ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​សរសេរ​សៀវភៅ​ស្ដីពី​ការ​ចម្រាញ់​របស់​អង្គការ

អ្នកស្រី គី សុវណ្ណារ៉ា ជា​ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់ ធ្លាប់​ជា​ជន​រងគ្រោះ​ក្នុង​របប​ខ្មែរក្រហម បាន​និពន្ធ​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា “The Sieve of Angkar”” ដែល​មាន​ន័យ​ថា «ការ​ចម្រាញ់​របស់​អង្គការ» ដែល​រៀបរាប់​អំពី​ខ្សែ​ជីវិត​ពិត​របស់​អ្នកស្រី នៅ​ក្នុង​របប​ខ្មែរក្រហម។

គោលបំណង​នៃ​សៀវភៅ​នេះ គឺ​ដើម្បី​ទុក​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​រៀន​សូត្រ​ប្រយោជន៍ ដើម្បី​ចៀសវាង​ការ​គ្រប់គ្រង​ប្រទេស​តាម​របៀប​ខ្មែរក្រហម។

ស្រប​ពេល​ដែល​សាលាក្ដី​ខ្មែរក្រហម​កំពុង​ដំណើរការ​នីតិវិធី​កាត់​សេចក្ដី អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​នៅ​កម្ពុជា​សាក្សី និង​ជន​រងគ្រោះ​ជា​ច្រើន​នាក់ បាន​ចេញ​មុខ​ជា​បន្ត​បន្ទាប់ ដើម្បី​រៀបរាប់ និង​បង្ហាញ​ភស្តុតាង​ដល់​តុលាការ​នូវ​ភាព​រងគ្រោះ​របស់​ខ្លួន​ដោយ​របប​ខ្មែរក្រហម។ ទន្ទឹម​នឹង​នេះ ក៏​មាន​អ្នក​ខ្លះ​សរសេរ​ជា​សៀវភៅ​អំពី​បទ​ពិសោធន៍​ជីវិត​របស់​ខ្លួន ដែល​បាន​ឆ្លង​កាត់​ក្នុង​របប​គ្រប់គ្រង​ដោយ​អំពើ​ឃោរឃៅ​នោះ​ផង។

អ្នកស្រី គី សុវណ្ណារ៉ា ដែល​ជា​អ្នក​និពន្ធ​សៀវភៅ “The Sieve of Angkar”” ឬ «ការ​ចម្រាញ់​របស់​អង្គការ» មាន​អាយុ ១៥ ឆ្នាំ​នៅ​ពេល​ប្រទេស​កម្ពុជា​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​ខ្មែរក្រហម ក្នុង​ឆ្នាំ ១៩៧៥។ នៅ​ក្រោយ​ថ្ងៃ​រំដោះ អ្នកស្រី​ត្រូវ​បាន​អង្គការ​បញ្ជូន​ទៅ​ធ្វើ​ការ​តាម​កង​ចល័ត​ច្រូត​ស្រូវ នៅ​ក្នុង​តំបន់​មួយ​នា​ខេត្ត​ពោធិ៍សាត់។

ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ មាន​ព្រឹត្តិការណ៍​ជូរ​ចត់​ជា​ច្រើន ដែល​អ្នកស្រី​មិន​អាច​បំភ្លេច​បាន។ អ្នកស្រី​បាន​រំលឹក​ឡើងវិញ​នូវ​ពេល​វេលា​មួយ ដែល​អ្នកស្រី​ត្រូវ​រង​ការ​ចោទ​អំពី​ចោរកម្ម ៖ «គេ​ថា​ខ្ញុំ​លួច​ស្រូវ ហើយ​ក៏​យក​ខ្ញុំ​ទៅ​ជំរំ​អប់រំ ដែល​ភាគ​ច្រើន​តែ​ចូល​ទៅ​ស្លាប់​ហើយ ចេញ​មិន​រួច​ទេ។ ពេល​នោះ​គេ​យក​មនុស្ស​ពីរ​នាក់​មក​ឲ្យ​យើង​មើល​ធ្វើ​ជា​គំរូ។ គេ​សម្លាប់​នៅ​មុខ​យើង។ គេ​ហៅ​កង​ក្រុម​ភូមិ​ផ្សេងៗ អង្គុយ​ជុំ​គ្នា ហើយ​គេ​សម្លាប់។ គេ​សម្លាប់​ស្រី​ម្នាក់​ប្រុស​ម្នាក់។ គេ​វ៉ៃ​ដោយ​យក​ខ្នង​ចប​កាប់​វ៉ៃ​ក្បាល ភូសៗ ពី​ក្រោយ។ វ៉ៃ​ហើយ​គេ​យក​កាំបិត​ហ្នឹង​កាត់​វះ​ពោះ​ប្រុស​ហ្នឹង យក​ថ្លើម​ពោះវៀន ដូច​ជា​ប្រមាត់​បន្តិច​ចេញ ហើយ​ស្រី​ហ្នឹង​គេ​កាត់​ដោះ។ ខ្ញុំ​មើល​ហើយ​ខ្ញុំ​ភ័យ ព្រោះ​ខ្ញុំ​ហ្នឹង គេ​ចោទ​ថា ខ្ញុំ​អ្នក​លួច​ដែរ។ ខ្ញុំ​ចង់​បិទ​ភ្នែក តែ​មិន​ហ៊ាន​ព្រោះ​គេ​ហាម ឲ្យ​បើក​ភ្នែក​មើល ដើម្បី​ថា ជា​គំរូ។ ប្រសិន​បើ​យើង​ធ្វើ​ដូច​ហ្នឹង នឹង​ស្លាប់​ដូច​គេ​ដែរ»។

