សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​សម្រេច​ឃុំ​ខ្លួន​ជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា

ក្រុម​គ្រួសារ​បុរស ដែល​ត្រូវ​តុលាការ​ខេត្ត​ស្ទឹងត្រែង​ឃុំ​ខ្លួន បាន​ស្ដី​បន្ទោស​ថា តុលាការ​បាន​ប្រើ​ឆន្ទានុសិទ្ធិ បង្ក​នូវ​ភាព​អយុត្តិធម៌​ដល់​គ្រួសារ​របស់​គាត់ ដែល​ជា​ជន​រង​គ្រោះ​ម្នាក់ នៅ​ក្នុង​អំពើ​វាយ​ដំ​ដោយ​មនុស្ស​មួយ​ក្រុម​ទៅ​វិញ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា។

0:00 / 0:00

បុរស​ឈ្មោះ ស្រឿន សុខណា អាយុ​២៥​ឆ្នាំ ជា​កសិករ​រស់​នៅ​ភូមិ​កោះ​សម្ពាយ ឃុំ​កោះ​សម្ពាយ ស្រុក​សៀម​បូក ត្រូវ​បាន​ចៅក្រម​ឈ្មោះ ម៉ែន វណ្ណៈ ហៅ​មក​សួរ​ចម្លើយ។ ក្រោយ​ពេល​សួរ​ចប់ ឈ្មោះ ស្រឿន សុខណា ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ឲ្យ​ឃុំ​ខ្លួន​តែ​ម្ដង។

លោក ស្រឿន ធី ជា​បង​ប្រុស​បង្កើត​របស់ ស្រឿន សុខណា អះអាង​ឲ្យ​ដឹង​ថា ប្អូន​ប្រុស​បង្កើត​របស់​លោក ឈ្មោះ ស្រឿន សុខណា គឺ​ជា​ជន​រង​គ្រោះ ដែល​ត្រូវ​មនុស្ស​ប្រុស​មួយ​ក្រុម ព្រួត​គ្នា​វាយ និង​ដេញ​កាប់​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា។

លោក ស្រឿន ធី មាន​ប្រសាសន៍​បន្ត​ថា កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា លោក​និង​ប្អូន​ប្រុស នាំ​គ្នា​ទៅ​ចម្ការ។ នៅ​តាម​ផ្លូវ ដោយសារ​រែក​ទឹក​ធ្ងន់​ពេក លោក​ក៏​ឲ្យ​ប្អូន​ប្រុស​ជួយ​រែក​ម្ដង ប៉ុន្តែ​ប្អូន​ប្រុស​លោក​បាន​ប្រកែក​ត​មាត់ និង​បន្ទោស​លោក។ ខណៈ​នោះ​ដែរ មនុស្ស​មួយ​ក្រុម មាន​គ្នា ៤​នាក់ ដែល​នៅ​ក្បែរ​ផ្លូវ បាន​ចាប់​យក​សម្ដី​ត​មាត់​គ្នា ពីរ​នាក់​បង​ប្អូន​នោះ​ថា ជា​ការ​ប្រើ​ពាក្យ​សម្ដី​ដឺដង សំដៅ​លើ​ពួក​គេ ហើយ​ពួក​គេ​ក៏​បើក​ការ​វាយ​ដំ​យ៉ាង​ដំណំ លើ​ប្អូន​លោក​តែ​ម្ដង។

លុះ​មក​ដល់​ថ្ងៃ​ទី​១៥ មិថុនា​នេះ បែរ​ជា​តុលាការ​ចាប់​ប្អូន​លោក​ជា​ជន​រង​គ្រោះ​ដាក់​គុក​ទៅ​វិញ វា​អយុត្តិធម៌​ណាស់ ៖ «វា​អយុត្តិធម៌ វា​បិទ​សិទ្ធិ​សេរីភាព​ឲ្យ​យើង​និយាយ សម្លុត​យើង​អ៊ីចឹង​ទៅ ក៏​តេ​ហៅ​ប៉ូលិស​មក​ក៏​ដាក់​គុក»

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ស្ទឹង​ត្រែង លោក ហូរ សំអុល បាន​ថ្លែង​ថា ក្រោយ​ពេល​ត្រូវ​គេ​វាយ​ដំ និង​បាន​គេច​ខ្លួន​រួច ពីរ​នាក់​បង​ប្អូន​នេះ បាន​នាំ​គ្នា​មក​ប្ដឹង​ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​ស្ទឹងត្រែង​ដែរ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ប៉ុន្តែ​មិន​ទាន់​មាន​ចំណាត់​ការ​ណា​មួយ​ឡើយ ហើយ​ភាគី​ជម្លោះ​ម្ខាង​ទៀត ក៏​បាន​ប្ដឹង​ឈ្មោះ ស្រឿន សុខណា ទៅ​តុលាការ​ដូច​គ្នា។

លោក​មាន​ប្រសាសន៍​ដូច្នេះ ៖ «បើ​យើង​គិត​មើល​តាម​អង្គ​ហេតុ គាត់​ជា​ជន​រង​គ្រោះ ហើយ​បែរ​ជា​គេ​ឃុំ​ខ្លួន​គាត់​ទៅ​វិញ​អ៊ីចឹង»

ចៅក្រម​តុលាការ​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន វណ្ណៈ មិន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​រឿង​នេះ​ទេ ហើយ​បាន​ជំរុញ​ឲ្យ​សួរ​ទៅ​ព្រះ​រាជ​អាជ្ញា​តុលាការ​វិញ។

ចំណែក​ឯ​ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​ស្ទឹងត្រែង លោក ច្រឹង ខ្មៅ បាន​បញ្ជាក់​ថា ការ​ឃុំ​ខ្លួន​ឈ្មោះ ស្រឿន សុខណា ត្រូវ​បាន​ធ្វើ​ឡើង​ពី​បទ​ចោទ​ប្រកាន់​អំពី​ការ​បង្ក​របួស​ស្នាម។ ការ​ឃុំ​ខ្លួន គឺ​ជា​នីតិ​វិធី​របស់​ចៅក្រម​ស៊ើប​អង្កេត បើ​ទោះ​ជា​ឈ្មោះ ស្រឿន សុខណា បាន​ប្ដឹង​មក​ព្រះ​រាជ​អាជ្ញា​ថា ខ្លួន​ជា​ជន​រង​គ្រោះ​ក៏​ដោយ។

លោក ច្រឹង ខ្មៅ មាន​ប្រសាសន៍ ៖ «អា​នេះ​នៅ​ក្នុង​នីតិ​វិធី​ស៊ើប​អង្កេត​របស់​ចៅក្រម​នៅ​ឡើយ។ ខ្ញុំ​មិន​អាច​និយាយ​ពី​ការ​របស់​ចៅក្រម​ទេ»

ក្រុម​គ្រួសារ​លោក ស្រឿន សុខណា សូម​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ចំពោះ​រឿង​នេះ៕