តុលាការរាជធានីភ្នំពេញបានផ្តន្ទាទោសនិពន្ធនាយកកាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) និងអ្នកយកព័ត៌មានមា្នក់ទៀត ក្រោមបទផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្ត។
អ្នកកាសែតនិងនគរបាលឈរនៅមុខតុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៤ កក្កដា ២០០៩។
តុលាការរាជធានីភ្នំពេញនៅថៃ្ង២២ កញ្ញា បានប្រកាសសាលក្រមផ្តន្ទាទោស លោក ខេវិន ដូល (Kevin Doyle) ជានិពន្ធនាយកនៃកាសែត ឌឹ ឃែមបូឌា ដេលី (The Cambodia Daily) និងអ្នកយកព័ត៌មានមា្នក់ទៀត គឺលោក ណៅ វ៉ាន់ណារិន ដោយផាកពិន័យជាប្រាក់ចំនួនម្នាក់ៗ៤លានរៀល ក្រោមបទផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្ត ប៉ុន្តែតុលាការដដែលបានប្រកាសលើកលែងការចោទប្រកាន់លើលោក ហូ វ៉ាន់ តំណាងរាស្រ្តបក្សសមរង្ស៊ី។
លោក សិន វិសាល ជាចៅក្រមជម្រះក្តីនៃតុលាការសាលាដំបូងរាជធានីភ្នំពេញ បានអានសាលក្រមថា តុលាការផ្តន្ទាទោសលោក ខេវិន ដូល អាយុ៤១ឆ្នាំ និងលោក ណៅ វ៉ាន់ណារិន អាយុ២៦ឆ្នាំ ដោយពិន័យជាប្រាក់ម្នាក់ៗ៤លានរៀលក្រោមបទផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្ត កាលពីថៃ្ងទី២១ ខែមេសា ឆ្នាំ២០០៩កន្លងទៅ។
ចៅក្រមដដែលបានប្រកាសសាលក្រមបន្តទៀតថា តុលាការលើកលែងការចោទប្រកាន់លើលោក ហូ វ៉ាន់ អាយុ៦២ឆ្នាំ ឲ្យរួចផុតពីការចោទប្រកាន់ក្រោមបទបរិហារកេរ្ដិ៍។
លោក ជា ប៉ូច តំណាងរាស្រ្តខាងគណបក្សសមរង្ស៊ី ដែលបានចូលរួមតាមដានស្ដាប់ការប្រកាសសាលក្រមនោះ បានមានប្រសាសន៍នៅខាងក្រៅតុលាការថា លោកមានការពេញចិត្តចំពោះសាលក្រមនេះ។
លោក ជា ប៉ូច បានបញ្ជាក់ថា ៖ «ខ្ញុំយល់ឃើញថាគឺជាការល្អ ហើយឆ្ពោះទៅលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរយើង។ ខ្ញុំអម្បាញ់មិញនេះ ខ្ញុំបានទូរស័ព្ទទៅសហការីដើម្បីប្រាប់ថា បញ្ជូនព័ត៌មានទៅលោក ហូ វ៉ាន់ ភ្លាម ដើម្បីឲ្យលោក ហូ វ៉ាន់ វិលត្រឡប់មកប្រទេសកម្ពុជាវិញ»។
លោក ខេវិន ដូល និពន្ធនាយកនៃកាសែត ឌឹ ឃែមបូឌា ដេលី បានមានប្រសាសន៍ថា លោកគ្មានអត្ថាធិប្បាយអី្វទេជុំវិញរឿងនេះ។
លោក អំ សំអាត ជាប្រធានផែ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលមួយ ហៅកាត់ថា លីកាដូ បានថែ្លងថា ៖ «ឲ្យលោក ហូ វ៉ាន់ រួចខ្លួនពីការចោទប្រកាន់ នេះជាការត្រឹមត្រូវ ហើយមួយទៀតគឺការសម្រេចឲ្យនិពន្ធនាយក ខេមបូឌា ដេលី ក៏ដូចជាអ្នកយកព័ត៌មាន ខេមបូឌា ដេលី ផ្តន្ទាទោសដោយសងជាប្រាក់៤លានរៀលនេះ យើងឃើញថា វាមិនមែនជាភាពយុត្តិធម៌សម្រាប់អ្នកទាំងពីរទេ»។
រីឯលោក ចាន់ សុវ៉េត ជាមន្រ្តីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សអាដហុក បានថែ្លងថា ៖ «ប៉ុន្តែយើងសោកស្ដាយចំពោះការដាក់ពិរុទ្ធ ដាក់ពិន័យទៅលើអ្នកសារព័ត៌មាន នេះជាហេតុមួយធ្វើឲ្យសារព័ត៌មានយើងជួបប្រទះនូវបញ្ហាដែរ។ គួរតែមានការប្រុងប្រយ័ត្នទុកជាមេរៀនមួយសម្រាប់ឲ្យក្រុមអ្នកសារព័ត៌មានយើងត្រូវតែទទួលខុសត្រូវចំពោះបញ្ហាហ្នឹង»។
