ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ​ជួប​ប្រជុំ​រក​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់

រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ផ្តល់​មូលនិធិ​ប្រមាណ​២៤​លាន​ដុល្លារ ទៅ​ឱ្យ​ប្រទេស​នៃ​អនុ​តំបន់​ទន្លេ​មេគង្គ​ចំនួន​៣ ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់។

0:00 / 0:00

មូលនិធិ​នេះ​សម្រាប់​ទ្រទ្រង់​សកម្មភាព​សុខាភិបាល ក្នុង​ការ​ប្រយុទ្ធ​នឹង​មេរោគ​គ្រុនចាញ់ នៅ​តាម​តំបន់​ព្រំដែន ក្នុង​គម្រោង​កាត់​បន្ថយ​នូវ​អត្រា​អ្នក​ឈឺ និង​ស្លាប់​ដោយ​សារ​ជំងឺ​នេះ ចាប់​ពី​ឆ្នាំ​២០១១ ទៅ​ដល់​ឆ្នាំ​២០១៦។

មន្ត្រី​សុខាភិបាល​មក​ពី​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ​ចំនួន​៣ គឺ​កម្ពុជា ថៃ និង​ភូមា (មីយ៉ាន់ម៉ា) បាន​ជួប​ប្រជុំ​គ្នា​រយៈពេល​២ថ្ងៃ នៅ​ឯ​ខេត្ត​សៀមរាប ដើម្បី​ស្វែងរក​វិធានការ​រួម​គ្នា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ នៅ​តាម​​តំបន់​ព្រំដែន។

កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​សីហា គឺ​ឧបត្ថម្ភ​គម្រោង​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ សហរដ្ឋអាមេរិក (USAID)។

លោក ម៉ម ប៊ុនហេង ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល នៃ​ប្រទេស​កម្ពុជា លោក​បាន​ថ្លែង​ក្នុង​កិច្ច​ជួប​ប្រជុំ​ជាមួយ​បណ្ដា​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ​ថា ប្រទេស​ទាំង​បី ដែល​មាន​ព្រំដែន​ជាប់​គ្នា កំពុង​បង្ហាញ​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់។

លោក​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល នៃ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា ជួស​មុខ​ឱ្យ​ភាគី​កម្ពុជា លោក​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ដោយ​ពេញ​ចិត្ត៖ «មន្ត្រី​សុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ប្រទេស នឹង​រួម​ចំណែក​ជំរុញ​ឱ្យ​កិច្ច​សហ​ប្រតិបត្តិ​ការ​កម្មវិធី​ប្រយុទ្ធ​ជំងឺ​គ្រុនចាញ់ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ និង​មីយ៉ាន់ម៉ា ដំណើរ​ការ​ទៅ​ដោយ​រលូន និង​ទទួល​ជោគជ័យ កាត់​បន្ថយ​នូវ​អត្រា​ឈឺ និង​អត្រា​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​នៅ​តាម​បណ្តោយ​ព្រំដែន ពិសេស​រួម​គ្នា​លុប​បំបាត់​ឱ្យ​បាន​ភាព​ស៊ាំ​នឹង​ថ្នាំ​ប្រឆាំង​គ្រុនចាញ់ នៃ​មេរោគ​គ្រុនចាញ់ នា​ឆ្នាំ​២០១៥»

ប្រទេស​ថៃ ដែល​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​កម្ពុជា ក៏​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​រួម​គ្នា នៅ​តាម​បណ្តោយ​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា និង​មីយ៉ាន់ម៉ា ផង​ដែរ។

លោក​វេជ្ជ​បណ្ឌិត វិឆៃ សាទីម៉ៃ (Wichai Satimai) ជា​ប្រធាន​ការិយាល័យ​ការពារ​ជំងឺ​ឆ្លង​របស់​ប្រទេស​ថៃ លោក​បាន​មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន​នេះ ជំងឺ​គ្រុនចាញ់​នៅ​ក្នុង​ប្រទេស​ថៃ បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ក៏ប៉ុន្តែ ប្រទេស​ថៃ នៅ​តែ​មាន​កង្វល់​ចំពោះ​ជំងឺ​គ្រុនចាញ់ ដែល​កើត​មាន​នៅ​តាម​តំបន់​ជាប់​ព្រំដែន​កម្ពុជា និង​មីយ៉ាន់ម៉ា នៅ​ឡើយ។ បច្ចុប្បន្ន មន្ត្រី​សុខាភិបាល​ថៃ មួយ​ចំនួន កំពុង​ធ្វើ​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ នៅ​ក្នុង​ខេត្ត​ត្រាត ជាប់​នឹង​ព្រំដែន​ខេត្ត​កោះកុង របស់​កម្ពុជា និង​ខេត្ត​មួយ​ចំនួន​ទៀត ដែល​ជាប់​នឹង​ខេត្ត​ប៉ៃលិន។

