ជាប្រវត្តិសាស្ត្រដែលមានអាយុកាល ២២០ឆ្នាំមកហើយ ទោះបីប្រទេសកំពុងស្ថិតនៅក្នុងសង្គ្រាមក្តី សន្តិភាពក្តី សេដ្ឋកិច្ចធ្លាក់ចុះក្តី ឬរុងរឿងក្តី ប្រធានាធិបតីសហរដ្ឋអាមេរិកគ្រប់រូបមានកាតព្វកិច្ចថ្លែងប្រាប់ទៅកាន់ប្រជាជាតិរបស់ខ្លួនអំពីបញ្ហាដែលកំពុងប្រឈមនឹងចំណាត់ការដែលត្រូវដោះស្រាយ។
ក្នុងចំណោមបញ្ហាជាច្រើនដែលថ្លែងជូនសភាជ្រាបកាលពីយប់ម្សិលមិញនោះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានចាប់ផ្តើមពីបញ្ហាសេដ្ឋកិច្ច។
លោកមានប្រសាសន៍ថា ៖ "ខ្ញុំគាំទ្រដល់ការប្រឹងប្រែងរបស់រដ្ឋបាលមុនក្នុងការបង្កើតកម្មវិធីសង្គ្រោះហិរញ្ញវត្ថុ ហើយជាលទ្ធផលគឺទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្នមានលំនឹង ហើយយើងបានមកវិញនូវថវិកាចំនួនភាគច្រើនដែលយើងចំណាយទៅលើផ្នែកធនាគារ"។
លោកបន្តថា ៖ "ឥឡូវនេះពេលដែលយើងធ្វើឲ្យមានលំនឹងផ្នែកប្រព័ន្ធហិរញ្ញវត្ថុហើយ យើងក៏ត្រូវឈានទៅមុខដើម្បីឲ្យសេដ្ឋកិច្ចលូតលាស់ម្តងទៀត ដោយរក្សានិងបង្កើតការងារឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រមទាំងជួយដល់ពលរដ្ឋអាមេរិកដែលស្ថិតក្នុងស្ថានភាពគ្មានការងារធ្វើ។ យើងកាត់បន្ថយពន្ធ ៩៥% ចំពោះគ្រួសារដែលមានការងារធ្វើ, យើងកាត់បន្ថយពន្ធចំពោះពាណិជ្ជកម្មខ្នាតតូច, យើងបន្ថយពន្ធចំពោះអ្នកដែលទិញផ្ទះលើកដំបូង, កាត់បន្ថយពន្ធចំពោះឪពុកម្តាយដែលខំថែរក្សាទំនុកបម្រុងកូន, កាត់បន្ថយពន្ធចំពោះពលរដ្ឋអាមេរិក ៨លាននាក់ដែលចំណាយលើការសិក្សានៅវិទ្យាល័យ"។
ហេតុនេះហើយលោកប្រធានាធិបតីស្នើថវិកាលើកទឹកចិត្តចំនួន ៣០ពាន់លានដុល្លារសម្រាប់ចំណាយលើបញ្ហាមួយចំនួនខាងលើ។
លោកប្រធានាធិបតី អូបាម៉ា បានមានប្រសាសន៍ដែរថា ៖ "យើងត្រូវការការនាំចេញទំនិញរបស់យើងបន្ថែមទៀត ពីព្រោះថា ផលិតផលនាំចេញទៅលក់ក្រៅកាន់តែច្រើន មានន័យថា យើងបង្កើតការងារនៅក្នុងស្រុកយើងនៅឯអាមេរិកនេះកាន់តែច្រើនដែរ"។
លោក ព្រហ្ម សៅរ៍នរ៉ា នៅរដ្ឋវើជីនៀ (Virginia) បានចាប់អារម្មណ៍ចំពោះការថ្លែងប្រចាំឆ្នាំទៅកាន់សភាសហរដ្ឋអាមេរិកនេះ ថា ៖ «មិនមានសង្ឃឹមច្រើនទេ ពីព្រោះចំណោទហ្នឹងវាធំណាស់ អាមេរិកាំងហ្នឹង! ហើយដោះស្រាយបញ្ហាហ្នឹង យកទេវតាមកដោះក៏មិនរួចដែរ! ទី១ រឿងសង្គ្រាម សង្គ្រាមត្រូវចំណាយលុយច្រើន ដូច្នេះហើយគាត់ខំកាត់ច្រើន ចំណាយដែលអាចកាត់បានហ្នឹងគឺថាមានតិចតួចណាស់! បើប្រៀបធៀបទៅនឹងចំណាយខាងទាហាន ចំណាយខាងសន្តិសុខជាតិហ្នឹង អាហ្នឹងគឺថាកាត់អត់បានតែម្ដង អាពីរហ្នឹងចំណាយវាធំពេក! ហើយដល់បង្កើតការងារធ្វើហ្នឹង ការចំណាយធំមួយទៀតគឺការត្រូវបង្កើតការងារ... ដូចថា យើងធ្វើថ្នល់ ធ្វើស្ពាន ធ្វើអីហ្នឹង ការអស់ហ្នឹងគឺថា ធ្វើម្ដងទៅវាចប់ ការហ្នឹងវាអត់ចេះតែមានតទៅទៀតទេ។ ការដូចជាធ្វើឡាន ឬក៏ធ្វើអី អាហ្នឹងជាការងារដែលបង្កើតហើយ វានៅតែបង្កើតការងារតទៅទៀត។ ដូច្នេះហើយទោះបីជាគម្រោងការដែលគាត់ធ្វើយ៉ាងម៉េចហ្នឹងក៏មិនអាចនឹងដោះស្រាយចំណោទឱនភាពថវិកាហ្នឹងបានច្រើនដែរ វានៅតែក្នុងច្រើនអ៊ីចឹង...»។
សេចក្តីថ្លែងរបស់ប្រធានាធិបតីអាមេរិកនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ិនតុននេះ គឺយោងតាមមាត្រា២ ផ្នែកទី៣ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក៕