ទេសចរ​ទៅ​ប្រាសាទ​តាមាន់​ធំ​កើន​ឡើង​នៅ​ដើម​ឆ្នាំ​២០១០

កង​កម្លាំង​ទាហាន​និង​ប៉ូលិស​ការពារ​ព្រំដែន​ខ្មែរ​ដែល​កំពុង​ប្រចាំការ​នៅ​ប្រាសាទ​តាមាន់​ធំ​បាន​អះអាង​ថា ទេសចរ​ក្នុង​ស្រុក​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ប្រាសាទ​តាមាន់​ធំ​ដែល​នៅ​ជាប់​ព្រំដែន​ខ្មែរ​ថៃ​មាន​ចំនួន​កើន​ឡើង​នៅ​ដើម​ឆ្នាំ​២០១០ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៩ បើ​ទោះ​បី​ជា​តំបន់​នោះ​នៅ​មាន​ជម្លោះ​ព្រំដែន​មិន​ទាន់​ដាច់ស្រេច​ជាមួយ​ថៃ​ក៏​ដោយ។

0:00 / 0:00

ពលទោ​នៃ​នគរបាល​ការពារ​ព្រំដែន​ខ្មែរ​មួយ​រូប​ដែល​ប្រចាំការ​នៅ​ប្រាសាទ​តាមាន់​ធំ គឺ​លោក យើង ពាវ បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​មករា ថា ចំនួន​អ្នក​ទេសចរណ៍​ក្នុង​ស្រុក​ដែល​ឡើង​ភ្នំ​ទៅ​ទស្សនា​ប្រាសាទ​បូរាណ​តាមាន់​ធំ បាន​ចាប់ផ្តើម​កើន​ឡើង​នៅ​ខែ​ដំបូង​ឆ្នាំ​នេះ ក៏​ប៉ុន្តែ​អ្នក​ដែល​ទៅ​ទស្សនា​នោះ​មិន​ទាន់​មាន​មក​ពី​ទីក្រុង​ឆ្ងាយៗ​របស់​ប្រទេស​ទេ គឺ​ច្រើន​តែ​ជា​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​និង​មក​ពី​ខេត្ត​មួយចំនួន​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ។

លោក យើង ពាវ បាន​បញ្ជាក់​ថា ៖ «ទេសចរ បើ​មក​ពី​ក្រុងៗ​មិន​សូវ​ឃើញ​ប៉ុន្មាន ម្តងម្កាល​ដែរ។បើ​រឿង​នៅ​ស្រុក​ស្រែ​វា​កើន​ឡើង​ជាង​មុន​មែន។ បើ​រឿង​ថ្ងៃ​មិន​ទៀង​ទេ បើ​ប្រៀបធៀប​វា​អាច​កើន​ឡើង!»

កង​ការពារ​ព្រំដែន​ខ្មែរ​បាន​កត់សម្គាល់​ថា ការ​កើន​ឡើង​នៃ​អ្នក​ទេសចរណ៍​ក្នុង​ស្រុក​បាន​ចាប់ផ្តើម​បន្ទាប់​ពី​ផ្លូវ​ទៅ​កាន់​ប្រាសាទ​តាមាន់ធំ​បាន​ឈូសឆាយ​ស្អាត​និង​ធ្វើ​ដំណើរ​ងាយ​ស្រួល​មិន​ដូច​ពី​មុន។

នាយ​ចំណង់​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ប្រចាំការ​នៅ​ប្រាសាទ​តាមាន់​ជា​រៀងរាល់​ថ្ងៃ គឺ​លោក យូ សាន់ បាន​មាន​ប្រសាសន៍​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ពេល​បច្ចុប្បន្ន​បាន​កើន​ឡើង​លើស​ពី​ឆ្នាំ​មុន ប៉ុន្តែ​ទោះ​យ៉ាង​ណា​លោក​មិន​ទាន់​បញ្ជាក់​ពី​ចំនួន​តួលេខ​បាន​នៅ​ឡើយ​ទេ។