អ្នកស្រី​បន្ថែម​ទៀត​ថា គោលបំណង​នៃ​ការ​សរសេរ​សៀវភៅ​នេះ គឺ​ដើម្បី​ទុក​ឲ្យ​ក្រុម​គ្រួសារ​ញាតិ​មិត្ត និង​មនុស្ស​ជំនាន់​ក្រោយ​ដឹង​ពី​ការ​ពិត ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​សម័យ​នោះ ៖ «ចាស៎ ខ្ញុំ​ចង់​សរសេរ​សៀវភៅ​នេះ​ទុក​យូរ​ហើយ ព្រោះ​ចង់​តំណាង​ឲ្យ​បង​ប្អូន​គ្រួសារ​ខ្ញុំ ដែល​បាន​ស្លាប់​ទៅ ដែល​អត់​បាន​ពាក្យ​ឲ្យ​ដឹង​ថា​ខ្ញុំ​ហ្នឹង​មាន​ជីវិត​ម្ដង​ដែរ។ ព្រោះ​អី​ស្លាប់​កាល​អា ពត ហ្នឹង​អត់​មាន​បញ្ជី ដែល​កត់​ទុក​សម្រាប់​ថា អ្នក​ស្លាប់​ពី​អ្នក​កំណើត អត់​មាន​បញ្ជី​កំណើត​សំបុត្រ​កំណើត ហើយ​បាត់​អស់​ហើយ​អ្វីៗ ជា​ក្រដាស​ស្នាម។ ម្ល៉ោះ​ហើយ​បើ​សិន​ជា​ខ្ញុំ​មិន​សរសេរ​ទេ​បងប្អូន ដែល​ស្លាប់​ទៅ និង​មនុស្ស​ពីរ​លាន​ប្លាយ​នាក់​ស្លាប់​ហ្នឹង អត់​មាន​ឈ្មោះ​ទេ។ បាន​ន័យ​ថា សាប​សូន្យ ដូច​ថា អ្នក​អស់​ហ្នឹង​មិន​ដែល​មាន​ជីវិត​ម្ដង​ណា​ទេ។ ដូច​ជា​ទឹក​សន្សើម​អ៊ីចឹង​តែ​ថ្ងៃ​ចេញ​មក​ហើយ សន្សើម​ហ្នឹង​វា​អស់​ហើយ។ អ្នក​អស់​ហ្នឹង​មិន​ដែល​មាន​នៅ​ក្នុង​សង្គម​យើង? ម៉្លោះ​ហើយ​ខ្ញុំ​ចង់​សរសេរ ចង់​ឲ្យ​អ្នក​មិន​ដែល​ឮ មិន​ដែល​ដឹង បាន​ដឹង​ឮ​អ្នក​អស់​ហ្នឹង ព្រោះ​អី​អ្នក​អស់​ហ្នឹង ស្លាប់​ដោយ​មិន​បាន​ធ្វើ​អី​ខុស​ទេ។ ខ្ញុំ​នៅ​រស់ ម្ល៉ោះ​ហើយ​ខ្ញុំ​សរសេរ​ឲ្យ​អ្នក​អស់​ហ្នឹង ឮ​តាម​ពាក្យ​របស់​ខ្ញុំ​តាម​សៀវភៅ​របស់​ខ្ញុំ»។

សៀវភៅ "The Sieve of Angkar” របស់​អ្នក​ស្រី គី សុវណ្ណរ៉ា បាន​រៀបរាប់​ពី​ជីវិត​របស់​ក្រុម​គ្រួសារ​អ្នកស្រី​នៅ​ពេល​ចេញ​ពី​របប​ខ្មែរក្រហម ដែល​មាន​សមាជិក​ចំនួន ១២ នាក់ ក្នុង​នោះ​មាន​ឪពុក​ម្ដាយ និង​បង​ប្អូន​បង្កើត ១០ នាក់ ហើយ​អ្នក​ស្រី​ជា​កូន​ទី ៥។

