អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន មក​ដល់​ប្រទេស​កម្ពុជា

2009-11-10

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​១០ វិច្ឆិកា វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក។

AFP

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) [ឆ្វេង] ដើរ​ចេញ​ពី​យន្តហោះ​ផ្ទាល់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​យោធា​ភ្នំពេញ នា​ថ្ងៃ​១០ វិច្ឆិកា ២០០៩។

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ដែល​ធ្លាក់​​ពីតំណែង​ដោយ​រដ្ឋប្រហារ​យោធា​កាល​ពី​ឆ្នាំ​២០០៦​នោះ បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​ដោយ​សុវត្ថិភាព​តាម​ជើង​យន្តហោះ​ផ្ទាល់​ខ្លួន នៅ​ថ្ងៃ​១០ វិច្ឆិកា វេលា​ម៉ោង​ប្រមាណ​៩:៤៥​នាទី​ព្រឹក ម៉ោង​នៅ​ប្រទេស​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក បន្ទាប់​ពី​លោក​ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។

ថ្លែង​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា រដ្ឋលេខាធិការ​និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា លោក ថាក់ស៊ីន ត្រូវ​បាន​សាទរ​យ៉ាង​កក់​ក្តៅ​ពី​ប្រជាជន​ក៏​ដូច​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​ជា​ពិសេស​នោះ​នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់​របស់​លោក ថាក់ស៊ីន កម្ពុជា​បាន​រៀបចំ​មុខ​ម្ហូប​ប្រមាណ​៩​មុខ​ជា​ការ​ស្វាគមន៍​ដំណើរ​មក​ដល់​របស់​លោក ថាក់ស៊ីន ដោយ​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់​កិត្តិយស​ចូលរួម​ទទួល​ទាន​អាហារ​ផងដែរ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «ឯកឧត្ដម ថាក់ស៊ីន បាន​មក​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​នេះ​ជា​កិត្តិយស​របស់​កម្ពុជា​ក្នុង​ផ្នែក​សេដ្ឋកិច្ច ហើយ​យើង​សង្ឃឹម​ថា កម្ពុជា​ទូទាំង​ប្រទេស​នឹង​ស្វាគមន៍​លោក​យ៉ាង​កក់ក្ដៅ»

តែ​ទោះ​យ៉ាង​ណា​ក្តី លោក ផៃ ស៊ីផាន មិន​បាន​បញ្ជាក់​តាម​ការ​ជជីក​សួរ​ពី​ក្រុម​អ្នក​កាសែត​ដែល​ចោទ​សួរ​ថា លោក ថាក់ស៊ីន មក​មាន​គ្នា​ប៉ុន្មាន​នាក់ ហើយ​ត្រូវ​ស្នាក់​នៅ​កន្លែង​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា លោក ថាក់ស៊ីន អាច​ស្នាក់​នៅ​កម្ពុជា​ប្រមាណ​៣​ថ្ងៃ ហើយ​បើ​តាម​គម្រោង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ វិច្ឆិកា លោក ថាក់ស៊ីន នឹង​ជួប​ជាមួយ​អ្នក​សេដ្ឋកិច្ច​ចំនួន​៣០០​នាក់​នៅ​ឯ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ធ្វើ​បថកថា​ពី​បញ្ហា​សេដ្ឋកិច្ច​ជា​ការ​បំពេញ​តាម​តួនាទី​របស់​លោក​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តាម​សេចក្តី​រាយការណ៍​ពី​បណ្តាញ​សារព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​បាន​ត្រៀម​សំណុំ​ឯកសារ​រួច​អស់​ហើយ​ដើម្បី​ផ្ញើ​មក​ម្ពុជា ដោយ​សុំ​ឲ្យ​កម្ពុជា​ធ្វើ​បត្យាប័ន ឬ​ភាសា​សាមញ្ញ​ហៅ​ថា​ចាត់ការ​បញ្ជូន​លោក ថាក់ស៊ីន ត្រឡប់​ទៅ​ឲ្យ​ប្រទេស​ថៃ​វិញ ប៉ុន្តែ​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​នៅ​មិន​ទាន់​បាន​ទទួល​ឯកសារ​ស្នើ​សុំ​នោះ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ៖ «យើង​ជឿ​ថា ថៃ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ផ្ញើ​ឯកសារ​ទាំង​ឡាយ​ទាំង​ពួង​ក្នុង​ការ​កោះ​ហៅ​ក្នុង​ការ​សុំ​អ្វី​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធ្វើ ក៏​ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ដែល អាភីស៊ិត បាន​ដក​ទូត​គេ​ទៅ​វិញ ថា​តើ​ក្រដាស​ហ្នឹង​មក​តាម​ផ្លូវ​ណា?»

តែ​ទោះ​យ៉ាង​ណា​ក្ដី ជំហរ​រដ្ឋាភិបាល​កម្ពុជា​គឺ​មិន​ធ្វើ​បត្យាប័ន​លោក ថាក់ស៊ីន ទៅ​ប្រទេស​ថៃ​វិញ​ឡើយ។

ការ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​របស់​លោក ថាក់ស៊ីន ដែល​ជា​ប្រទេស​មួយ​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ ទាំង​ព្រំដែន​គោក​និង​ព្រំដែន​ទឹក​នោះ បាន​ធ្វើ​ឲ្យ​មាន​មតិ​ស្រប​និង​ជំទាស់​កើត​មាន​យ៉ាង​ច្រើន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​និង​ថៃ ហើយ​ការ​មក​ប្រទេស​កម្ពុជា​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ​បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កម្ពុជា​​ថៃ​ដែល​មាន​ស្ថានភាព​មិន​ល្អ​ខាង​ការទូត​នោះ អាច​កាន់​តែ​មាន​ភាព​តានតឹង​ថែម​ទៀត៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

មន្ត្រី​ជាន់​ខ្ពស់៖ កម្ពុជា​មិន​បាន​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឲ្យ​ថាក់ស៊ីន​ទេ

ស្ថានភាព​បក្ស​​ប្រឆាំង​បន្ទាប់​ពី​ប្រធាន​ត្រូវ​ផ្ដន្ទា​ទោស

សម​រង្ស៊ី​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​រក​យុត្តិធម៌

មន្ត្រី​ស.រ.អា.​៖ រាល់​ការ​កាត់​ក្ដី​របស់​តុលាការ​ខ្មែរ​គួរ​ធ្វើ​ឡើង​ឲ្យ​មាន​តម្លាភាព

សម​រង្ស៊ី​នឹង​មិន​ចូល​ស្រុក​បើ​ពលរដ្ឋ​២​នាក់​មិន​ត្រូវ​បាន​ដោះ​លែង

តុលាការ​ខែត្រ​ស្វាយរៀង​កាត់​ទោស​ឲ្យ​សម​រង្ស៊ី​ជាប់​គុក​២​ឆ្នាំ

នាយករដ្ឋមន្រ្តី៖ ទេសចរ​កើន​ឡើង​នៅ​កម្ពុជា​ដោយសារ​ស្ថិរភាព​នយោបាយ​ល្អ

សមរង្ស៊ី​នឹង​រង​ការ​ចោទ​បន្ថែម​បើ​មិន​ឈប់​ផ្សព្វផ្សាយ​ពី​បញ្ហា​ព្រំដែន

ថាក់ស៊ីន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា

មន្រ្តី​បក្ស​សមរង្ស៊ីនៅ​ស្វាយរៀង​ជាប់​ទោស​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន