ប្រេងឥន្ធនៈគឺជាផលិតផលមួយដ៏ចាំបាច់សម្រាប់បម្រើជីវភាពប្រចាំថ្ងៃរបស់មនុស្ស និងបម្រើវិស័យផលិតកម្មផងដែរ ដូចជាបម្រើឲ្យវិស័យដឹកជញ្ជូនជាដើម ក្រៅពីនេះប្រេងឥន្ធនៈក៏ជាផលិតផលមួយសម្រាប់យកទៅផលិតជាផលិតផលផ្សេងៗទៀតដែរ ដូចជាផលិតខាងផ្នែកកសិកម្ម ឧស្សាហកម្មជាដើម។ បើគ្មានប្រេងឥន្ធនៈទេ ដំណើរការគ្រឿងយន្ត និងរោងចក្រសហគ្រាសនានា មិនអាចធ្វើចលនាបានទេ រីឯដំណើរការសេដ្ឋកិច្ចលើពិភពលោកក៏មិនមានចលនាដែរ។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រេងឥន្ធនៈបានឡើងថ្លៃខ្ពស់ខ្លាំង គឺបានឡើងថ្លៃពីជាង ៤.០០០រៀល ដល់ ៥.១០០រៀលក្នុងមួយលីត្រ ដែលធ្វើឲ្យប៉ះពាល់ដល់ការផលិតមួយចំនួនផងដែរ។
បុគ្គលិកស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុនសូគីម៉ិច (Sokimex) នៅតាមដងវិថីមុនីរ៉េត ក្រុងភ្នំពេញ បន្ថែម ៖ «ប៉ុន្មានថ្ងៃមុនថ្លៃ ៤.៧០០រៀល ឥឡូវសាំងឡើងមួយលីត្រ ស៊ូពែរ ៥.១០០ ធម្មតា ៤.៨០០ ម៉ាស៊ូត ៤.៥០០(រៀល)»។
ស្របពេលនេះដែរ វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា (EIC) បានប្រកាសលទ្ធផលស្ទង់មតិមួយនៅខែកុម្ភៈ ឆ្នាំ២០១១នេះ បង្ហាញពីក្ដីសង្ឃឹមរបស់ប្រជាជនខ្មែរ រួមទាំងតំណាងសហគ្រាសពាណិជ្ជកម្ម សេវាកម្មថា តម្លៃប្រេងនៅប្រទេសកម្ពុជា នឹងចុះថោកច្រើននៅពេលដែលកម្ពុជា អាចទាញយកផលធនធានរ៉ែ ដូចជារ៉ែប្រេងឆៅ រ៉ែធម្មជាតិ និងហ្គាសធម្មជាតិ នៅពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ចំណែកសេដ្ឋកិច្ចកម្ពុជាវិញ ក៏ត្រូវគេរំពឹងថា នឹងបានរីកចម្រើនលូតលាស់ ដោយសារការទាញយកផលពីរ៉ែធម្មជាតិនៅបាតសមុទ្រ បាតទន្លេ និងនៅក្រោមដីផងដែរ។
លទ្ធផលនៃការស្ទង់ស្ទាបមតិបង្ហាញថា ចម្លើយចំនួន ៣៤៦នាក់ក្នុងចំណោមអ្នកស្ទង់ស្ទាបមតិតំណាងសហគ្រាសតូចធំទាំងនោះសរុប ៥៤៨នាក់ មានជំនឿថា ការទាញយករ៉ែធម្មជាតិទាំងនោះអាចធ្វើឲ្យសេដ្ឋកិច្ចជាតិលូតលាស់យ៉ាងខ្លាំង ជាពិសេសពួកគេមានជំនឿថា តម្លៃប្រេងនឹងធ្លាក់ថ្លៃច្រើនដោយសារពេលនោះ កម្ពុជាអាចផលិតប្រេងប្រើប្រាស់ដោយខ្លួនឯងបាន មិនបាច់ពឹងប្រេងនាំចូលពីបរទេសដូចសព្វថ្ងៃនេះទេ។