សមាជិក​គ្រួសារ​ចំនួន ៩ នាក់​របស់​អ្នកស្រី ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរក្រហម ហើយ​អ្នក​សល់​ពី​ស្លាប់​ក្រោយ​ពី​របប​ខ្មែរក្រហម​មាន​ចំនួន ៣ នាក់។ ក្នុង​នោះ​មាន​រូប​អ្នកស្រី​ផង បាន​ភៀស​ខ្លួន​មក​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រហូត​មក​ដល់​សព្វ​ថ្ងៃ។

អ្នក​អាន​សៀវភៅ "The Sieve of Angkar" ឈ្មោះ ឡរី ម៉ាឆា (Lauri Macha) មាន​ប្រសាសន៍​ថា បន្ទាប់​ពី​អាន​សៀវភៅ​នេះ​មក មាន​អារម្មណ៍​ថា រឿង​ពិត​ពី​ជីវិត​មនុស្ស​ក្នុង​របប​ខ្មែរក្រហម វា​ហួស​ពី​ការ​ស្មាន។ ហើយ​ថា​អ្នក​ស្រី​ធ្លាប់​បាន​អាន​ឯកសារ​រឿង​ខ្មែរក្រហម​ខ្លះ​ដែរ តែ​វា​ខុស​គ្នា​ពី​សៀវភៅ​សរសេរ​ចេញ​ពី​បុគ្គល​គ្រួសារ​ជន​រងគ្រោះ​ម្នាក់៖ «ខ្ញុំ​ប្រទះ​ឃើញ​ថា បាន​អាន​សៀវភៅ​នេះ​មាន​ការ​រញ្ជួយ​ចិត្ត​ខ្លាំង​ណាស់ ហើយ​ជា​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​ពិត​របស់​បុគ្គល​ម្នាក់។ បន្ទាប់​ពី​បាន​អាន​សៀវភៅ​នេះ​មក ខ្ញុំ​គិត​អំពី​ជន​រងគ្រោះ​ទាំង​មូល​ម្នាក់ៗ មាន​រឿង​ជូរ​ចត់​ខុស​គ្នា ហើយ​យល់​ច្បាស់​ថែម​ពី​គ្រួសារ​នីមួយៗ»។

ចំណែក​អ្នក​អាន​ឈ្មោះ Anne បាន​អធិប្បាយ​ថា អ្នកស្រី​ស្ទើរ​តែ​មិន​ជឿ​ថា ហេតុការណ៍ ដែល​កើត​មាន​នៅ​ក្នុង​របប​ខ្មែរក្រហម កើត​មាន​នៅ​ក្នុង​ពិភព​លោក​យើង​ឡើយ។ អំពើ​ឃោរឃៅ​របស់​រដ្ឋ​អំណាច​ខ្មែរក្រហម និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ បាន​ធ្វើ​ឱ្យ​អ្នក​អាន​រូប​នេះ​ស្រក់​ទឹក​ភ្នែក។

អ្នកស្រី គី សុវណ្ណា សម្ដែង​ការ​រីករាយ ដែល​បោះពុម្ព​សៀវភៅ "The Sieve of Angkar” នេះ។ អ្នកស្រី​មាន​មោទនភាព ដែល​បាន​ចូលរួម​បង្ហាញ​ការ​ពិត​អំពី​ជីវិត​ជន​រងគ្រោះ​ពី​របប​ខ្មែរក្រហម ដោយ​បាន​ចងក្រង​ជា​សៀវភៅ​នេះ​ឡើង ក្នុង​នាម​តំណាង​ឲ្យ​គ្រួសារ ដែល​រងគ្រោះ និង​ស្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម។ អ្នកស្រី​ចង់​អោយ​មនុស្ស និង​អ្នក​ដឹកនាំ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ដឹង និង​ដក​ពិសោធន៍​ជា​មេរៀន ដើម្បី​ចៀសវាង​ការ​គ្រប់គ្រង​ប្រទេស​របៀប​ឃោរឃៅ និង​ផ្ដាច់ការ​បែប​នោះ​ទៀត។

សៀវភៅ "The Sieve of Angkar ដែល​មាន​ន័យ​ថា «ការ​ចម្រាញ់​របស់​អង្គការ» មាន​កម្រាស់​ជិត ២០០ ទំព័រ ជា​ភាសា​អង់គ្លេស បាន​បោះពុម្ព​លើក​ដំបូង​នៅ​ចុង​ឆ្នាំ ២០១០។ លោក​អ្នក​អាច​រក​ជាវ​បាន​តាម​អាសយដ្ឋាន www.amazon.com៕