ការស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់ប្រទេសចិន និងវៀតណាមរបស់ថៃ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីការពារជាតិថៃ បានស្នើសុំជួបចរចាជាមួយកម្ពុជា ដើម្បីស្វែងរកបទឈប់បាញ់មួយជាបន្ទាន់។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ផ្សាយកាលពីថ្ងៃអង្គារ ទី២៦ មេសា ឲ្យដឹងថា គិតតាំងពីថ្ងៃទី២២ មេសា រហូតដល់ថ្ងៃអង្គារ ទី២៦ មេសា ការវាយប្រហារទ្រង់ទ្រាយធំរវាងកងទ័ពកម្ពុជា និងថៃ បានបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរ ៥.៩០០គ្រួសារ ស្មើនឹង ២៣.៧៤៥នាក់ ភាគច្រើនជាស្ត្រី និងកុមារ បានក្លាយជាជនភៀសសឹក។ ការវាយប្រហារគ្នានេះ ក៏បានបណ្ដាលកងទ័ពនៃប្រទេសទាំងពីរស្លាប់ចំនួន ១៣នាក់។
ក្រោយពីកិច្ចប្រជុំដោយឡែកជាមួយនឹងឯកអគ្គរដ្ឋទូតវៀតណាម និងចិន អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថានី ថងផាក់ឌី (Thani Thongpakdi) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសវៀតណាម និងចិន ជាមិត្តជិតស្និទ្ធនឹងកម្ពុជា ដូច្នោះថៃ បានស្នើសុំឲ្យប្រទេសទាំងពីរជួយស្នើកម្ពុជា បន្តកិច្ចចរចាព្រំដែនជាមួយនឹងថៃ។
លោកបន្តថា ស្ថានភាពបច្ចុប្បន្នមិនបានបណ្ដាលឲ្យផលវិជ្ជមានដល់ប្រទេស និងប្រជាជនថៃទេ ដោយសារប្រជាពលរដ្ឋថៃ ចំនួនពីរខេត្ត ប្រមាណ ៣ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់សង្គ្រាម។
អ្នកនាំពាក្យថៃ បន្តទៀតថា ថៃចង់ឲ្យប្រទេសទាំងពីរបញ្ចុះបញ្ចូលកម្ពុជា ឲ្យវិលទៅរកការចរចាគ្នាវិញ ៖ «ចំពោះឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា លោកនឹងរាយការណ៍ទៅរដ្ឋាភិបាលកណ្ដាលអំពីបញ្ហានេះ និងបានគាំទ្រកិច្ចចរចាទ្វេភាគី។ ប្រទេសចិន មានការរីករាយនៅពេលដែលបានឮថា ថៃចង់ឲ្យមានកិច្ចចរចាជាមួយនឹងកម្ពុជា»។
លោក ថានី ថងផាក់ឌី បន្តទៀតថា ចំណែកឯកអគ្គរដ្ឋទូតវៀតណាម បានគាំទ្រការចរចាទ្វេភាគី ប៉ុន្តែត្រូវមានការសម្រុះសម្រួលពីសំណាក់ប្រធានអាស៊ាន។
កម្ពុជាកាលពីថ្ងៃអង្គារ មិនបានគាំទ្រការស្នើសុំឲ្យមានការចរចាទ្វេភាគីនោះទេ។
សេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា ផ្សាយកាលពីថ្ងៃអង្គារ ទី២៦ បានទាមទារឲ្យថៃ បញ្ឈប់ការរារាំងសហគមន៍អន្តរជាតិ ជាពិសេសឥណ្ឌូណេស៊ី មកតាមដានសង្កេតការណ៍តំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ។
សេចក្ដីប្រកាសព័ត៌មានក៏ស្ដីបន្ទោសឲ្យថៃ ជាអ្នកបង្កឲ្យមានជម្លោះដោយសារខ្លួនមិនព្រមឲ្យមានអ្នកសង្កេតការណ៍ឯករាជ្យ និងមិនលម្អៀង អនុវត្តឲ្យមានប្រសិទ្ធភាពនូវបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ ដោយបានផ្ដួចផ្ដើមដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ កាលពីថ្ងៃអង្គារ បានបោះជំហានថ្មី ដោយបានបង្ហាញការយល់ព្រមទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ប៉ុន្តែលោកបានដាក់លក្ខខណ្ឌថា កងទ័ពកម្ពុជា ត្រូវតែដកចេញពីតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ។
ថៃប្រកាសប្រើកម្លាំងទ័ពបង្ខំកម្ពុជាឲ្យដកទ័ពចេញពីតំបន់ជម្លោះ
ទន្ទឹមគ្នានឹងការស្នើសុំប្រទេសចិន និងវៀតណាម ជួយធ្វើអន្តរាគមន៍ឱ្យកម្ពុជា យល់ព្រមទទួលយកការចរចាទ្វេភាគី ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ គណៈរដ្ឋមន្ត្រីប្រទេសថៃ បានអនុម័តសេចក្ដីសម្រេចចិត្តលើវិធានការបីចំណុច។
វិធានការទី១ គឺប្រកាន់យកការប្រើកម្លាំងយោធា ដើម្បីវាយបង្ខំឱ្យកងទ័ពខ្មែរដកចេញពីតំបន់ជម្លោះ។ ទី២ បន្តប្រើទំនាក់ទំនងការទូត ដើម្បីឱ្យកម្ពុជាវិលចូលមកកាន់តុចរចាជាទ្វេភាគី និងទី៣ គ្រប់ក្រសួងទាំងអស់ត្រូវកែសម្រួលគម្រោងផែនការ និងយន្តការរបស់ខ្លួន ទាក់ទងនឹងរាល់កិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។
កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) រាយការណ៍ថា ខណៈដែលគណៈរដ្ឋមន្ត្រីថៃ កំពុងជួបប្រជុំពិភាក្សា នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាលពីថ្ងៃទី២២ ខែមេសា បានចេញបទបញ្ជាណែនាំដល់ក្រសួងទាំងអស់ ឱ្យពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជា លើគ្រប់វិស័យ។ ក្រសួងណាមួយដែលមិនអាចអនុវត្តតាមសេចក្ដីណែនាំ ចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីគណៈរដ្ឋមន្ត្រី៕