ទាហាន​ថៃ​ចូល​កាន់​កាប់​ប្រាសាទ​តាមាន់​

កាល​ពី​ព្រឹក​ថ្ងៃ​៦ កុម្ភៈ កង​ទាហាន​ខ្មែរ​ប្រចាំ​ការ​នៅ​តំបន់​ប្រាសាទ​តាមាន់ នៅ​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ បាន​រាយ​ការណ៍​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨:៣០​នាទី​ព្រឹក ទាហាន​ថៃ​មួយ​ក្រុម​បាន​លើក​គ្នា​ចូល​មក​កាន់​កាប់​ប្រាសាទ​តាមាន់​សា​ជា​ថ្មី​ដែល​កំពុង​តែ​មាន​ជម្លោះ​ហើយ​បណ្ដេញ​កង​ទាហាន​ខ្មែរ​ឲ្យ​ចាក​ចេញ។

0:00 / 0:00

កង​ទាហាន​ខ្មែរ​ដោយដារ​តែ​មិន​ចង់​ប្រទូសរ៉ាយ​ជាមួយ​នឹង​ការ​បណ្ដេញ​និង​ការ​លើក​គ្នា​មក​របស់​កងទ័ព​ឈុត​ខ្មៅ​ថៃ បាន​នាំ​គ្នា​ចាក​ចេញ ហើយ​ទាហាន​ថៃ​បាន​កាន់​កាប់​ឈរ​លើ​ប្រសាទ​តាមាន់​ជា​ច្រើន​ម៉ោង​រហូត​ដល់​ម៉ោង​២​និង​៣០​នាទី​រសៀល​ទើប​នាំ​គ្នា​ដក​ចេញ​ទៅ​វិញ។ ប៉ុន្តែ​មាន​សេចក្ដី​រាយ​ការណ៍​ត​ទៅ​ទៀត​ថា បន្ទាប់​ពី​ទាហាន​ថៃ​មួយ​ក្រុម​បាន​ចាក​ចេញ​ពី​ប្រាសាទ​តាមាន់​នោះ​មក គឺ​ទាហាន​ថៃ​មួយ​ក្រុម​មាន​គ្នា​ជិត​១០​នាក់ បាន​លើក​គ្នា​ចូល​ទៅ​តាម​ច្រក​ព្រំដែន​មួយ​ទៀត​របស់​ខ្មែរ គឺ​នៅ​ច្រក​ប៉ប្រែក។

ច្រក​ប៉ប្រែក​គឺ​នៅ​ចម្ងាយ​ប្រមាណ​តែ​១​គីឡូម៉ែត្រ​ពី​ប្រាសាទ​តាមាន់​តែប៉ុណ្ណោះ ហើយ​ខណៈ​នោះ​កងទ័ព​ខ្មែរ​បាន​រុនច្រាន​កងទ័ព​ថៃ​ទាំង​នោះ​ឲ្យ​ចាក​ចេញ​ទៅ​វិញ ប៉ុន្តែ​សេចក្ដី​រាយ​ការណ៍​មក​ដល់​រសៀល​ម៉ោង​៤ ថ្ងៃ​៦ កុម្ភៈ​នេះ បាន​ប្រាប់​ថា ស្ថានការណ៍​បាន​ស្ងប់ស្ងាត់​ហើយ ប៉ុន្តែ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា អាច​នឹង​មាន​បញ្ហា​កើត​ឡើង​ជា​ថ្មី៕