រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិកម្ពុជា​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ បាន​ដឹកនាំ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​មួយ​ក្រុម​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​នៅ​ថ្ងៃ​១៤ កញ្ញា ដើម្បី​ទៅ​ធ្វើ​ទស្សនកិច្ច​ក្រៅ​ផ្លូវការ​នៅ​ប្រទេស​ចិន និង​ទៅ​ពិនិត្យ​មើល​សម្ភារៈ​យោធា ព្រម​ទាំង​បច្ចេកវិទ្យា​យោធា​ទំនើប​របស់​ចិន​មួយ​ចំនួន សម្រាប់​វិស័យ​យោធា​នៅ​កម្ពុជា។

ប្រតិភូ​ជាន់​ខ្ពស់​យោធា​កម្ពុជា​ដឹកនាំ​ដោយ​លោក ទៀ បាញ់ មាន​គម្រោងការ​ជួប​ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​យោធា​ប្រទេស​ចិន និង​ទៅ​មើល​ឃ្លាំង​សម្ភារៈ​យោធា​របស់​ចិន​មួយ​ចំនួន រាប់​ទាំង​ឧទ្ធម្ភាគចក្រ​ជាដើម។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្ដម​សេនីយ៍​ឯក ឈុំ សុជាត ដែល​បាន​ជូន​ដំណើរ​ប្រតិភូ​យោធា​ជាន់​ខ្ពស់​នោះ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា បាន​មាន​ប្រសាសន៍​ថា ទស្សនកិច្ច​នេះ​មាន​សារ​សំខាន់​ក្នុង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​ចិន និង​កម្ពុជា។

លោក​ឧត្ដម​សេនីយ៍​ឯក ឈុំ សុជាត បាន​បញ្ជាក់​ថា ៖ «បង្កើន​នូវ​ទំនាក់​ទំនង​ទ្វេ​ភាគី​ថែម​ទៀត រវាង​កង​ទ័ព​រវាង​ប្រទេស​ទាំង​ពីរ។ យើង​បាន​ស្វែង​យល់​នូវ​បច្ចេកវិទ្យា​ទំនើប ដែល​ប្រទេស​ចិន​ជា​មហា​អំណាច​មួយ​នៅ​អាស៊ី​ដែរ ហើយ​មាន​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ការ​ផលិត​ផលិតផល​ប្រើប្រាស់ ក៏​ដូច​ជា​ផលិតផល​ព័ត៌មាន​វិទ្យា និង​បច្ចេកទេស​យោធា​មួយ​ចំនួន។ គួរតែ​យើង​ធ្វើ​ការ​សិក្សា​រៀន​សូត្រ​ពី​ប្រទេស​មហា​អំណាច​នេះ!»

ជាមួយ​គ្នា​នេះ​ដែរ ប្រភព​ពី​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​រថគ្រោះ​ជាង ៥០​គ្រឿង និង​រថពាសដែក​ចំនួន​ជាង ៤០​គ្រឿង​ពី​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ កាល​បរិច្ឆេទ និង​ចំនួន​ក្នុង​ការ​ទទួល​នោះ​កំពុង​តែ​រៀបចំ​នៅ​ឡើយ។

ទាក់ទង​នឹង​ទំនាក់​ទំនង​រវាង​កម្ពុជា ជាមួយ​​ប្រទេស​ចិន និង​ប្រទេស​វៀតណាម ថ្មី​ៗ​នេះ​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ៖ «ទំនាក់​ទំនង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​យើង​មាន​ការ​ព្រួយ​បារម្ភ។ យើង​ត្រូវតែ​ប្រយ័ត្ន​ប្រយែង​អំពី​ទំនាក់​ទំនង​នេះ​ឲ្យ​បាន​មែនទែន!»

សកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​ខេមរៈ នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​សាទរ​ទំនាក់​ទំនង​ខាង​លើ​នេះ ៖ «កម្ពុជា​ទៅ​ចាប់​ចិន ក៏​អាច​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ ដែល​ចិន​កំពុង​តែ​ប្រើប្រាស់ ហើយ​ចិន​ក៏​ចង់​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ចូល​មក​កាន់​កម្ពុជា​ដែរ!»

ប្រទេស​កម្ពុជា​បាន​ទទួល​រថយន្ត​យោធា​ពី​ប្រទេស​ចិន​ចំនួន ២៥៧​គ្រឿង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា​កន្លង​ទៅ​នេះ តាម​សំណើ​របស់​កម្ពុជា ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​កម្មវិធី​ជំនួយ​យោធា​ខ្នាត​តូច​មក​កម្ពុជា កាល​ពី​ដើម​ឆ្នាំ​២០១០​កន្លង​ទៅ។

ការ​ផ្អាក​នោះ​នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​បញ្ជូន​ជនជាតិ​ភាគតិច អ៊ុយហ្គរ៍ (Uighur) ចំនួន ២០​នាក់ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩​កន្លង​ទៅ ដោយ​បង្ខំ​ក្នុង​ឋានៈ​ដែល​កម្ពុជា ជា​ប្រទេស​ហត្ថលេខី​លើ​អនុសញ្ញា​ការពារ​ជន​ភៀស​ខ្លួន៕