មន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានស្នើទៅមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) ឲ្យចុះទៅស្រាវជ្រាវទីតាំងនិមួយៗ ដែលជាកន្លែងគ្រាប់ផ្លោងធុន Cluster Bombs របស់ទាហានថៃ បានធ្លាក់ឲ្យច្បាស់លាស់ ក្នុងគោលបំណងជាមូលដ្ឋានឲ្យរដ្ឋាភិបាលអាចប្រមូលទិន្នន័យ និងចងក្រងឯកសារផ្លូវច្បាប់ប្ដឹងទៅអង្គការសហប្រជាជាតិនៅពេលឆាប់ៗ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍កាលពីរសៀលថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ថារដ្ឋាភិបាលកំពុងប្រមូលឯកសារដើម្បីបង្ហាញអង្គការសហប្រជាជាតិថា ថៃបានប្រើអាវុធធុនធ្ងន់ប៊ុមប៊ី (Bomby) ដែលពិភពលោកបានហាមឃាត់ ដើម្បីធ្វើសង្គ្រាមប្រឆាំងកម្ពុជា និងបំផ្លាញសម្បត្តិវប្បធម៌នៃបេតិកភណ្ឌពិភពលោកផង។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា រដ្ឋាភិបាលបានឲ្យក្រុមអ្នកជំនាញរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ទៅស្រាវជ្រាវចំពោះគ្រាប់និមួយៗ ដែលថៃបានបាញ់ធ្លាក់នៅតាមកន្លែងជាច្រើន ឲ្យមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ៖ "គ្រាប់ទាំងអស់ហ្នឹងបានប្រទះឃើញនៅតំបន់ប្រាសាទព្រះវិហារ នៅម្តុំភូមិធម្មជាតិសម្ដេចតេជោ ហើយនិងភូមិម្តុំកន្លែងជាប់ជើងភ្នំ។ មិនមែនគ្រាន់តែត្រូវគ្រាប់អាចស្លាប់មួយរំពេចទេ គឺគេបានបាញ់គ្រាប់ប៊ុមប៊ី (Bomby) ហ្នឹង ដើម្បីប្រឆាំងនិងការអភិវឌ្ឍរបស់កម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋស៊ីវិលមិនអាចធ្វើស្រែចម្ការខ្លួនឯងបាន។ នេះជាឧក្រិដ្ឋកម្មទី៣ នៅក្រោយពីការវាយប្រហារ"។
កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមក ទីភ្នាក់ងារព័ត៌មានពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសបានឲ្យដឹងថា ក្រុមគណៈកម្មការអន្តរជាតិចម្រុះ ខាងត្រួតពិនិត្យគ្រាប់រំសេវ បានសំដែងការព្រួយបារម្ភចំពោះការប្រយុទ្ធគ្នារវាងទាហានខ្មែរ-ថៃ ក្នុងរឿងជម្លោះព្រំដែន ហើយមានការចោទប្រកាន់ថាទាហានថៃ បានបាញ់គ្រាប់ផ្លោងធុនក្លាស្ទើប៊ុម (Cluster Bombs) ជាប្រភេទសព្វាវុធដែលស្ថិតនៅក្រោមការហាមឃាត់របស់អន្តរជាតិ ដែលធ្វើឲ្យជនស៊ីវិលមានគ្រោះថ្នាក់ ដែលមិនអាចទទួលយកបាននោះ។
ទោះយ៉ាងណា ប្រទេសថៃបានច្រានចោលការចោទប្រកាន់ ដោយថាទាហានរបស់គេមិនបាន បាញ់គ្រាប់ផ្លោងធុន Cluster Bomb ប្រឆាំងនិងកម្ពុជាទេ។
កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) បានដកស្រង់សំដីលោកវរសេនីយ៍ ជិនណាកា រ៉ាតានាជិតិ (Chinnakaj Rattanajitti) អ្នកនាំពាក្យកងកម្លាំងស៊ូរ៉ាក់ណារីរបស់ថៃ ដែលអះអាងកាលពីថ្ងៃទី១១ ខែកុម្ភៈ ថាការណ៍ដែលចោទប្រកាន់ថា ទាហានថៃបានបាញ់គ្រាប់ Cluster Bombs ដាក់ទាហានកម្ពុជានៅពេលប្រយុទ្ធគ្នានោះ គឺជាការបំផ្លើស និងព័ត៌មានមិនពិត។
មន្ត្រីយោធាថៃបានថ្លែងថា ទាហានថៃបានគោរពតាមច្បាប់យ៉ាងត្រឹមត្រូវ ព្រមទាំងអនុវត្តទៅតាមរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិទៀតផង។
សមាជិកសភាមកពីគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជា លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកនឹងត្រៀមខ្លួនទៅកាន់តំបន់ប្រាសាទព្រះវិហារម្ដងទៀត ប្រសិនបើរដ្ឋសភាត្រូវការរូបលោក ដើម្បីស្វែងរកភស្តុតាងចំពោះគ្រាប់ផ្លោងទាំងនោះឲ្យបានច្បាស់លាស់ ក្នុងការរៀបចំឯកសារប្ដឹងទៅអន្តរជាតិនោះ ៖ "ខ្ញុំស្ម័គ្រចិត្តនឹងទៅម្ដងទៀត បើសិនណាជាត្រូវការឲ្យខ្ញុំរៀបចំប្ដឹងផ្ដល់ទៅ បើសិនណាយើងប្រមូលបានឯកសារគ្រាប់គ្រាន់ជាមូលដ្ឋាន ដែលអាចប្ដឹងគេបាន"។
កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈកន្លងមក លោកឧត្ដមសេនីយ៍ផ្កាយ៤ ហ៊ីង ប៊ុនហ៊ាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងគ្រប់គ្រងយោធាខ្មែរនៅតំបន់ជុំវិញប្រាសាទព្រះវិហារ បានអះអាងប្រាប់គណៈប្រតិភូសភាជាតិមួយក្រុមថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាចំនួន ៤លើក គឺទាហានថៃបានបាញ់គ្រាប់កាំភ្លើងធំធុន១៥៥ មីលីម៉ែត្រ ១៣០ ធុនបេអិម (BM) ហើយម្យ៉ាងទៀត ទាហានថៃបានប្រើក្បាលគ្រាប់ដែលមានជាតិប៊ុមប៊ី (Bomby) ផ្សែងពុលមកលើទាហានកម្ពុជា៕