សេចក្ដីរាយការណ៍ពីកងទ័ពខ្សែត្រៀមជួរមុខប្រាសាទព្រះវិហារ បានអះអាងថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ ហាក់មានសភាពតានតឹង ដោយសារប្រទេសថៃ បានបង្ហាញសព្វាវុធ និងកងទ័ពនៅតាមព្រំដែនដ៏ច្រើនសន្ធឹកសន្ធាប់។
លោក ជា តារា មេបញ្ជាការយោធភូមិភាគ៤ ប្រចាំទិសខេត្តព្រះវិហារ បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែមីនា ថា ការគំរាមបង្ហាញកម្លាំងទ័ព និងសព្វាវុធរបស់ភាគីថៃ នៅតាមព្រំដែន មិនបានធ្វើឲ្យកងទ័ពកម្ពុជា នៅខ្សែត្រៀមជួរមុខព្រឺព្រួច ឬក៏តក់ស្លុតនោះទេ។
លោក ជា តារា បានព្រមានបើកការវាយប្រហារ ប្រសិនកងទ័ពថៃ រំលោភមកឈ្លានពានចូលមកក្នុងបូរណភាពទឹកដីកម្ពុជានោះ ៖ «បង្ហាញអីបង្ហាញទៅ! កងទ័ពកម្ពុជា ការពារទឹកដីខ្លួនឯង។ នរណាចូលមកគឺសិទ្ធិស្វ័យការពារដោះស្រាយហើយ ព្រោះបានបង្ហាញច្រើនថ្ងៃច្រើនខែហើយ»។
កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) ថៃ កាលពីថ្ងៃ៥ ខែមីនា បានដកស្រង់សម្តីមេបញ្ជាការកងទ័ពថៃ មកចុះផ្សាយថា កម្ពុជាបានដាក់ពង្រាយកងទ័ព និងកាំភ្លើងធំបន្ថែមលើកាំជ្រួចហ្វូងដែលមានស្រាប់ នៅតាមតំបន់ប្រាសាទព្រះវិហារ ជាហេតុនាំឲ្យប្រទេសថៃ ដាក់ផែនការបង្ហាញកម្លាំងទ័ព និងសព្វាវុធ ដើម្បីគំរាមកុំឲ្យកងទ័ពកម្ពុជា បើកការវាយប្រហារណាមួយទៅលើប្រទេសថៃ។
យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៥ ខែមីនា បានឲ្យដឹងថា ការឈ្លានពានពីភាគីថៃ មកលើប្រទេសកម្ពុជា គឺមិនអាចបញ្ចប់ភ្លាមទេ ហើយករណីនេះប្រធានអាស៊ាន ក៏បានផ្ញើលិខិតទៅឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ឲ្យបានដឹងឮផងដែរ។ លោកបានសង្កត់ធ្ងន់ថា រាល់កិច្ចប្រជុំទ្វេភាគីណាមួយស្នើដោយភាគីថៃ អាចប្រព្រឹត្តទៅបាន ប៉ុន្តែត្រូវឲ្យប្រទេសឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ។
ទីភ្នាក់ងារសារព័ត៌មានថៃ បានចុះផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) នៅតែទទូចឲ្យកម្ពុជា លើកយកជម្លោះព្រំដែនរវាងប្រទេសទាំងពីរចរចាដោយទ្វេភាគី ប៉ុន្តែជាការឆ្លើយតបមក លោក ហ៊ុន សែន បានព្រមានថា រដ្ឋាភិបាលកម្ពុជា មិនគាំទ្រការចរចាបិទទ្វារទ្វេភាគីតទៅទៀតទេ នឹងបានស្នើឲ្យឥណ្ឌូណេស៊ី ជាភាគីអព្យាក្រឹត្យចូលរួមអង្កេតការណ៍។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ដូច្នេះ ៖ «នែ! កុំមកចរចាបិទទ្វារគំរាម គឺអត់បានទេណា៎! ទៅ! ទៅហ្សាកាតា។ ឥណ្ឌូណេស៊ី កំណត់ពេលអញ្ជើញទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងការពារជាតិទៅប្រជុំនៅទីនោះ។ ប្រធានគណៈកម្មការ និងគណៈកម្មការព្រំដែនប្រជុំនៅទីនោះ ឱ្យឥណ្ឌូណេស៊ី ធ្វើម្ចាស់ផ្ទះ»។
កាលពីថ្ងៃទី៥ ខែមីនា កាសែតបាងកក ប៉ុស្តិ៍ ថៃ បានស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិថៃ និងមេទ័ពជើងគោកថៃ មកចុះផ្សាយថា កម្ពុជាកំពុងរៀបចំបង្កើតឲ្យមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ លើកទី៨ នៅក្នុងខែមីនានេះ ដើម្បីបន្ធូរបន្ថយជម្លោះព្រំដែនប្រទេសទាំងពីរ។ ប៉ុន្តែការអះអាងនេះត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ច្រានចោល។
លោកឧត្ដមសេនីយ៍ ឈុំ សុជាត មន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា មិនមានកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ កើតមាននៅកម្ពុជា ដូចការអះអាងរបស់ថ្នាក់ដឹកនាំថៃនោះទេ។ លោកថា ប្រសិនបើភាគីថៃ ចង់ជួបពិភាក្សាជាមួយកម្ពុជា ប្រទេសថៃ អាចស្នើទៅប្រធានអាស៊ាន ឲ្យកំណត់ពេល និងរៀបចំកិច្ចប្រជុំបាន។
លោក ឈុំ សុជាត បានចាត់ទុកការលើកឡើងរបស់ភាគីថៃ ថា គ្រាន់តែជាលេសដើម្បីពន្យារដំណើរមកដល់របស់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកពិនិត្យមើលបទឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ តែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់កងទ័ពកម្ពុជា បានថ្លែងថា រហូតមកដល់ពេលនេះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ មិនទាន់មានសញ្ញាប្រឈមមុខដាក់គ្នាដោយកម្លាំងទ័ព ឬអាវុធនោះទេ ប៉ុន្តែកងទ័ពខាងភាគីកម្ពុជា បានត្រៀមលក្ខណៈប្រយុទ្ធការពារទឹកដីមិនធ្វេសប្រហែសនោះទេ៕
