អាជ្ញាធរ​ខែត្រ​ប៉ៃលិន​បណ្ដេញ​ទាហាន​ថៃ​ដែល​រំលោភ​ចូល​ដី​ខ្មែរ

កង​កម្លាំង​រដ្ឋាភិបាល​ខ្មែរ​ខេត្ត​ប៉ៃលិន​បាន​បណ្តេញ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រមាណ​១០​នាក់​ឲ្យ​ចូល​ទឹក​ដី​របស់​ខ្លួន​វិញ​បន្ទាប់​ពី​ទាហាន​ឈុត​ខ្មៅ​ថៃ​ទាំង​នោះ​បាន​រំលោភ​ឈ្លានពាន​ចូល​ហួស​មក​លើ​ដែន​ដី​ខ្មែរ​ជាង​៣០០​ម៉ែត្រ។

0:00 / 0:00

ស្នងការ​រង​ទទួល​បន្ទុក​ការងារ​ព្រំដែន លោក ផា ធា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៤ ខែ​មេសា ថា​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​លេខ​៥៤៧​ប្រចាំការ​នៅ​ស្រុក​អូរណាំរ៉ន ខេត្ត​ចាន់បូរី ចំនួន​១០​នាក់​បាន​ឆ្លងកាត់​ព្រំដែន​រំលោភ​ចូល​លើ​ទឹក​ដី​ខ្មែរ​នៅ​ចំណុច​ទួលរំដេង ត្រង់​បង្គោល​ឡាក់​លេខ​៦៧​និង​៦៦​ក្នុង​ខេត្ត​ប៉ៃលិន។

លោក ផា ធា បាន​បន្ត​ថា កង​ទាហាន​ឈុត​ខ្មៅ​បាន​រំលោភ​ចូល​មក​នៅ​ចន្លោះ​រវាង​ម៉ោង​៩​និង​ម៉ោង​១០​ព្រឹក​នា​ថ្ងៃ​ទី​៣ ខែ​មេសា ក្រោយ​ពី​មាន​ការប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ខ្មែរ​ថៃ​នៅ​តំបន់​វាល​ឥន្ទ្រី ខេត្ត​ព្រះវិហារ កាលពី​វេលា​ម៉ោង​ជាង​៧​ព្រឹក​ថ្ងៃ​ដដែល​នោះ​រួច​មក ហើយ​ត្រូវ​បាន​វរសេនា​តូច​លេខ​៨២១​ការពារ​ព្រំដែន​ខ្មែរ​បណ្តេញ​ឲ្យ​ដក​ថយ​ទៅ​វិញ។

លោក ផា ធា បាន​ឲ្យ​ដឹង​ថា ៖ «យើង​បង្ខំ​ឲ្យ​ទៅ​វិញ ប្រញាប់​ទៅ គាត់​ទៅ​គ្មាន​ធ្វើ​មាត់​ធ្វើ​ករ​អី​ផង មិន​មាន​ធ្វើ​អី គ្រាន់តែ​យើង​ប្រាប់​ហ្នឹង​ក៏​គាត់​ទៅ​វិញ​ទៅ។ ចូល​មក​មួយ​សន្ទុះ»

តាម​ការអះអាង​ពី​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ក្រុម​ទាហាន​ឈុត​ខ្មៅ​កង​លេខ​៥៤៧​ទាំង​នោះ​មិន​បាន​បញ្ជាក់​ពី​គោលបំណង​ច្បាស់​លាស់​ទេ គឺ​គ្រាន់តែ​យល់ព្រម​ចាក​ចេញ​ពី​ទឹក​ដី​ខ្មែរ​ទៅ​វិញ​ក្រោយ​ពី​មាន​ការបណ្តេញ​របស់​កង​កម្លាំង​រដ្ឋាភិបាល​ខ្មែរ។

ទោះ​ជា​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​នៃ​កង​លេខ​៥៤៧​ប្រចាំការ​នៅ​ក្រវាត់​ព្រំដែន​ក្នុង​ស្រុក​អូរណាំរ៉ន ខេត្ត​ចាន់បូរី​ជាប់​ខេត្ត​ប៉ៃលិន ដើម្បី​បញ្ជាក់​បន្ថែម​បាន​ទេ។

តាម​កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​ប្រចាំការ​នៅ​ចំណុច​ជួរ​ភ្នំ​ផល្លី​ផល្លា ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃ​នេះ​ថា ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​យក​ផ្លាក​សញ្ញ​មីន​មក​ដោត​លើ​ទឹក​ដី​ខ្មែរ​ជា​ច្រើន​កន្លែង​នៅ​ចន្លោះ​បង្គោល​ឡាក់​លេខ​៦៨​និង​បង្គោល​ឡាក់​លេខ​៦៩។

ទាហាន​ដដែល​បាន​បញ្ជាក់​ថា ៖ «ចូល​ឡាក់​៦៨​ហ្នឹង វា​យក​សញ្ញា​មីន​វា​មក​ដាក់​លើ​ដី​យើង។ ទាហាន​ខ្ញុំ​ដើរ​ល្បាត​ទៅ​ទើប​នឹង​ឃើញ​វា​ដាក់​ថ្មីៗ​ឡាក់​៦៨ ៦៩។ សញ្ញា​មីន​ដូច​សញ្ញា​យើង​ដែរ»

ទាក់ទង​នឹង​បញ្ហា​ទាហាន​ថៃ​យក​សញ្ញា​មីន​មក​ដោត​លើ​ដី​ខ្មែរ​នេះ កង​ល្បាត​ការពារ​ព្រំដែន​ខ្មែរ​បាន​ថ្លែង​បញ្ជាក់​ថា មេ​បញ្ជាការ​ការពារ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ​នៅ​ខេត្ត​ប៉ៃលិន​កំពុង​ធ្វើការ​ត្រួត​ពិនិត្យ​ដើម្បី​កោះហៅ​ភាគី​ថៃ​ឲ្យ​ដក​ចេញ​វិញ។

គួរ​បញ្ជាក់​ថា សកម្មភាព​រំលោភ​បំពាន​នានា​របស់​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​ក្នុង​ខេត្ត​ចាន់បូរី​ជាប់​ខេត្ត​ប៉ៃលិន​ខ្មែរ​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​បាន​កើត​មាន​ឡើង​ក្រោយ​ពី​មាន​ការប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជា​ថ្មី​ម្តង​ទៀត​ចំនួន​ពីរ​ឈុត​រវាង​កងទ័ព​ប្រទេស​ថៃ​និង​កងទ័ព​រដ្ឋាភិបាល​ខ្មែរ​នៅ​តំបន់​ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០០៩​នេះ៕