នេះជាការបិទច្រកព្រំដែនឯកតោភាគីរបស់ថៃ រយៈពេលប្រមាណជា ២ម៉ោង មិនឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ អាចចេញចូលទៅមករកគ្នាបានទេ នៅព្រឹកថ្ងៃសៅរ៍ទី២១ ខែមេសា។
លោក នេត ដារ៉ា ជាប្រធានច្រកទ្វារព្រំដែនអន្តរជាតិ ប្រចាំច្រកជាំសាង៉ាំ បានមានប្រសាសន៍ថា ទាហានឈុតខ្មៅថៃនៃស្រុកភូស៊ីង ខេត្តស៊ីសាកេត បានធ្វើសកម្មភាពបិទច្រកព្រំដែនថៃកាលពីវេលាម៉ោងប្រមាណ ៧ព្រឹក រហូតដល់ម៉ោងជាង៩ ៖ "មូលហេតុដោយសារវាឱ្យយើងដកទង់ជាតិចេញពីកន្លែងទាហានរបស់យើង។ ទង់ជាតិហ្នឹង យើងដាក់យូរឆ្នាំមកហើយ ដល់ពេលវាឃើញចូលឆ្នាំ យើងដោតទង់ជាតិតូចៗ មួយពីរទៀតទៅ វាមកឱ្យយើងដកចេញ បើយើងមិនដកទង់ជាតិចេញទេ វាយកទង់ជាតិមកដាក់ជាមួយយើង។ យើងមិនឱ្យដាក់ ព្រោះនេះជាទឹកដីរបស់យើង។ អ៊ីចឹងវាបិទច្រកមិនឱ្យប្រជាជនវាចេញមក ហើយក្នុងនោះ មានតែទាហានខ្មៅទេ តែខាងគយ ប៉ូលិសអន្តោប្រវេសន៍ថៃ វាអនុញ្ញាតឱ្យចេញចូលធម្មតាទៅណា ប៉ុន្តែទាហានវាបិទខាងក្នុង។ ទាំងជនជាតិថៃ ទាំងជនជាតិយើង គាត់បិទអត់ឱ្យចេញទាំងអស់មួយព្រឹក។ ពីម៉ោង៧ និង៣០នាទី រហូតដល់ម៉ោង៩និង៣០នាទីព្រឹក ទើបបើកឱ្យចេញចូលដូចធម្មតាវិញ"។
លោក វ៉ាត ប៉ារ៉ានីន ជានាយករដ្ឋបាលរបស់សាលាខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា លោកបានទទួលរបាយការណ៍ចំពោះរឿងនោះហើយ ក៏ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយអ្វីទេចំពោះបញ្ហានោះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។