តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី​​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​ខែត្រ​កំពង់ចាម

គណៈ​ប្រតិភូ​តំណាង​រាស្ត្រ ៣​រូប​នៃ​គណបក្ស សម រង្ស៊ី ប្រចាំ​ខេត្ត​កំពង់ចាម រួម​ទាំង​ក្រុមប្រឹក្សា​ខេត្ត​ស្រុក​មួយ​ចំនួន​ទៀត បាន​ចុះ​ត្រួត​ពិនិត្យ​បង្គោល​ព្រំដែន​លេខ១២៥, ១២៦ និង ១២៧ តាម​ព្រំដែន​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២២ មិថុនា។

0:00 / 0:00

លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​ខេត្ត​កំពង់ចាម បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​៣ ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក បាន​រាយ​ការណ៍​ថា បន្ទាប់​ពី​មាន​ការ​បោះ​បង្គោល​ព្រំដែន​កាល​ពី​ឆ្នាំ​២០០៨​មក លំនៅ​ឋាន​របស់​ពួក​គាត់​បែរ​ជា​ទៅ​នៅ​ក្នុង​ទឹក​ដី​វៀតណាម​ទៅ​វិញ។

លោក ម៉ៅ មុនីវណ្ណ បាន​បញ្ជាក់​ថា ៖ «ប្រជា​ពលរដ្ឋ​លោក​ភ័យ​បារម្ភ​ថា ភូមិ​ដែល​គាត់​នៅ ភូមិ​៣​ហ្នឹង ឥឡូវ​ហ្នឹង​ក្រោយ​ពី​បោះ​បង្គោល​ព្រំដែន​ប៉ុណ្ណឹង​ទៅ គាត់​ហ្នឹង​ទៅ​នៅ​ខាង​ដី​វៀតណាម​វិញ!»

ប្រជា​ពលរដ្ឋ​នៅ​ភូមិ​អន្លង់ជ្រៃ បាន​ផ្ដល់​សម្ភាសន៍​ដោយ​បញ្ជាក់​ថា ពួក​គេ​រស់​នៅ​ទី​នោះ​តាំង​ពី​យូរ​មក​ហើយ ស្រាប់តែ​គេ​បោះ​បង្គោល​ព្រំដែន​ចូល​ហួស​ផ្ទះ​ពួក​គាត់​ក្នុង​ទឹក​ដី​ខ្មែរ​ប្រមាណ ៣ ទៅ ៤​គីឡូ​ម៉ែត្រ ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​បារម្ភ តែ​មិន​ហ៊ាន​និយាយ​ស្ដី។

ក្រុម​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ៖ «ដី​ហ្នឹង​មុខ​រណារ មាន​ចេញ មាន​ចូល! គាត់​ថា ចេះ​តែ​ដាំ ចេះ​តែ​ធ្វើ​ទៅ កាល​ណា​វៀតណាម​មក ទុក​ចប ទុក​ពូថៅ ដើរ​មក​ផ្ទះ​វិញ​ទៅ! គាត់​ថា ប៉ុណ្ណឹង​ណា៎! បើ​គេ​មិន​មក​ទេ ចេះ​តែ​ដាំ ចេះ​តែ​ធ្វើ​ទៅ។ បង្គោល​នេះ​ទើប​តែ​បោះ​ឥឡូវ​ហ្នឹង​ទេ យល់​ថា យួន​វា​យក​ដី​ខ្មែរ​ច្រើន តែ​ប្រជាជន​មិន​ហ៊ាន​ថា​ម៉េច!»

តាម​ដង​ផ្លូវ​លំ​លេខ​៨ ពី​ខាង​លិច​មន្ទីរ​ស្រុក​ពញាក្រែក​ទៅ​កាន់​ព្រំដែន​វៀតណាម ទៅ​ដល់​ភូមិ​អន្លង់ជ្រៃ គេ​ឃើញ​មាន​បង្គោល​ព្រំដែន​លេខ​១២៥ បោះ​នៅ​ទី​នោះ តែ​ទៅ​ហួស​ប្រមាណ ១​គីឡូម៉ែត្រ​ទៀត គេ​ឃើញ​មាន​ភូមិ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​ខ្មែរ មាន​ប៉ុស្តិ៍​ប៉ូលិស ប៉ុស្តិ៍​គយ​ជាដើម កំពុង​ឈរ​ជើង​ធ្វើ​ការ​នៅ​ទី​នោះ​ដែរ។

មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ព្រំដែន​នៅ​ទី​នោះ គឺ​លោក ហេង សុថុន បាន​អះអាង​ថា លោក​មិន​ច្បាស់​ថា ភូមិ​សាស្ត្រ​នៅ​ទី​នោះ​ជា​ភាគី​ខាង​ណា​ឡើយ សូម្បី​តែ​ការ​បោះ​ទីតាំង​កំពុង​ឈរ​ជើង​ហ្នឹង​ក៏​មិន​ដឹង​ថា នៅ​លើ​ចំណុច​ណា​ផង។

លោក ហ៊ុន ណេង អភិបាល​ខេត្ត​កំពង់ចាម បាន​បញ្ជាក់​ពី​បញ្ហា​ព្រំដែន​នោះ​ថា យោង​តាម​ផែនទី​តាំង​ពី​ជំនាន់​បារាំង ចំណុច​ភូមិ​ដែល​មាន​នៅ​ទី​នោះ គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​វៀតណាម​តាំង​ពី​ដើម​មក។

លោក ហ៊ុន ណេង បាន​អះអាង​ថា ៖ «កន្លែង​នេះ បើ​និយាយ​មែនទែន មួយ​ភូមិ​ហ្នឹង​ស្ថិត​នៅ​ក្នុង​ដី​វៀតណាម​ទេ! និយាយ​ពី​ផែនទី ផែនទី​ដែល​យើង​តម្កល់​ទុក​នៅ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៦៩ អ៊ីចឹង​យើង​ចុច​ទាំង​អស់ ចុច​ទៅ​ដី​ហ្នឹង​វា​ស្ថិត​នៅ​ក្នុង​ដី​របស់​វៀតណាម ប៉ុន្តែ​យើង​សុំ​ឲ្យ​រក្សា​យក​នូវ​ការ​សម្រេច​របស់​ទេសាភិបាល​បារាំង​នៅ​ក្នុង​ឆ្នាំ​១៩១៤ គេ​សុំ​រក្សា​ស្ថានភាព​បច្ចុប្បន្ន។ អ៊ីចឹង​បើ​យក ១៩១៤ ទេសាភិបាល​បារាំង​សម្រេច ត្រង់​ហ្នឹង​គឺ​ដី​វៀតណាម​ទាំង​អស់»

ប្រជា​ពលរដ្ឋ​តែង​មាន​ការ​បារម្ភ​ថា ខ្លាច​គេ​ឲ្យ​ប្ដូរ​សញ្ជាតិ ហើយ​បាន​សំណូមពរ​សុំ​រដ្ឋាភិបាល​រក​ដី​ថ្មី ដើម្បី​ផ្ដល់​ការ​រស់នៅ​របស់​ពួក​គេ ដែល​បញ្ហា​នេះ​លោក ហ៊ុន ណេង អភិបាល​ខេត្ត​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កំពុង​គិតគូរ​ពី​រឿង​នេះ​ហើយ។

តំណាង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី ពុំ​ទាន់​បញ្ជាក់​ថា នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា បន្ទាប់​ពី​ត្រួត​ពិនិត្យ​ព្រំដែន​រួច​ហើយ​នោះ​នៅ​ឡើយ​ទេ៕