ប្រាសាទព្រះវិហារត្រូវអង្គការយូណេស្កូទទួលដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីខែកក្កដា ឆ្នាំ២០០៨។ ដោយសារតែបញ្ហានោះហើយទើបមន្ត្រីនៃអង្គការនេះតែងធ្វើដំណើរចេញចូលពិនិត្យប្រាសាទព្រះវិហារខ្មែរដែលថៃកំពុងតែអះអាងថាជាកម្មសិទ្ធិរបស់ខ្លួនដែរនោះ។
មន្ត្រីរដ្ឋាភិបាលថៃបានព្រមានម្ដងទៀតចំពោះអង្គការយូណេស្កូដែលតែងតែធ្វើដំណើរចេញចូលប្រាសាទព្រះវិហារហើយទាក់ទងត្រឹមតែអាជ្ញាធរខ្មែរ។
សេចក្ដីព្រមាននេះបានធ្វើឡើងកាលពីម្សិលមិញតាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក កាស៊ិតភីរុម ៖ "រដ្ឋាភិបាលថៃបានជូនដំណឹងតាមការនិយាយផ្ទាល់មាត់ម្ដងរួចទៅហើយអំពីភាពខ្វល់ខ្វាយរបស់ថៃដែលថា អង្គការយូណេស្កូបញ្ជូនមន្ត្រីរបស់គេចូលទៅក្នុងតំបន់ប្រាសាទព្រះវិហារ។ យើងនឹងបញ្ជូនលិខិតរបស់យើងទៅឲ្យអង្គការយូណេស្កូនៅពេលខាងមុខបន្តិចទៀតនេះ។ យើងបានប្រាប់ទៅអង្គការយូណេស្កូហើយថា យើងត្រូវការដំណើរការមួយដែលមានតម្លាភាពក្នុងពេលដែលពួកគេធ្វើកិច្ចការនេះ ដោយសារតែថៃជាប្រទេសសមាជិកមួយរបស់យូណេស្កូ ហើយយូណេស្កូក៏មានការិយាល័យនៅក្នុងប្រទេសថៃនេះផងដែរ។ ប្រសិនបើយូណេស្កូចង់ធ្វើដំណើរចូលទៅក្នុងតំបន់ព្រះវិហារនោះ គេត្រូវតែគោរពអធិបតេយ្យភាពជាតិថៃផងដែរ ហើយត្រូវតែឲ្យថៃដឹងថាតើពួកគេមានគម្រោងធ្វើអ្វីខ្លះនៅក្នុងតំបន់ប្រាសាទព្រះវិហារនោះ"។
លោករដ្ឋមន្ត្រីក្រសួងការបរទេសថៃបានថ្លែងថា គេនឹងជូនដំណឹងអំពីបញ្ហានេះទៅកាន់គ្រប់ការិយាល័យយូណេស្កូទាំងនៅភ្នំពេញ នៅប៉ារីស ប្រទេសបារាំង និងនៅក្នុងក្រុងបាងកកនោះផងដែរ។
ប្រសាសន៍ព្រមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃនៅមិនទាន់មានប្រតិកម្មពីការិយាល័យកណ្ដាលនៃអង្គការយូណេស្កូនោះនៅឡើយទេ ប៉ុន្តែអគ្គលេខាធិការគណៈកម្មាធិការជាតិយូណេស្កូរបស់កម្ពុជា លោកស្រី តាន់ ធានី បានមានប្រសាសន៍ឆ្លើយតបមកវិញយ៉ាងនេះថា ៖ «រឿងនេះបើគេនិយាយថា មន្ត្រីរបស់យូណេស្កូទុកឲ្យយូណេស្កូអង្គការសហប្រជាជាតិមានប្រតិកម្ម។ ប៉ុន្តែខ្ញុំដឹងហើយគេមានប្រតិកម្មរួចហើយ គេថាគេអត់មានទៅចូលប្រទេសថៃធ្វើអីទេ គេអត់មានត្រូវការ គេចូលតែព្រះវិហាររបស់កម្ពុជា គេធ្វើការតែជាមួយកម្ពុជា។ ដូច្នេះគេអត់មានពាក់ព័ន្ធអីជាមួយនឹងថៃ ព្រោះខ្ញុំទើបតែមកពីប៉ារីស ខ្ញុំបានស្ទង់ស្ទាបសួរបញ្ហាហ្នឹងដែរ។ សរសេរសំបុត្រទៅ ...ឲ្យគេជូនដំណឹង គេថាគេនឹងជូនដំណឹងនៅក្នុងក្របខ័ណ្ឌនៃសមត្ថកិច្ចរបស់គេ អាហ្នឹងខ្ញុំបានដឹង»។
ប្រសាសន៍ព្រមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃគឺនៅក្រោយដែលមានក្រុមមន្ត្រីអង្គការយូណេស្កូជាបន្តបន្ទាប់បានធ្វើដំណើរចេញចូលទៅក្នុងតំបន់បរិវេណប្រាសាទព្រះវិហារ ក្រោយពេលដែលប្រាសាទព្រះវិហារនេះត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨កន្លងមក ហើយចាប់តាំងពីមានការដាក់បញ្ចូលនោះមកប្រទេសថៃក៏ចាប់ផ្ដើមបង្កហេតុជាមួយនឹងកម្ពុជាដោយការបញ្ជូនទ័ពទៅប្រឈមមុខនឹងទាហានខ្មែរនៅតំបន់នោះ ពីព្រោះតែរដ្ឋាភិបាលក្រុងបាងកកបានអះអាងថា ប្រាសាទព្រះវិហារនោះក៏ជាសម្បត្តិរបស់ថៃផងដែរ។
ចាប់តាំងពីពេលនោះមកដែរទាហានខ្មែរនិងទាហានថៃបានប៉ះប្រយុទ្ធគ្នាចំនួនបីដងមកហើយនៅក្នុងតំបន់ក្បែរប្រាសាទព្រះវិហារនោះ៕