លោក​វេជ្ជ​បណ្ឌិត វិឆៃ សាទីម៉ៃ៖ «ជា​ការ​ពិត ស្ថាន​ភាព​របស់​ជំងឺ​គ្រុនចាញ់ គឺ​មាន​ច្រើន​នៅ​តំបន់​ព្រៃ ហើយ​តំបន់​តាម​ព្រំដែន​ភាគ​ច្រើន នៅ​មាន​ព្រៃ​ក្រាស់។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ជំងឺ​គ្រុនចាញ់​នៅ​តែ​មាន។ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ឆ្លង​ដែន​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ទៀត ហើយ​ពួក​គេ​ត្រូវ​បាន​សត្វ​មូស ដែល​មាន​មេរោគ​គ្រុនចាញ់​ខាំ ដែល​ធ្វើ​ឱ្យ​ជំងឺ​គ្រុនចាញ់​អាច​ចម្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​យ៉ាង​ងាយ​ស្រួល។ ដោយ​សារ​តែ​វិបត្តិ​នេះ បាន​ធ្វើ​ឱ្យ​នៅ​តាម​ព្រំដែន​ថៃ-កម្ពុជា និង​មីយ៉ាន់ម៉ា នៅ​តែ​មាន​បញ្ហា​នៃ​ជំងឺ​គ្រុនចាញ់»

មន្ត្រី​ក្រសួង​សុខាភិបាល នៃ​ប្រទេស​កម្ពុជា បាន​រំពឹង​ថា ការ​ជួប​ប្រជុំ​នៃ​បណ្ដា​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ នឹង​បាន​ធ្វើ​សហការ​រួម​គ្នា ព្រម​ទាំង​ផ្តល់​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​អំពី​ជំងឺ​គ្រុនចាញ់។

លោក ច ម៉េងជួ ជា​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ នៃ​ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍​ថា ការ​ជួប​ប្រជុំ​គ្នា​រវាង​មន្ត្រី​សុខាភិបាល នៃ​ប្រទេស​អនុ​តំបន់​ទន្លេ​មេគង្គ​នេះ គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង ចំពោះ​វិធានការ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់៖ «ឃើញ​ថា​អាជ្ញាធរ​សុខាភិបាល​ទាំង​អស់​គ្នា ជជែក​គ្នា​ថា នៅ​ពេល​ដែល​ខាង​ណេះ​ទៅ​ខាង​ណោះ ត្រូវ​ធ្វើ​ម៉េច ហើយ​ខាង​ណោះ​មក​ខាង​ណេះ ថៃ​មក​ធ្វើ​ការ​នៅ​ស្រុក​ខ្មែរ ខ្មែរ​ក៏​ទៅ​ខាង​ថៃ ហើយ​ភូមា​ក៏​ឆ្លង​មក​ថៃ ថៃ​ឆ្លង​ភូមា គឺ​ថា​យើង​ជូន​ព័ត៌មាន​នៅ​ស្រុក​ខ្មែរ​ហ្នឹង ទៅ​កន្លែង​ណា​ដែល​គ្រុនចាញ់ ហើយ​បើ​គ្រុនចាញ់ បើ​គាត់​មាន​ការ​សង្ស័យ តើ​គាត់​ត្រូវ​ទៅ​សម្រាក​នៅ​ឯ​ណា? សំខាន់ ដែល​គន្លឹះ គឺ​ថា​ឱ្យ​គាត់​ដឹង​ថា​កន្លែង​ហ្នឹង​គ្រោះ​ថ្នាក់»

ប្រទេស​កម្ពុជា បាន​ចំណាយ​ថវិកា​ជាតិ និង​មូលនិធិ​សកល​ប្រមាណ​ជាង​២០​លាន​ដុល្លារ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ក្នុង​១ឆ្នាំៗ។

មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៧ខែ​ដើម​ឆ្នាំ​២០១២ គឺ​ស្ថានភាព​ជំងឺ​គ្រុនចាញ់​បាន​ថយ​ចុះ មិន​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ។ ក៏ប៉ុន្តែ អ្វី​ដែល​នៅ​តែ​ជា​កង្វល់ គឺ​ភាព​ស៊ាំ​នៃ​មេរោគ​ជា​មួយ​នឹង​ថ្នាំ​ព្យាបាល ដែល​មាន​ការ​កើន​ឡើង​នៅ​ខេត្ត​ប៉ៃលិន។

រយៈពេល​៧ខែ​ដើម​ឆ្នាំ​២០១២ ចំនួន​អ្នក​ជំងឺ​គ្រុនចាញ់ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​៤ម៉ឺន​២ពាន់​នាក់។ ចំនួន​នេះ បាន​ថយ​ចុះ​ប្រមាណ​២៣% បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈពេល​៧ខែ កាល​ពី​ដើម​ឆ្នាំ​២០១១ ដោយ​មាន​អ្នក​កើត​ជំងឺ​គ្រុនចាញ់​ប្រមាណ​៥ម៉ឺន​៥ពាន់​នាក់។

ចំណែក​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនចាញ់ ក្នុង​រយៈពេល​៧ខែ​ដើម​ឆ្នាំ​២០១២ មាន​ចំនួន​៣០​នាក់។ ខេត្ត​ដែល​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ គឺ​ខេត្ត​កំពង់ចាម ចំនួន​៧​នាក់ និង​ខេត្ត​ក្រចេះ ចំនួន​៥​នាក់។

ទោះ​យ៉ាង​ណា មន្ត្រី​ក្រសួង​សុខាភិបាល នៃ​ប្រទេស​កម្ពុជា បាន​ឱ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនចាញ់​រយៈពេល​៧ខែ​ដើម​ឆ្នាំ​២០១២ គឺ​បាន​ថយ​ចុះ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​៧ខែ កាល​ពី​ដើម​ឆ្នាំ​២០១១ ដែល​មាន​អ្នក​ស្លាប់​ចំនួន​៣៥​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។