លោក ប្រាក់ សាំ ប្រធានប៉ុស្តិ៍នគរបាលខ្មែរ ប្រចាំច្រកបឹងត្រកួន នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក សួន សុផលមុន្នី កាលពីរសៀលថ្ងៃពុធ ទី១ មិថុនា ថា យន្តហោះថៃហោះចូលដែនអាកាសខ្មែរបន្ទាប់ពីកងសមត្ថកិច្ចថៃមួយក្រុម បានធ្វើដំណើរចុះទៅពិនិត្យទីតាំងដើម្បីសាងសង់ទីស្នាក់ការគយ និងរដ្ឋាករថៃ ដែលឋិតនៅជាប់នឹងច្រកតាបព្រះយ៉ា ទល់មុខច្រកបឹងត្រកួន។
ភាគីអាជ្ញាធរថៃ កន្លងមកនេះបានស្នើសុំភាគីកម្ពុជា ដើម្បីធ្វើការសាងសង់ទីស្នាក់ការគយ និងរដ្ឋាករ និងទីស្នាក់ការនគរបាលអន្តោប្រវេសន៍នៅជាប់ច្រកតាប់ព្រះយ៉ា ស្រុកតាប់ព្រះយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខនឹងច្រកបឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ ប៉ុន្តែសំណើនេះត្រូវបានភាគីកម្ពុជា ច្រានចោល ដោយសារទីតាំងភូមិសាស្ត្រនោះ ស្ថិតនៅត្រង់បង្គោលព្រំដែនលេខ ៣៦ ដែលរដ្ឋាភិបាលប្រទេសទាំងពីរចាត់ថា ជាតំបន់ដែលនៅមិនទាន់បានឯកភាពគ្នាលើការវាស់វែងកំណត់ព្រំដែននៅឡើយ៕