ប្រភពពីមេបញ្ជាការយោធាខ្មែរឲ្យដឹងថា ស្ថានការណ៍ប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃនៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្នុងរឿងជម្លោះព្រំដែន បានស្ងប់ស្ងាត់ និងវិលទៅរកភាពប្រក្រតីវិញ ហើយក្នុងរយៈពេល ៣ ថ្ងៃមកនេះ បន្ទាប់ពីមេបញ្ជាការថ្នាក់យោធភូមិភាគខ្មែរ-ថៃ បានជួបចរចាគ្នាជាថ្មី កាលពីថ្ងៃទី ៤ ខែឧសភា ដើម្បីជំរុញឱ្យស្ថានភាពនៅប្រាសាទតាមាន់ និងប្រាសាទតាក្របីឲ្យវិលត្រឡប់ទៅរកភាពប្រក្រតី និងឱ្យប្រជាពលរដ្ឋស៊ីវិលទាំងសងខាងអាចវិលត្រឡប់ចូលលំនៅតាមព្រំដែនប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងនោះ។
លោកវរសេនីយ៍ឯក នាក់ វង្ស នាយសេនាធិការកងយោធពលខេមរភូមិន្ទនៃកងពលតូចលេខ ៤២ ដែលកំពុងគ្រប់គ្រងយោធាខ្មែរ នៅប្រាសាទតាមាន់ធំមានប្រសាសន៍កាលពីរសៀលថ្ងៃសុក្រទី ៦ ខែឧសភាថា ការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ នៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី បានស្ងប់ស្ងាត់ចំនួន ៣ ថ្ងៃមកនេះ។
មេបញ្ជាការយោធាដដែលមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី ៥ ខែឧសភា គឺទាហានទាំងសងខាងបានលុបចោលលេណដ្ឋានប្រយុទ្ធរៀងៗ ខ្លួន ដើម្បីធានាឲ្យស្ថានការណ៍យោធាដែលធ្លាប់តែប្រយុទ្ធគ្នា វិលទៅរកភាពធម្មតាវិញ។
លោកវរសេនីយ៍ឯក នាក់ វង្ស ៖ «យើងឲ្យលុបអស់ហើយម្សិលមិញ។ សូមជម្រាបឲ្យខ្លីមួយម៉ាត់ សភាពការណ៍លើកចុងក្រោយនេះ គឺស្ងប់ស្ងាត់ដូចមុនថ្ងៃទី ២២ (ខែមេសា) វិញនៅទាំងតាមាន់ទាំងតាក្របី»។
អាជ្ញាធរខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ជនភៀសសឹកចំនួនជាង ២០០ គ្រួសារចុងក្រោយ ដែលមានទីលំនៅជិតៗ ប្រាសាទតាមាន់ ប្រាសាទតាក្របី និងតំបន់ថ្មដូន បានវិលត្រឡប់ទៅកាន់លំនៅរបស់ពួកគេវិញអស់ហើយ បន្ទាប់ពីតំបន់នោះ បានស្ងប់ស្ងាត់ការប្រយុទ្ធគ្នាចំនួន ៣ ថ្ងៃមកនេះ។ ប៉ុន្តែ ទោះយ៉ាងណាក្រុមអ្នកភូមិទាំងនោះនៅតែសម្ដែងភ័យខ្លាច និងព្រួយបារម្ភទៅលើស្ថានការណ៍យោធានៅឡើយ។
បុរសម្នាក់ ដែលជាប្រជាពលរដ្ឋរស់នៅភូមិថ្មដូន ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិចពីប្រាសាទតាក្របី មានប្រសាសន៍ថា អ្នកភូមិរបស់គាត់ទាំងអស់បានចាកចេញពីជំរំជនភៀសសឹកវិលត្រឡប់ទៅដល់លំនៅវិញហើយ។ ប៉ុន្តែអារម្មណ៍ប្រជាពលរដ្ឋខ្មែរទាំងនោះ នៅតែដក់ជាប់ការភ័យខ្លាចចំពោះការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃក្នុងរឿងជម្លោះព្រំដែននៅឡើយ។
អ្នកភូមិ ៖ «គាត់នៅតែខ្លាច។ ឲ្យតែល្ងាចៗ គាត់មកជុំគ្នាហ្នឹងគាត់មិនហ៊ានចេញទៅណាទេ។ គាត់នៅតែក្នុងផ្ទះគាត់មិនហ៊ានចេញទៅរកស៊ីអីផង។ មើលទៅសភាពការណ៍ហ្នឹងវាមិនស្ថិតស្ថេរទេតាមមើល»។
ការឈប់ប្រយុទ្ធគ្នាជាចុងក្រោយរវាងទាហានខ្មែរ និងថៃ បានកើតមានបន្ទាប់ពីការជួបចរចាគ្នារវាងមេបញ្ជាការប្រចាំសមរភូមិ និងមេបញ្ជាការថ្នាក់យោធភូមិភាគខ្មែរ និងថៃចំនួន ២ លើក ក្នុងកិច្ចខិតខំប្រឹងប្រែងឈានទៅដល់ការឈប់បាញ់គ្នាជាស្ថាពរ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ៤ ខែឧសភា លោកឧត្ដមសេនីយ៍ទោ ជា ម៉ន មេបញ្ជាការយោធភូមិភាគទី ៤ របស់កម្ពុជា និងលោកឧត្ដមសេនីយ៍ទោ ថាវ៉ាត់ឆៃ សាមុតសាខន មេបញ្ជាការយោធភូមិភាគទី ២ របស់ថៃ បានជួបចរចាគ្នាជាថ្មីនៅតំបន់អូរស្មាច់ ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នា ៦ ចំណុច ដូចជា ធ្វើឲ្យស្ថានភាពនៅប្រាសាទតាមាន់ និងប្រាសាទតាក្របីវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ ២២ ខែមេសា។ ធ្វើឲ្យស្ថានការណ៍ព្រំដែននៅតំបន់ថ្មដូន និងជប់គគីរ មានទំនាក់ទំនងល្អប្រសើរដូចមុន។ ឱ្យប្រជាពលរដ្ឋវិលចូលលំនៅប្រកបរបរចិញ្ចឹមជីវិតដូចធម្មតា និងបើកច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃ ចំនួន ២ នៅតំបន់អូរស្មាច់ និងនៅជាំសាង៉ាំ ស្រុកអន្លង់វែង ក្នុងខេត្តឧត្តរមានជ័យឡើងវិញ៕
