេះ​​​ ជា​សមាជិក​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ។ ផ្ដើម​ពី​បញ្ហា​នេះ លោក​ថា ប្រសិទ្ធភាព​ក្នុង​ការ​កាត់​សេចក្ដី​លើ​សំណុំ​រឿង​អ្វី​មួយ ​នឹង​មិន​មាន​ឯករាជ្យ​បាន​ទេ។

បន្ថែម​លើ​នេះ លោក​ឲ្យ​ដឹង​ថា នឹង​​លើក​យក​បញ្ហា​កំពុង​កើត​មាន​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា ថ្វាយ​ជូន​អង្គ​​ព្រះមហាក្សត្រ​ខ្មែរ ដើម្បី​ស្នើ​ឲ្យ​ព្រះអង្គ​ពិនិត្យ និង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់៖ «ការ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​សង្ឃឹម នៅ​ពេល​ទៅ​តុលាការ ពេល​មាន​វិវាទ​រវាង​ប្រជាពលរដ្ឋ​និង​អ្នក​មាន​អំណាច​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​ជាមួយ​គ្នា​នោះ មន្ត្រី​តុលាការ​មួយ​ចំនួន​បាន​ក្លាយ​ទៅ​ជា​សមាជិក​របស់​គណបក្ស​កាន់​អំណាច រួម​ជាមួយ​ប្រធាន​តុលាការ​កំពូល គឺ​ឯកឧត្ដម ឌឹត មន្ទី គាត់​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​គាត់​ជា​ប្រធាន​តុលាការ​កំពូល។ តើ​ឲ្យ​ប្រជារាស្ត្រ​ដែល​មាន​ទំនាស់​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ការ​ជឿ​ទុក​ចិត្ត​បាន​ដែរ​ឬ​ទេ?»

​​មិន​ទាន់​មាន​អត្ថាធិប្បាយ​ពី​មន្ត្រី​តុលាការ​កំពូល ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​សមាជិក​សភា​ គណបក្ស សម រង្ស៊ី ​ស្នើ​កែ​ទម្រង់​មន្ត្រី​ក្នុង​ស្ថាប័ន​តុលាការ​កម្ពុជា បាន​ទេ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១២។ ប៉ុន្តែ​កន្លង​មក មន្ត្រី​រដ្ឋាភិបាល​បាន​ប្រតិកម្ម​ថា សកម្មភាព​តុលាការ​កម្ពុជា បាន​អនុវត្ត​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ត្រឹមត្រូវ។

យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ឯករាជ្យ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ផ្ដល់​អត្ថាធិប្បាយ​ថា មិន​មែន​ងាយ​ទេ​ដែល​​ចង់​​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​កម្ពុជា ឲ្យ​មាន​ឯករាជ្យ និង​យុត្តិធម៌​នោះ។

លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ឯករាជ្យ​បាន​បញ្ចេញ​ទស្សនៈ​បែប​វិទ្យាសាស្ត្រ​នយោបាយ​ថា ស្ថាប័ន​តុលាការ​​​​​មិន​មាន​ឯករាជ្យ និង​យុត្តិធម៌​​បាន​ទេ ​បើ​មន្ត្រី​ដឹក​នាំ​ស្ថាប័ន​តុលាការ ​ជា​សមាជិក​ក្នុង​ជួរ​គណបក្ស​នយោបាយ​​ណា​មួយ​នោះ។

លោក​បណ្ឌិត សុខ ទូច៖ «តុលាការ​បើ​យើង​យោង​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​មាន​អង្គ ៣ ដាច់​ពី​គ្នា គឺ​អង្គនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ហើយ​តុលាការ​ជា​ស្ថាប័ន​មួយ​ឯករាជ្យ។ ប៉ុន្តែ​នៅ​ពេល​ណា​តុលាការ​ទៅ​ចំណុះ​ឲ្យ​បក្ស​ណា​មួយ ឬ​មិន​ឯករាជ្យ គឺ​ដាច់​ខាត​វា​មិន​មាន​ឯក​រាជ្យ​ទេ។ កាល​ណា​ចំណុះ​ឲ្យ​បក្ស​មាន​ន័យ​ថា វា​មិន​ឯករាជ្យ​ទេ ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»

លោក​សង្កត់​ធ្ងន់​ថា សង្គម​ណា​ក៏ដោយ បើ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ គឺ​គ្មាន​ទេ​យុត្តិធម៌។ ដូច្នេះ​បើ​គ្មាន​យុត្តិធម៌​គូភាគី​ចាញ់​ក្ដី ឬ​ប្រជាពលរដ្ឋ​រដ្ឋ​នឹង​ងាក​ទៅ​រក​ការ​បន់​ស្រន់​បែប​អបិយ​ជំនឿ ឬ​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ណា​មួយ ​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់។

ទោះ​យ៉ាង​ណា លោក សុន ឆ័យ ក្នុង​នាម​គណបក្ស សម រង្ស៊ី ចង់​ឃើញ​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​របស់​ប្រព័ន្ធ​តុលា​ការ​កម្ពុជា​ មាន​ឯករាជ្យ និង​ផ្ដល់​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ទូទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។