តារាងលទ្ធផលនៃការស្ទង់មតិនោះ បង្ហាញថា អ្នកឆ្លើយសំណួរចំនួន ៩៥% គិតថា ថ្លៃប្រេងនឹងចុះថោក។ ៩៨% នៃអ្នកឆ្លើយសំណួររំពឹងថា ប្រាក់ចំណូលថវិកាជាតិនឹងកើនឡើង ៩៦% ឆ្លើយថា ការផ្ដល់ការងារធ្វើនឹងកើនឡើងចំនួន ៩៨% គិតថា វិស័យពាណិជ្ជកម្មផ្សេងៗទៀតនឹងរីកលូតលាស់ ៨៥% អតិផរណានឹងធ្លាក់ចុះ ៨៥% គិតថា ភាពក្រីក្រនឹងធ្លាក់ចុះ ហើយ ៧៣% គម្លាតរវាងអ្នកមាននិងអ្នកក្រនឹងត្រូវរួមតូច និង៥២% នៃអ្នកឆ្លើយសំណួរគិតថា អំពើពុករលួយថយចុះ។
ការស្ទង់មតិនេះធ្វើឡើងចំពោះសហគ្រាសធុនតូច និងមធ្យម ដែលមានម្ចាស់សហគ្រាសចំនួន ២០០ ក្នុងខេត្តចំនួន ១៦ បានផ្ដោតលើការយល់ដឹងក្នុងការទាញយកផលប្រយោជន៍ធនធានធម្មជាតិ ទាំងគុណភាព និងបរិមាណ។ ក្រុមស្ទង់ស្ទាបមតិបានផ្ដោតយកតំបន់៣ ដើម្បីជាកិច្ចពិភាក្សា គឺខេត្តបាត់ដំបង កំពង់ចាម និងទីក្រុងភ្នំពេញ។
ទន្ទឹមនឹងក្ដីសង្ឃឹមសេដ្ឋកិច្ចលូតលាស់ ការស្ទង់មតិនេះក៏បានបង្ហាញពីការបារម្ភរបស់អ្នកដែលបានសម្ភាសន៍ពីផលប៉ះពាល់បរិស្ថាន ដោយសារតែការទាញយករ៉ែធម្មជាតិទាំងនោះផងដែរ។
លោក ម៉ម សម្បតិ្ត ប្រធានក្រុមប្រឹក្សាភិបាលអង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន ដែលបានសហការស្ទង់មតិបន្ថែមថា ក្រុមអ្នកសម្ភាសន៍បានសុំឲ្យរដ្ឋាភិបាលត្រៀមខ្លួនតាំងពីពេលនេះតទៅ ដើម្បីកុំឲ្យមានការថ្លោះធ្លោយ។
លោកមានប្រសាសន៍ទៀតថា ៖ «កុំឲ្យផលប៉ះពាល់បរិស្ថាន និងសង្គមនេះកើតឡើង ខ្ញុំគិតថា រដ្ឋាភិបាលត្រូវត្រៀមទុកមុន ពីព្រោះថា ការគ្រប់គ្រងបរិស្ថានសង្គមនៅជុំវិញបឹងទន្លេសាប ហើយសមុទ្រនេះ គឺត្រូវការបច្ចេកទេសខ្ពស់ និងពេលវេលាយូរ ដូច្នេះពីឥឡូវដល់ពេលធ្វើអាជីវកម្មនេះ យើងអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនជាលក្ខណៈបច្ចេកទេស តែបើយើងមិនបានគិតពីឥឡូវទេ រឿងរ៉ាវដែលមិនគួរកើតឡើង វាអាចធ្វើឲ្យសហគមន៍ប៉ះពាល់អវិជ្ជមានពីប្រតិបត្តិការរុករកប្រេង ឬអាជីវកម្មប្រេង»។