ការប្រកាសសាលក្រមនេះបានធ្វើឡើងក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញបានបើកការជម្រះក្តីលើសំណុំរឿងនេះ កាលពីថៃ្ងទី៩ ខែកញ្ញាកន្លងទៅនេះ។
សូមជម្រាបថា លោក ហូ វ៉ាន់ តំណាងរាស្រ្តគណបក្សសមរង្ស៊ី បានរងការប្តឹងពីសំណាក់មន្រ្តីយោធាចំនួន២២នាក់ក្រោមបទបរិហារកេរ្តិ៍ ក្រោយពីរូបលោកបានធ្វើអត្ថាធិប្បាយមួយប្រាប់កាសែត ឌឹ ឃែមបូឌា ដេលី កាលពីថៃ្ងទី២០ ខែមេសាកន្លងទៅ ដោយចោទប្រកាន់ថា សញ្ញាបត្រដែលមន្រ្តីយោធាទាំងនោះបានបញ្ចប់ការសិក្សានៅក្នុងប្រទេសវៀតណាម គឺគ្មានតម្លៃនិងគុណភាពទេ។ ក្រោយមកលោកបានសុំទោសពីរឿងនេះ ហើយបានសុំឲ្យមានផ្សាយកែតម្រូវ។
រីឯកាសែត ឌឹ ឃែមបូឌា ដេលី ដែលបានដកស្រង់សម្ដីមកចុះផ្សាយនោះបានរងការប្តឹងផងដែរក្រោមបទផ្សាយព័ត៌មានបរិហារកេរ្តិ៍បន្ត។
ហូ វ៉ាន់ អំពាវនាវឲ្យមានការលើកលែងទោសអ្នកសារព័តមាន
អ្នកតំណាងរាស្រ្ដ ហូ វ៉ាន់ នៃគណបក្សសមរង្ស៊ី បានសម្ដែងសេចក្ដីត្រេកអរ តែក៏បានអំពាវនាវផងដែរឲ្យមានការលើកលែងទោសអ្នកសារព័ត៌មាន។
លោក ហូ វ៉ាន់ បានថ្លែងថា ៖ «ទើបបានដំណឹងពីសេចក្ដីប្រកាសសាលក្រមសាលាដំបូង រាជធានីភ្នំពេញ ក្នុងករណីរបស់ខ្ញុំបាទ នៅឯក្រៅប្រទេសនេះ មានសេចក្ដីត្រេកអរជាអតិបរិមា ហើយក៏សុំបញ្ជាក់ថែមដែរ គឺខ្ញុំពុំបានធ្វើការសុំទោសទេ នោះគឺយើងខ្ញុំធ្វើការកែតម្រូវក្នុងកាសែត ឃែមបូឌា ដេលី ដែលតុលាការសាលាដំបូង យកបញ្ហានេះយកមកវិភាគបានត្រឹមត្រូវ ហើយធ្វើការវិនិច្ឆ័យដោយយុត្តិធម៌។ ប៉ុន្តែខ្ញុំសូមអំពាវនាវដល់តុលាការសាលាដំបូងជួយសម្រួលយ៉ាងណាឲ្យលោក ខេវិញ ដូល និងលោក នៅ វណ្ណារិន កាសែត ខេមបូឌា ដេលី បានរួចខ្លួនដែរ ពីព្រោះគាត់បានកែតម្រូវក្នុងព័ត៌មានរបស់គាត់»។
លោក ហូ វ៉ាន់ ក៏បានបញ្ជាក់ផងដែរថា ក្រោយបានទទួលសាលក្រមនេះហើយ លោកនឹងអញ្ជើញត្រឡប់មកមាតុប្រទេសវិញ៕
ទីភ្នាក់ងារព័ត៌មានកម្ពុជានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ
អ្នកកាសែតជាប់ឃុំម្នាក់បន្តប្ដឹងឧទ្ធរណ៍ក្នុងរឿងក្ដីជាមួយសយសុភាព
មន្រ្តីជាន់ខ្ពស់ខ្មែរខ្វែងគំនិតគ្នាក្នុងការលើកលែងទោស ហង្ស ចក្រា
ព្រះមហាក្សត្រស្នើសុំឲ្យពិនិត្យមើលលទ្ធភាពក្នុងការដោះលែង ហង្ស ចក្រា
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
កាសែតសេរីភាពថ្មីផ្អាកការបោះពុម្ពផ្សាយព្រោះបញ្ហាថវិកា
សង្គមស៊ីវិលអំពាវនាវឲ្យអ្នកកាសែតប្រុងប្រយ័ត្នក្នុងការសរសេរព័ត៌មាន
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនពីបទផ្សាយព័ត៌មានមិនពិត
ក្រុមអ្នកកាសែតជួបពិភាក្សាអំពីក្រមសីលធម៌អ្នកសារព័ត៌មាន