មន្ត្រីការទូត មន្ត្រីអង្គការ និងប្រជាពលរដ្ឋជប៉ុនចំនួនប្រមាណ ២០នាក់ និងប្រជាពលរដ្ឋកម្ពុជាមួយចំនួនទៀត សរុបជាង ៥០នាក់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១១ បានប្រមូលផ្ដុំគ្នានៅវត្តឧណ្ណាលោម និងនៅមាត់ទន្លេចតុមុខ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបួងសួង និងឧទ្ទិសកុសលដល់ប្រជាពលរដ្ឋជប៉ុនជាង ១០០០០នាក់ ដែលបានស្លាប់នៅក្នុងគ្រោះធម្មជាតិរញ្ជួយផែនដី និងរលកយក្សស៊ូណាមិ (Tsunami) នៅតំបន់តូហូកូ (Tohoku) នៅប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ កន្លងទៅ។
នៅក្នុងពិធីនោះ គេបានឃើញមានព្រះសង្ឃខ្មែរចំនួន ៥អង្គ លោកតាអាចារ្យម្នាក់ និងប្រជាពលរដ្ឋជប៉ុន និងប្រជាពលរដ្ឋកម្ពុជាបានបួងសួង សូត្រធម៌នមស្ការ និងបង្សុកូលឧទ្ទិសកុសលដល់ប្រជាពលរដ្ឋជប៉ុន ដែលបានស្លាប់នៅក្នុងគ្រោះធម្មជាតិកន្លងមក។
ប្រជាពលរដ្ឋជប៉ុនម្នាក់ ឈ្មោះ ទិហ្សូកា កូជិ (Tezuka Koji) ជាប្រធានគម្រោងនៃសមាគមអ្នកស្ម័គ្រចិត្តជប៉ុន នៅក្នុងប្រទេសកម្ពុជា និងជាអ្នកដឹកនាំឲ្យមានពិធីបួងសួងនេះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅវត្តឧណ្ណាលោមនៅថ្ងៃទី២៧ ខែមីនា ជាភាសាខ្មែរថា លោកពុំមានសមាជិកគ្រួសារ ឬមិត្តភ័ក្ដិស្លាប់ទេ ប៉ុន្តែការបួងសួង ឧទ្ទិសកុសលនេះ គឺជូនដល់គ្រួសារជប៉ុនដទៃទៀតដែលបានរងគ្រោះ ៖ "នេះជាការបួងសួងចំពោះអ្នកទទួលមរណភាពដោយសាររញ្ជួយដី ហើយនិងស៊ូណាមិនៅប្រទេសជប៉ុន នៅភាគខាងត្បូង"។
ក្រៅពីការបួងសួង និងនមស្ការតាមពិធីសាសនាព្រះពុទ្ធ ក្រុមអ្នកស្ម័គ្រចិត្តជនជាតិជប៉ុន បានដាក់តាំងរូបភាពជាច្រើនផ្ទាំងនៅមាត់ទន្លេចតុមុខ អំពីផ្ទះសំបែង និងប្រជាពលរដ្ឋជប៉ុន ដែលបានរងគ្រោះ និងខូចខាតនៅក្នុងគ្រោះធម្មជាតិរលកយក្សស៊ូណាមិ។
គេបានរៀបចំឲ្យមានទិញអាវយឺតក្នុងតម្លៃថោក ដែលសរសេរថា បួងសួងសម្រាប់ប្រទេសជប៉ុន និងបានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរនានា សរសេរលើក្រដាសតូចៗ ដើម្បីសំដែងមតិ និងទឹកចិត្តក្នុងការចែករំលែកទុក្ខដល់គ្រួសារជប៉ុន ដែលរងគ្រោះកន្លងមក និងមានក្រុមភ្លេងកុមារកម្ពុជា លែងភ្លេងនៅក្នុងពិធីនោះផងដែរ។
លោកស្រី មីកូ កាមិម៉ូរ៉ា (Miku Kamimura) ដែលបានដឹកនាំឲ្យមានពិធីនេះ បានមានប្រសាសន៍ជាភាសាខ្មែរថា ពិធីនេះបានរៀបចំធ្វើដោយសារតែមានសំណើជាច្រើនពីមិត្តភ័ក្ដិជនជាតិខ្មែរ ៖ "ដូចជាមិត្តភ័ក្ដិខ្ញុំ ក៏គេបារម្ភអំពីជនជាតិជប៉ុនដែរ។ ដូច្នេះយើងគិតថា យើងត្រូវធ្វើអ្វីមួយដើម្បីទៅជនរងគ្រោះជប៉ុន នៅតំបន់រងគ្រោះ។ យើងឃើញថា មានប្រជាជនកម្ពុជាគេគិតដល់ជនរងគ្រោះជប៉ុនច្រើន"។
ប្រជាពលរដ្ឋកម្ពុជាម្នាក់ ឈ្មោះ រ៉ា វ៉ាន់ អាយុ៤០ឆ្នាំ ដែលរស់នៅទីក្រុងភ្នំពេញ កំពុងតែមើលរូបភាពដាក់តាំងអំពីគ្រួសាររងគ្រោះជនជាតិជប៉ុន បានថ្លែងថា ៖ "មកឃើញទិដ្ឋភាពបែបហ្នឹង គឺមានការរន្ធត់ អាណិតអាសូរដល់ជនជាតិជប៉ុនមែនទែន ខ្ញុំជាខ្មែរ។ ទុក្ខព្រួយ អាណិតអាសូរ យើងជាខ្មែរ"។
ទាក់ទងនឹងរបាយការណ៍គ្រោះថ្នាក់ដោយគ្រោះធម្មជាតិរលកយក្សស៊ូណាមិនៅប្រទេសជប៉ុននេះ របស់ទូរទស្សន៍ ស៊ីអិនអិន (CNN) របស់សហរដ្ឋអាមេរិក បានឲ្យដឹងថារហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន ១០០៣៥នាក់ហើយ។
ចំពោះពិធីរំលែកទុក្ខនេះដែរ កាលពីសប្ដាហ៍ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីរាជការនានាជាច្រើនរយនាក់ បានទៅដាក់កម្រងផ្កានៅឯស្ថានទូតប្រទេសជប៉ុន នៅក្នុងប្រទេសកម្ពុជា ដើម្បីសំដែងមរណទុក្ខក្រៀមក្រំដល់គ្រួសារជប៉ុន ដែលបានស្លាប់កន្លងមក៕