យោធា​ដដែល​បាន​មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​គេ​បាន​ឃើញ​ក្រុម​អ្នក​ទេសចរណ៍​បរទេស​មួយ​ក្រុម​បាន​ឡើង​ទៅ​ទស្សនា​ប្រាសាទ​តាមាន់​ធំ​ជា​លើក​ដំបូង​ដែល​គេ​ពុំ​ធ្លាប់​បាន​ឃើញ​ទាល់តែ​សោះ​ពី​មុន​មក។

កង​ការពារ​ព្រំដែន​ខ្មែរ​ចង់​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​ទៅ​កាន់​តំបន់​នោះ​ច្រើន​ឡើង​ថែម​ទៀត ដោយ​ទាហាន​ខ្មែរ​ជា​អ្នក​ធានា​ការពារ​នូវ​សន្តិសុខ​គ្រប់​យ៉ាង​ចំពោះ​ភ្ញៀវ​ទេសចរណ៍ ៖ «សព្វ​ថ្ងៃ​កើន​ទ្វេ​ជា​បី​ឯ​ណោះ! ពី​ដើម​មិញ​មាន​អ្នក​ណា​មក មាន​តែ​ចៅហ្វាយ​ខេត្ត​គាត់​មក​សួរ​សុខទុក្ខ​នោះ ប៉ុន្តែ​ពីរ​បី​ថ្ងៃ​មុននេះ​ឡាន​ក្រុង​មក​បួន​ប្រាំ។ ឆ្នាំ​នេះ​ច្រើន​ណាស់​មក​ពី​សំឡូត ម៉ាឡៃ កំពង់ចាម។ គាត់​ចេះ​តែ​ខ្លាច ឃើញ​ទាហាន​ថៃ​មក​ច្រូងច្រាង»

កង​ទាហាន​ការពារ​នៅ​ប្រាសាទ​តាមាន់​ធំ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ចុង​ឆ្នាំ​២០០៩​កន្លង​មក ចំនួន​អ្នក​ទេសចរណ៍​ឡើង​ទៅ​ប្រាសាទ​តាមាន់​ធំ​ខែ​ខ្លះ​មាន​ចំនួន​ជាង ៣០០​នាក់ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ចំនួន​អ្នក​ទេសចរណ៍​ចូល​ទស្សនា​ប្រាសាទ​ខាង​ខ្មែរ គឺ​មាន​ចំនួន​តិច​ជាង​ភ្ញៀវ​ដែល​ចូល​មក​ពី​ទឹក​ដី​ថៃ​នៅ​ឡើយ។

ស្ត្រី​ដែល​ជា​គ្រួសារ​ទាហាន​នៅ​តំបន់​ប្រាសាទ​តាមាន់​ធំ​នោះ បាន​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​មាន​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​នោះ​ក៏​ដោយ ក៏​ការ​ចូល​ទស្សនា​មិន​បាន​លក់​សំបុត្រ​ទេ ហើយ​គ្រួសារ​យោធា​នៅ​ទី​នោះ​ក៏​មិន​ទាន់​មាន​ការ​លក់​ដូរ​នំ​ចំណី​ដែល​អាច​ទទួល​បាន​ចំណូល​ពី​ភ្ញៀវ​ទេសចរណ៍​នៅ​ឡើយ​ទេ។

ជំនួយការ​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ឈឹម ស៊ីវុធ បាន​មាន​ប្រសាសន៍​ថា មន្ទីរ​វប្បធម៌​និង​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​រៀបចំ​គម្រោង​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​ធ្វើ​សៀវភៅ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរណ៍ និង​ត្រៀម​ផ្សព្វផ្សាយ​តាម​វិទ្យុ​និង​ទូរទស្សន៍​របស់​ខេត្ត​ដើម្បី​ឲ្យ​ទេសចរណ៍​ទៅ​ទស្សនា​ប្រាសាទ​តាមាន់​ធំ ហើយ​គម្រោង​នឹង​ចាប់ផ្តើម​ដោយ​នៅតែ​រង់ចាំ​ផ្លូវ​ទៅ​កាន់​ប្រាសាទ​នោះ​បាន​ធ្វើ​រួច​រាល់​ប៉ុណ្ណោះ៕