ប្រាសាទ​ព្រះវិហារ​ចាប់​ផ្ដើម​ទទួល​ភ្ញៀវ​ទេសចរ​ឡើង​វិញ

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ​បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ប្រាសាទ​ព្រះ​វិហារ ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​២០១១ នេះ អាច​នឹង​មាន​កម្រិត​ធ្លាក់​ចុះ​បើ​ប្រៀប​ធៀប​និង​រយៈ​ពេល ៦​ខែ កាល​ពី​ដើម​ឆ្នាំ​មុន។

ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក និង​បរទេស​បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ខ្នង​ភ្នំ​ដងរែក​ដើម្បី​កម្សាន្ត​នៅ​ប្រាសាទ​ព្រះវិហារ ក្នុង​ទឹក​ដី​ស្រុក​ជាំខ្សាន្ត​វិញ​ហើយ បើ​ទោះ​បី​ជា​នៅ​ជុំវិញ​តំបន់​នោះ​នៅ​តែ​មាន​ជម្លោះ​រ៉ាំរ៉ៃ ដោយ​កង​ទ័ព​ខ្មែរ និង​ថៃ​នៅ​តែ​ប្រឈម​មុខ​ដាក់​គ្នា ប៉ុន្តែ​ការ​ប្រយុទ្ធ​បាន​ស្ងប់ស្ងាត់​ជាង ៤​ខែ​កន្លង​ទៅ​នេះ។

លោក គង់ វិបុល ប្រធាន​មន្ទីរ​ទេសចរណ៍​ប្រចាំ​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​មិថុនា​ថា មាន​ភ្ញៀវ​ទេសចរណ៍​ជា​ហូរហែ បាន​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ បន្ទាប់​ពី​មាន​ការ​អាក់ខាន​មួយ​រយៈ​ពេល​ខ្លី​មក​នេះ ៖ "ឥឡូវ​អត់​អី​ទេ ភ្ញៀវ​ទៅ​មក​ៗ ធម្មតា​រាល់​ថ្ងៃ។ កាល​ពី​យើង​មាន​បញ្ហា​មុន កង​កម្លាំង​នៅ​ហ្នឹង​គ្រាន់​តែ​ឃាត់​ខ្លាច​ឡើង​ទៅ​មាន​បញ្ហា​អី បង្ការ​សន្តិសុខ​នៅ​ទី​នោះ​ពេល​ដែល​យើង​មាន​បញ្ហា​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ក្រោយ​មក​យើង​បើក​ដំណើរ​ការ​ធម្មតា​អត់​មាន​បញ្ហា​អី​ទេ"

ទោះ​យ៉ាង​ណា មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ​បាន​ប៉ាន់​ប្រមាណ​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈ​ពេល ៦​ខែ នៃ​ឆ្នាំ​២០១១ អាច​នឹង​មាន​ការ​ថយ​ចុះ​ជាង​កាល​ពី​ឆ្នាំ​២០១០ ដោយ​សារ​តែ​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ មាន​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​រវាង​ទាហាន​ខ្មែរ-ថៃ បណ្ដាល​ឱ្យ​ប្រាសាទ​ព្រះវិហារ​ទទួល​រង​គ្រាប់​ផ្លោង​របស់​ទាហាន​ថៃ​ជា​ច្រើន​ពាន់​កន្លែង​ទៀត ហើយ​ទាំង​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក និង​អន្តរ​ជាតិ មិន​អាច​ឡើង​ទៅ​ទស្សនា​ប្រាសាទ​នោះ​បាន​មួយ​រយៈ​ពេល​ផង។

មន្ត្រី​ប៉ូលិស​ការ​ពារ​បេតិកភណ្ឌ​មួយ​រូប ដែល​កំពុង​ប្រចាំ​ការ​ពារ​ប្រាសាទ​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​នេះ អ្នក​ទេសចរណ៍​ក្នុង​ស្រុក និង​បរទេស បាន​ចាប់​ផ្ដើម​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ​វិញ ក៏​ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ហាក់​មិន​សូវ​សំបូរ​ដូច​នៅ​មុន​ពេល​ដែល​ទាហាន​ខ្មែរ-ថៃ បើក​ការ​ប្រយុទ្ធ​គ្នា​នោះ​ទេ ៖ "មាន​ចិន​មាន​អី​គេ​មក​ដែរ បារាំង​អី។ ថ្ងៃ​ហ្នឹង​ឃើញ​ចិន​គេ​មក ១​ក្រុម ៣-៤​នាក់​ដែរ មាន Guide (មគ្គុទ្ទេសក៍​ទេសចរណ៍) មាន​អី​ពី​សៀមរាប​យើង​នោះ​ឯង។ ពី​ម្សិល​មិញ​រាង​ច្រើន​ដែរ ប្រហែល​ជា ៣០-៤០​នាក់ អីចឹង​ទៅ"

ទោះ​យ៉ាង​ណា មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះវិហារ​មិន​ទាន់​អាច​បង្ហាញ​តួ​លេខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​២០១១ នេះ​ទេ ដោយ​គេ​អះអាង​ថា គេ​មិន​ទាន់​បាន​សរុប​តួ​លេខ​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ។ កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ ចំនួន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​ព្រះវិហារ មាន​ប្រមាណ​ជាង ៨​ម៉ឺន​នាក់ ហើយ​ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​មាន​ចំនួន​ជិត ២​ម៉ឺន​នាក់៕