ទាក់ទងនឹងក្ដីបារម្ភខ្លាចខូចខាតបរិស្ថាននេះ លោក ជាម យៀប ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារនៃរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលបានគិតគូរការពារស្រេចអស់ហើយ ទាំងផលប៉ះពាល់បរិស្ថាន ទាំងតម្លាភាពគ្រប់គ្រងប្រាក់ចំណូលជាតិ ដែលបានមកពីធនធានធម្មជាតិនេះ។
លោក ជាម យៀប បន្ត ៖ «យើងចាំបាច់ត្រូវតែពិនិត្យ ហើយតាមពិនិត្យមើលឲ្យបានដិតដល់ថែមទៀត ដើម្បីធ្វើយ៉ាងឲ្យការប្រមូលផ្ដុំរបស់រដ្ឋនូវប្រភពចំណូលធនធានធម្មជាតិ ពិសេសរ៉ែធម្មជាតិ គឺថា ធ្វើយ៉ាងណាដើម្បីអនុវត្តអភិបាលកិច្ចល្អ ដែលមានចំណុចទាំង ៤ហ្នឹង គឺទី១ គឺថា មានគណនេយ្យភាព ទី២ តម្លាភាព ទី៣ មានសមធម៌ ទី៤ មានការចូលរួមពីមហាជនទូទៅ»។
នៅពេលដែលក្រុមស្ទាបស្ទង់មតិសួរថា តើគួរធ្វើដូចម្ដេចដើម្បីឲ្យមានចំណាត់ការប្រេងមានតម្លាភាព និងផលប្រយោជន៍ដែលបានមកដល់ដៃប្រជាជនខ្មែរទូទៅ ដោយសមធម៌ អ្នកឆ្លើយសំណួរបានឆ្លើយថា គេត្រូវមានគណៈកម្មាធិការឯករាជ្យមួយដើម្បីចាត់ចែងធនធានធម្មជាតិ ក្នុងនោះមានចម្លើយគាំទ្រ យល់ព្រមឲ្យមានគណៈកម្មាធិការឯករាជ្យចំនួន ៨១% មិនយល់ព្រម ៦% ហើយឆ្លើយថា មិនដឹង ១៣%។
យ៉ាងណាក្ដី ចម្លើយរបស់អ្នកដែលគេស្ទាបស្ទង់មតិមួយចំនួននៅមន្ទិលថា តម្លៃប្រេងសាំងនៅកម្ពុជា នឹងអាចចុះថ្លៃបន្តិចបន្តួច ព្រោះពួកគេយល់ឃើញថា ធនធានមនុស្សនៃមន្ត្រីរដ្ឋាភិបាល និងប្រជាជនកម្ពុជាបច្ចុប្បន្ននេះ មិនមានចំណេះដឹងបច្ចេកទេសចម្រាញ់ប្រេងឆៅឲ្យផលិតទៅជាផលសម្រេច ឬក្លាយជាប្រេងឥន្ធនៈ ប្រើការបានទេ ដោយពួកគេគិតថា រដ្ឋាភិបាលត្រូវចំណាយប្រាក់យ៉ាងច្រើននាំចេញប្រេងឆៅទៅបរទេស ដើម្បីចម្រាញ់យកផលិតសម្រេច ដែលនឹងត្រូវចំណាយប្រាក់ច្រើនសន្ធឹក ដែលជាហេតុធ្វើឲ្យតម្លៃប្រេងនៅតែមិនចុះថោកប៉ុន្មានទេ ព្រោះដោយសាររដ្ឋាភិបាលចំណាយប្រាក់ច្រើនទៅលើការជួលបរទេសចម្រាញ់ប្រេងឲ្យទៅជាផលិតផលសម្រេច និងចំណាយលើថ្លៃដឹកជញ្ជូនចុះឡើងចុះទៀតផង។
រដ្ឋាភិបាលកម្ពុជា បានប្រកាសថា ប្រទេសកម្ពុជា នឹងបានទទួលដំណក់ប្រេងលើកដំបូងបង្អស់នៅម៉ោង១២ ថ្ងៃទី១២ ខែ១២ និងឆ្នាំ២០១២៕