ទេសចរ​បរទេស​មក​កម្ពុជា​កើន​ឡើង​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១០

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ទទួល​កំណើន​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​ចូល​មក​ទស្សនា​កើន​ឡើង​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​២០១០​នេះ បើ​ប្រៀប​រយៈ​ពេល ៦​ខែ​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០០៩ កន្លង​ទៅ។

0:00 / 0:00

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​កក្កដា​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ចូល​មក​ទស្សនា​ប្រទេស​ខ្មែរ​ក្នុង​រយៈ​ពេល ៦​ខែ​ដើមឆ្នាំ​២០១០​នេះ បាន​កើន​ឡើង ១២% បើ​ប្រៀប​ធៀប​ទៅ​នឹង​តួលេខ​​រយៈ​ពេល ៦​ខែ​កាល​ពី​ឆ្នាំ​២០០៩​ ដែល​មាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស ១​លាន​២០​ម៉ឺន​នាក់​នោះ។

លោក ថោង ខុន មាន​ប្រសាសន៍​ដូច្នេះ ៖ «ទីផ្សារ​អាស៊ី​ងើប​ខ្ពស់​ជាង​គេ ចិន​កើន​ឡើង​ជិត ៤០% កូរ៉េ​ជិត ៤០% ជប៉ុន​ដែល​ធ្លាប់​កើន​តិច ក៏​កើន​ដល់​ទៅ ៧%​ដែរ ហើយ​នៅ​ក្បែរ​យើង​នេះ វៀតណាម​ក៏​កើន ៤០%​ជាង​ដែរ។ ដោយ​ឡែក​នៅ​ខាង​អឺរ៉ុប​នោះ មិន​ទាន់​មាន​កំណើន​ច្រើន​ទេ ប៉ុន្តែ​ចំនួន​ហ្នឹង​នៅ​តែ​រក្សា​ស្ថិរភាព​ដដែល ​​ដោយសារ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប​ហ្នឹង​ក៏​វា​មិន​ទាន់​ងើប​ឡើង​ល្អ​ដែរ​ទេ»

លោក​រដ្ឋមន្ត្រី ថោង ខុន បាន​មាន​ប្រសាសន៍​ថា មុន​ពេល​ដែល​កើត​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ប្រទេស​ខ្មែរ​ធ្លាប់​បាន​ទទួល​កំណើន​ទេសចរណ៍​បរទេស​​ចន្លោះ​ពី ១៥ ទៅ ២០% ប៉ុន្តែ​នៅ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក វា​បាន​ប៉ះពាល់​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​កំណើន​ទេសចរ​ដែរ ហើយ​ពេល​បច្ចុប្បន្ន​នេះ បន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ធូរ​ស្រាល​​កំណើន​ទេសចរ​ក៏​ងើប​ឡើង​វិញ។

លោក ថោង ខុន បាន​រំពឹង​ថា រហូត​ដល់​ចុង​ឆ្នាំ​២០១០​នេះ កម្ពុជា​អាច​នឹង​ទទួល​បាន​ចំនួន​ទេសចរ​បរទេស​ប្រមាណ ២​លាន​៤​សែន​នាក់។

លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​​ទេសចរណ៍​ឯកជន បាន​ទទួល​ស្គាល់​ថា រយៈ​ពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ តាម​តួលេខ​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​មក​កាន់​កម្ពុជា មាន​ការ​កើន​ឡើង​មែន​ ក៏​ប៉ុន្តែ​លោក​បាន​មើល​ឃើញ​ថា ចំណូល​ទេសចរណ៍​មួយ​ចំនួន​បាន​ធ្លុះ​ធ្លាយ​​ទៅ​លើ​ដៃ​អ្នក​វិនិយោគ​ទុន​បរទេស​ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​ប្រជាពលរដ្ឋ​ខ្មែរ​បាត់​បង់​ឱកាស​ក្នុង​ការ​ទទួល​បាន​កម្រៃ​ពី​វិស័យ​ទេសចរណ៍​នោះ។

លោក ហូ វណ្ឌី បាន​មាន​ប្រសាសន៍​ថា អ្នក​វិនិយោគ​ក្នុង​ស្រុក​ចង់​ឃើញ​រដ្ឋាភិបាល​ខ្មែរ​ទប់​ស្កាត់​ការ​បើក​ចំហ​ភាព​​ទូលាយ កុំ​ឲ្យ​ឱកាស​ដល់​អ្នក​វិនិយោគ​ទុន​បរទេស​ងាយ​ស្រួល​ក្នុង​ការ​ប្រកប​របរ​ពី​សេវាកម្ម​ទេសចរណ៍​របស់​​ប្រទេស​ខ្មែរ​នោះ​ពេក។

លោក ហូ វណ្ឌី មាន​ប្រសាសន៍​ដូច្នេះ ៖ «មាន​ក្រុម​បរទេស​មួយ​ចំនួន​ហ្នឹង ឆក់​យក​ឱកាស​មាស​ឱកាស​ប្រាក់​របស់​កម្ពុជា​យើង ដោយ​គេ​ត្រឹមតែ​បង្កើត​នូវ​វ៉ឹបសៃថ៍ (Website) គេ​អាច​ទទួល​បាន​សេវាកម្ម​នេះ​ដោយ​មិន​បាន​ឆ្លង​កាត់ មិន​បាន​បង់​ពន្ធ​ចូល​មក​កម្ពុជា។ នេះ​ហើយ​គឺ​ជា​ការ​បាត់​បង់​ឱកាស​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​កម្ពុជា។ ទី​២ បាត់​បង់​នូវ​ការ​បង់​ពន្ធ​ជូន​ទៅ​ដល់​រដ្ឋ​ផង​ដែរ»

ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា បាន​ឲ្យ​​ដឹង​ថា ពេញ​មួយ​ឆ្នាំ​២០០៩ ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន ២​លាន​១៥​ម៉ឺន​នាក់ ដែល​បាន​ចំណូល​ថវិកា​ទេសចរណ៍​ជាតិ ១.៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